ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ម៉ម សុម៉ាលី​ការពារ​ប្រវត្តិផ្ទាល់​ខ្លួន​និង​ការងារ


លោកស្រី​ម៉ម សុមាលីពេល​មកចូលរួម​កម្មវិធី​នៅ​ទីក្រុងញូយ៉ក
លោកស្រី​ម៉ម សុមាលីពេល​មកចូលរួម​កម្មវិធី​នៅ​ទីក្រុងញូយ៉ក

បន្ទាប់​ពី​នៅ​ស្ងប់​ស្ងៀម​អស់​ជាច្រើន​ខែ​លោកស្រី​ម៉ម សុមាលី ​សកម្មជន​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​ដ៏​ល្បី​ឈ្មោះ​បាន​ចេញ​មុខ​មក​បកស្រាយ​ចំពោះការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ប្រវត្តិ​របស់​ខ្លួន។ លោក​ស្រី ​អះអាង​ថា​លោកស្រី ​មិន​បាន​កុហក​ទេ​ទាក់​ទង​នឹង​ការ​ធ្លាក់​ខ្លួន​ចូល​ក្នុង​របរ​ផ្លូវ​ភេទប៉ុន្តែ​ទទួល​ស្គាល់​ពី​កំហុស​ក្នុង​ការ​ដឹកនាំ​កន្លង​មក​និង​សន្យា​ថា​នឹង​កែប្រែ។

ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការបំភ្លៃ​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោកស្រី ​ម៉ម សុម៉ាលី ​និង​រឿងរ៉ាវ​របស់​ស្ត្រី​រងគ្រោះ​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​សកម្មជន​ប្រឆាំង​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​ដ៏ល្បីកម្រិតអន្តរជាតិ​នេះ​ត្រូវ​បាន​ប៉ះពាល់​និង​ស្ទើរ​តែគំរាម​ដល់​កិច្ច​ខិតខំប្រឹង​ប្រែង​ដទៃ​ទៀត​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។

លោកស្រី​ម៉ម សុម៉ាលី​ត្រូវ​បាន​ទស្សនាវដ្តី​Newsweek ​ចេញផ្សាយ​កាលពី​ខែ​ឧសភា​ហៅ​ថា​ជា​«សម្តេច​សង្ឃ​និង​ជា​អ្នក​សាង​បាប​ក្នុង​ការងារ​ប្រឆាំ​ង​នឹង​ការ​ជួញដូរ​ផ្លូវភេទ»​ដោយ​សារ​តែ​សារព័ត៌មាន​នេះ​អះអាង​ថា​បាន​រក​ឃើញ​ថា​លោកស្រី​បាន​ ប្រឌិត​ប្រវត្តិ​កុមារភាព​និង​មូលហេតុ​នៃ​ការធ្លាក់​ខ្លួន​ក្នុង​របរ​ពេស្សាចារ។

Newsweek បាន​តាម​ដាន​ប្រវត្តិ​លោកស្រី​ដោយ​ជួប​សម្ភាស​ជាមួយ​នឹង​មនុស្ស​ជាច្រើន​រួម​ទាំង​ មិត្ត​ពី​កុមារភាព ​នាយក​សាលា​ និង​វេជ្ជបណ្ឌិត​ឯកទេស​ខាងភ្នែក ​ហើយ​បាន​ទាញ​បញ្ជាក់​ថា​រឿងរ៉ាវ​មួយ​ចំនួន​មិនស៊ីសង្វាក់​គ្នា​នឹងអ្វីដែល​បាន​ផ្សព្វផ្សាយ​ជាផ្លូវ​ការ​ដែល​ថា​លោកស្រី​ជា​ជន​រងគ្រោះ​ពី​អំពើ​ហិង្សា​ ការ​រំលោភ​ផ្លូវ​ភេទ​ និង​ត្រូវ​បង្ខំ​ឱ្យ​បម្រើ​ការ​នៅ​ផ្ទះបន​នោះ​ទេ។

បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​លោក​ស្រី​ម៉ម សុម៉ាលី​ ដែល​ពេល​នេះ​បាន​វិល​មក​ដឹកនាំ​អង្គការ​អាហ្វេស៊ីប​ ដែល​ជាអង្គការ​បាន​ជួយ​សង្គ្រោះ​ស្ត្រី​រងគ្រោះ​ដោយសារ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​បាន​ចេញ​មុខ​មក​វិញ​ដោយ​ថ្លែង​ការពារ​ខ្លួន​និង​ទទួល​ស្គាល់​ការខុស​ឆ្គង​កន្លង​មក​នៅ​ក្នុង​បទសម្ភាសមួយរបស់​វីអូអេ​ក្នុងសប្តាហ៍​នេះ​ថា៖

«ចំពោះ​បញ្ហា​ប្រវត្តិ​របស់​ខ្ញុំ​ ខ្ញុំ​ទទួល​ស្គាល់​ប្រវត្តិ​របស់​ខ្ញុំ​គឺ​ការពិត​ ទីមួយ។ ទីពីរ​ការ​ដឹកនាំ​របស់​ខ្ញុំ​អត់​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ​ដោយ​សារ​ខ្ញុំ​អត់​បាន​រៀន​ជ្រៅជ្រះ​ដូច​គេ។ អញ្ចឹង​ខ្ញុំ​មាន​កំហុស​ច្រើន​នៅ​ក្នុង​ការ​ដឹកនាំ​ដែល​ខ្ញុំ​ត្រូវ​កែ​ប្រែ។ កែប្រែ​ខ្លួន​ឯង​ដែរ។ ទីបី​ទៀត​ខ្ញុំ​ធ្វើការ​ពី​បេះដូង​ពេល​ខ្លះមាន​បញ្ហា​ច្រើន​ជាមួយ​បុគ្គលិក​ដែរ»។​

លោកស្រី​បាន​បន្ថែម​ទៀត​ថា៖

«មិនមាន​មនុស្ស​ស្រី ​ណាម្នាក់​ដែល​គាត់​នៅ ​ទទេៗ​ហើយ​ថា​ ខ្ញុំ​ជា​អ្នកលក់​ខ្លួន​ពីមុន​មក​ទេ​ មិន​អាច​ទេ។ យើ​ងដឹង​ហើយ​ថា​ពាក្យ​ថា​ស្រី​លក់​ខ្លួន​ ស្រី​ខូច​មួយ​មាត់​នេះ​គឺ​ថា​វាធ្វើ​ឱ្យ​កិត្តិយស​គ្រួសារ​អាប់​ឱនហើយ។​ ​ អញ្ចឹង​ខ្ញុំ​សូម​ឱ្យទាំង​អស់​គ្នា​យល់​ពី​ចិត្ត។​ ​ ទីពីរ​អ្នក​ខ្លះ​ដែល​ធ្វើ​ការ​ជាមួយ​ខ្ញុំ​ ដែល​ខ្ញុំ​ទៅ​មើល​តាម​ផ្ទះបន​តាម​បណ្តាញ​ស្រ្តី​រកស៊ី​ផ្លូវ​ភេទ​ ពេល​ខ្លះ​គាត់​អត់​មាន​ជម្រើស។​ ​ អញ្ចឹង​យើង​ចេះ​តែ​ថា​ឱ្យ​គាត់​ស្រី ខូចៗ​ ពាក្យ​ស្រី​ខូច​មួយ​ម៉ាត់​គឺ​នៅ​ក្នុង​ខួរក្បាល​គាត់​ យើ​ងគ្រប់​គ្នា​ម្នាក់​ៗ​នាំ​គ្នា​ឱ្យ​កំហុស​គាត់»។​

