ប្រទេសកម្ពុជាបានចេញផ្សាយរបាយការណ៍ស្ទង់មតិដែលគាំទ្រដោយអ.ស.ប.អំពីអំពើហិង្សាលើកុមារ ហើយបានរកឃើញថា អំពើរំលោភបំពានភាគច្រើនធ្វើឡើងដោយគ្រួសារ និងមនុស្សពេញវ័យ ដែលជាសាច់ញាតិ។
ការស្ទង់មតិនៅប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីរបស់អ.ស.ប. ស្តីអំពីទំហំនៃអំពើហិង្សាលើកុមារបានរកឃើញថា មានការរំលោភបំពានច្រើនគ្មានការទប់ទល់ ដែលបំពានលើសតិអារម្មណ៍ ផ្លូវភេទ និងរាងកាយរបស់កុមារ ដោយមានជាងពាក់កណ្តាលនៃក្មេងមិនទាន់ពេញវ័យ ត្រូវប្រឈមនឹងអំពើហិង្សាខាងរាងកាយតាមទម្រង់ផ្សេងៗមុនពេលគេមានអាយុ១៨ឆ្នាំ។
ការស្ទង់មតិដែលមានការគាំទ្រដោយរដ្ឋាភិបាលកម្ពុជានេះ បានរកឃើញថា មួយភាគ៤នៃកុមារគឺជាមុខសញ្ញានៃការរំលោភបំពានខាងសតិអារម្មណ៍ ហើយអ្នកបំពានច្រើនតែជាឪពុកម្តាយឬសាច់ញាតិជិតស្និទ្ធ ហើយមាន៥%ទៀត ទាំងប្រុសទាំងស្រី បានរាយការណ៍អំពីការរំលោភផ្លូវភេទពេលនៅជាកុមារ។
អ្នកស្រី Marta Santos Pais អ្នកតំណាងពិសេសរបស់អ.ស.ប.អំពីការរំលោភលើកុមារ និយាយថា ការរកឃើញក្នុងការស្ទង់មតិនេះឆ្លុះបញ្ចាំងពីការដែលក្មេងច្រើនតែនៅស្ងៀម មិនតវ៉ាប្រឆាំងនឹងការបំពាននេះទេ ដែលជាលទ្ធផល វាអាចនឹងបន្តឲ្យមានអំពើហិង្សារហូតដល់ជំនាន់ក្រោយៗទៀត។
«កង្វល់ដ៏សំខាន់មួយគឺថា មានក្មេងស្រីជាង៥០% និងក្មេងប្រុសជាង៩០% និយាយថា គេមានអារម្មណ៍ពិបាកណាស់ក្នុងការនិយាយប្រាប់គេឯងអំពីស្ថានការណ៍នៃអំពើហិង្សានេះ។ គេមិននិយាយប្រាប់អ្នកណាទេ។ គេលាក់ទុកក្នុងចិត្តរបស់គេ ហើយគេមានជំងឺបាក់ស្បាតច្រើនឡើងៗ។ ហើយនេះជាហេតុផលមួយនៃហេតុផលនានា ដែលនៅកន្លែងច្រើនណាស់យើងឃើញមានការបន្តអំពើហិង្សាពីជំនាន់មួយទៅជំនាន់មួយ»។
លទ្ធផលនេះធ្វើឡើងដោយផ្អែកតាមបទសម្ភាសន៍ជាមួយជនជាតិខ្មែរ២៥០០នាក់ អាយុពី១៣ឆ្នាំទៅ២៤ឆ្នាំ។ មន្ត្រីនានានិយាយថា លទ្ធផលនេះគឺជាជំហានធំមួយក្នុងការស្ទង់មតិអំពីទំហំនៃការរំលោភបំពានលើកុមារ និងមនុស្សវ័យក្មេង។
នៅតំបន់អាស៊ី អ្នកស្រី Santos Pais ក៏បានជួបជាមួយរដ្ឋាភិបាលប្រទេសឡាវផងដែរ ដែលកំពុងធ្វើផែនការសកម្មភាពជាតិអំពីអំពើហិង្សាលើស្ត្រីនិងកុមារ។ អ្នកស្រីនិយាយថា ផែនការនេះសង្ឃឹមថា នឹងបានការគាំទ្រពីច្បាប់ថ្មី ដែលបច្ចុប្បន្ននេះកំពុងពិភាក្សានៅសភា ហើយដែលអាចធ្វើឲ្យប្រសើរឡើងនូវការការពារកុមារ។