ក្នុង​ពេល​ថ្មីៗ​នេះ​ទស្សនាវដ្តី​ Marie Claire ​បាន​ធ្វើ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​មួយ​ទៅ​លើ​អត្ថបទ​របស់​ Newsweek ​ដោយ​ទៅ​តាម​ស្វែង​រក​អ្នក​ដែល​បាន​ផ្តល់​បទសម្ភាស​មុន​ដល់​ Newsweek ហើយ​ទទួល​បាន​សាច់​រឿង​មួយ​ដែល​ខុស​គ្នា។ សូម្បី​មនុស្ស​ដដែល​ដូចជា​លោកថង រួន ​បាន​ប្រាប់Marie Claire​ថា​លោកស្រី​ម៉ម សុមាលី ​គឺ​ជា​«ក្មេង​ស្ងាត់ស្ងៀមនិង​ក្រៀមក្រំ» ក្នុង​ខណៈ​ដែល​លោក​ត្រូវ​បាន​Newsweek ​ដកស្រង់​សម្តី​ថា​ជាក្មេង «សប្បាយ ស្អាត​និង​ចូលចិត្ត​ចងសក់​ទីទុយ»។

អត្ថបទ​របស់​Newsweek បាន​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ ​របស់​លោកស្រី​ម៉ម សុម៉ាលី​ត្រូវ​ប្រឡាក់​ប្រឡូស។​ ​ ប៉ុន្តែ​លោក​ស្រីមិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទេ។​ ​ លោក​ស្រី​បញ្ជាក់​ពី​មូលហេតុ​នោះ​ថា៖​

«សម្រាប់​ខ្ញុំ​ការសំខាន់​ជាងគេ​មិន​មែន​ទៅ​តតាំង​វាយ​ម​នុស្ស​គ្រប់​គ្នា​ទេ។ ហេតុអ្វី ខ្ញុំ​ត្រូវ​ការ​វាយ? តាំងតែ​ពី​កើត​មក​ខ្ញុំ​ត្រូវ​គេ​វាយ​ធ្វើ​បាប​រហូត។ នេះ​ទីមួយ ​ហើយទីពីរ​ខ្ញុំ​គិត​ថា​ប្រជាជន​គេមើល​ហើយ​ថា​តើ​អ្នក​ណា​កុហក​មែនទែន​? អ្នក​ណា​នៅកំពុង​ធ្វើ​ការ​រាល់​ថ្ងៃ? ខ្ញុំ​កំពុង​ធ្វើការ​រាល់​ថ្ងៃ​ជាមួយ​ក្មេងៗ​ហើយ​ខ្ញុំ​អត់​ចង់​ អត់​ចូល​ចិត្ត​កែប្រែ​អ្វី ថា​ខ្លួន​ឯង​ល្អ​ទេ។ ខ្ញុំ​ចង់​ឱ្យ​ប្រជាជន​មើល​ទៅ​បើ​ថា​ល្អ​ក៏​ល្អ​ បើ​មិន​ថា​ល្អ​ក៏ មិន​ធ្វើម៉េច​ទេ​ ខ្ញុំ​មិន​អាច។​ ​ ខ្ញុំ​កើត​មក​មិន​មែន​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ស្រឡាញ់​ខ្ញុំ​ទេ គឺ​ខ្ញុំ​កើត​មក​មាន​ជីវិត​ជួយ​កូនៗ​ដែល​មាន​ជីវិត​ដូច​ខ្ញុំ»។​

តួអង្គ​ដ៏ សំខាន់​មួយ​ទៀត​ដែល​មាន​ភាព​ប្រទាំង​ប្រទើស​គឺ​នាង​ឡុង ប្រុស​ ហៅ​សូ​ ម៉ាណា​ដែល​មាន​សេចក្តីរាយការណ៍​ខុស​គ្នា​ម្តង​ថា​នាង​របួស​ខូច​ភ្នែក​ដោយសារ​ដុំសាច់ដុះ​ក្នុង​ភ្នែក​និង​សេចក្តីរាយការណ៍​កន្លងមក​ថា​គឺ​ដោយ​សារ​មេបន​វាយ។

លោកស្រី​ ម៉ម សុម៉ាលី​នៅ​បន្ត​ការពារ​នាង​ ឡុង ប្រុស​៖

«ភ្នែក​និង​របួស​នៅ ក្នុង​ផ្ទះបន​ត្រង់​ថា​មេបន​គាត់​ចាក់​ឬ​មិន​ចាក់​ប៉ុន្តែ​គាត់​ជា​ជន​រងគ្រោះ។​ ​ ខ្ញុំ​ជាម្តាយ អ្វី​ដែល​ខ្ញុំ​ឱ្យ​គាត់​បាន​គឺ​ក្តី ស្រឡាញ់»។​

លោកស្រី​ម៉ម សុម៉ាលី​បានលាលែង​ចេញ​ពី​មូលនិធិ​ម៉ម សុម៉ាលី ដែល​លោក​ស្រី​បាន​ចូលរួម​បង្កើត​ក្នុង​ឆ្នាំ​២០០៧។ នៅ​ពេល​ដែល​ចោទ​សួរ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​លាលែង​នោះ​លោកស្រី​បញ្ជាក់​ថា៖​

«បញ្ហា​ដែល​ខ្ញុំ​ឈប់​ពី ​មូលនិធិ​ដោយ​សារ​តែ​ខ្ញុំ​មិន​យល់​ស្រប។​ ​ មិន​យល់​ស្រប​ដោយ​សារ​គេ​ថា​ឱ្យ​ខ្ញុំ​ថា​ខ្ញុំ​ទៅធ្វើ​ជា​ស្រី​ពេស្សាចារ​ដោយ​ខ្លួន​ឯង​ផ្ទាល់។ អញ្ចឹង​គេ​អត់​បាន​ថា​ជា​ស្ត្រី​ត្រូវ​គេ​បង្ខំ​ទេ។ អញ្ចឹង​គេ​អត់​បាន​គិត​ពី អារម្មណ៍​របស់​យើង។​ ​ អត់​បាន​ដឹង​ពី​ប្រវត្តិ​របស់យើង​ច្បាស់​ទេ»។

មូលនិធិ​ម៉ម សុម៉ាលី​ដែល​មាន​ស្នាក់​ការ​នៅ​ ទីក្រុង​ញ៉ីវយ៉ក​បាន​បិទជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ទី​៣០​ខែ​កញ្ញា។

លោកស្រី​បញ្ជាក់​ថា​នៅ​មាន​ម្ចាស់​ជំនួយ​មួយ​ចំនួន​ដែល​នៅ​សហរដ្ឋ​អាមេរិក​និង​អូស្រ្តាលី​នៅ​បន្ត​លើក​ទឹក​ចិត្ត​ដល់​គាត់​ឱ្យ​បន្ត​ការងារ​នេះ​តទៅ​ទៀត។

«ខ្ញុំ​សូម​ជម្រាប​លោក​ថា​ជីវិត​ខ្ញុំ​ឆ្លងកាត់​ច្រើន​ណាស់​ ពេល​ខ្លះ​ខ្ញុំ​ពិតជា​ចង់​សុំ​សីល​មែនណា​ ចង់​នៅ ស្ងៀម​ស្ងាត់។​ ​ ខ្ញុំ​ហត់​មែន។ ប៉ុន្តែ​ដោយ​សារ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ ពួកគាត់​បាន​ខ្ញុំ​មាន​ជំហរ​ឈរ​ឡើងវិញ»។​

សម្រាប់​សកម្មជន​ប្រឆាំង​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​រូបនេះ​ការស្ថិតនៅ​ក្នុង​ប្រទេស​ឱ្យ​បាន​ច្រើន​ដើម្បីផ្តោតលើ​ការងារ​ប្រចាំ​ថ្ងៃ​នៅ​អង្គការ​អាហ្វេស៊ីប​ដែល​លោកស្រី​និង​អតីត​ស្វាមី​ជាតិ​បារាំង​បាន​បង្កើត​នៅ ​ឆ្នាំ​១៩៩៦ ​គឺ​ជា​អ្វី​ដែល​លោកស្រី​យល់​ថា​ត្រូវ​កែប្រែដោយ​បាន​រៀន​សូត្រ​ពី​បទពិសោធន៍​កន្លង​មក៕

XS
SM
MD
LG