ស.រ.អា. និងសហភាពអឺរ៉ុបបានធ្វើការសិក្សាអំពីអំពើហិង្សាលើកុមារ ហើយបានចាត់វិធានការតាមនីតិវិធីដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវ ហើយជួយជនរងគ្រោះទប់ទល់នឹងជំងឺបាក់ស្បាត។
អ្នកស្រី Santos Pais និយាយថា ប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងបង្កើនវិធានការដោះស្រាយបញ្ហាទាំងអស់នោះហើយ។
«ដូចនេះយើងឃើញថា លទ្ធផលនេះគឺគ្រាន់តែផ្នែកតូចមួយប៉ុណ្ណោះនៃបញ្ហាដ៏ធំ ដ៏គួរឲ្យភ័យខ្លាច ហើយបញ្ហានេះវាមិនខុសគ្នាទេ ពីតំបន់មួយទៅតំបន់មួយ។ តែនៅក្នុងតំបន់នេះ យើងមានការលើកទឹកចិត្ត ដោយមានកត្តាមួយចំនួនជំរុញទឹកចិត្តយើងគឺប្រទេសភាគច្រើនបំផុតបានយកចិត្តទុកដាក់ច្រើនណាស់នៅក្នុងគោលនយោបាយ ដែលគេកំពុងដាក់ចេញ»។
របាយការណ៍របស់មជ្ឈមណ្ឌលមួយឈ្មោះ Copenhagen Consensus Center ដែលជាអង្គការឯករាជ្យមិនរកកម្រៃ បានវាយតម្លៃថា ការរំលោភបំពានលើកុមារនាំឲ្យខាតបង់ទឹកប្រាក់អស់៣,៦លានលានដុល្លារដែលការបំពានភាគច្រើនកើតមាននៅក្នុងផ្ទះ ហើយតំបន់ដែលជាបន្ទុកនៃការខាតបង់ច្រើនបំផុតគឺតំបន់មជ្ឈឹមបូព៌ា តំបន់អាហ្វ្រិកខាងជើង តំបន់អាស៊ីខាងត្បូងនិងតំបន់សាហារ៉ាអាហ្វ្រិកខាងត្បូង។
ការចំណាយគឺសម្រាប់ការព្យាបាល អន្តរាគមន៍របស់បុគ្គលិកសង្គមកិច្ច សម្រាប់ការស្តារសម្បទាឡើងវិញ និងសម្រាប់សមាហរណកម្មក្មេងមានជំងឺបាក់ស្បាតឲ្យចូលជាមួយសង្គមទូទៅ ឬសម្រាប់ពេលគេជាជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ និងការព្យាបាលដោយពេទ្យ។
ប៉ុន្តែអ្នកស្រី Santos Pais និយាយថា ការស្ទង់មតិទូទាំងសកលលោកអំពីការរំលោភបំពានលើកុមារ នៅក្នុងគ្រួសារ និងនៅតាមសាលារៀននេះចង្អុលបង្ហាញអំពីការងារវែងឆ្ងាយទៀត គឺការស៊ើបអង្កេតអំពីស្ថានការណ៍នេះនៅតាមស្ថាប័ននានា ដែលមានពហុលក្ខណៈ សម្រាប់គាំពារ និងការពារកុមារ ហើយនឹងអ្នកដែលធ្វើការទាក់ទងនឹងប្រព័ន្ធយុត្តិធម៌៕
លោកពិន ស៊ីសុវណ្ណប្រែសម្រួល