ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការកេង​ចំណេញ​ផ្លូវភេទ​លើ​កុមារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​កាន់តែ​ច្រើន​ឡើង

  • Steve Herman

កុមារី​វៀតណាម​ពីរ​នាក់​នេះ ម្នាក់​អាយុ​៨ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១០ឆ្នាំ អង្គុយ​នៅ​លើ​គ្រែ​ក្នុង​ផ្ទះបន​មួយ​នៅ​ក្នុង​ភូមិ​ស្វាយប៉ាក ក្បែរ​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា។

ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ដែល​ទទួល​បន្ទុក​ខាង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ព្រមាន​ថា ទេសចរណ៍​ផ្លូវភេទ​កុមារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវគេ​មើល​ឃើញ​ថា នឹង​កាន់តែ​មាន​សភាព​អាក្រក់​ឡើង​ដោយ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​នៃ​តំបន់​នេះ ត្រូវគេ​រំពឹង​ថា នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

គម្រោង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ី​អាគ្នេយ៍ ត្រូវ​បាន​ផ្សព្វផ្សាយ​ថា ជា​ជំហាន​គន្លឹះ​មួយ ដើម្បី​បង្កើន​ផលិតកម្ម​នៅក្នុង​តំបន់​នេះ និង​ដើម្បី​ឲ្យ​សមស្រប​ទៅ​តាម​សេដ្ឋកិច្ច​សាកល។

របាំង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច ត្រូវបាន​គេ​រំពឹង​ថា នឹង​ត្រូវ​ដក​ចេញ។ ពាណិជ្ជករ​និង​អ្នក​ដែល​មាន​ជំនាញ ត្រូវគេ​រំពឹង​ថា នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ឡើង​ក្នុង​ការឆ្លង​ដែន​ទៅ​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​ដែល​ត្រូវការ​ពួកគេ។

ចំណែក​ឯ​វិស័យ​ទេសចរណ៍​ក៏ត្រូវ​គេ​រំពឹង​ថា នឹង​កើន​ឡើង​ផងដែរ ដោយ​ចំនួន​ទេសចរ​បរទេស​ទៅ​ទស្សនា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ នឹង​កើនទ្វេ​ដង​នៅ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ខាងមុខ​នេះ។

ការណ៍​នេះ ក៏​នាំ​ឲ្យ​មាន​ភាពអវិជ្ជមាន​ផងដែរ នេះ​បើ​តាម​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ប្រឆាំង​នឹង​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម ដែល​ហៅ​កាត់ថា (UNODC)។

នៅក្នុង​របាយការណ៍​ថ្មី​មួយ​ស្តី​អំពី​បទល្មើស​ផ្លូវភេទ​លើ​កុមារ ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ UNODC ឲ្យ​ដឹង​ថា ជនល្មើស​ដែល​បំពាន​លើ​កុមារ នឹង​ឆ្លៀត​ឱកាស​ធ្វើ​សកម្មភាព​ឧក្រិដ្ឋ​របស់​ខ្លួន នៅ​ពេល​ដែល​ចលភាព​កើន​ឡើង និង​ការណ៍​ដែល​អាជ្ញាធរ​បន្ត​អសមត្ថភាព​ក្នុង​ការដោះស្រាយ​ឧក្រិដ្ឋកម្ម​ទាំងនេះ។

លោកស្រី Margaret Akullo ជា​អ្នកសរសេរ​របាយការណ៍​ម្នាក់​ដែល​មាន​ចំណងជើង​ថា «ការពារ​អនាគត៖ ពង្រឹង​ការឆ្លើយតប​ទៅ​នឹង​បទល្មើស​ផ្លូវភេទ​លើ​កុមារ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍» ថ្លែង​ថា៖

«សេដ្ឋកិច្ច​កើនឡើង​ដោយសារ​វិស័យ​ទេសចរណ៍ មិន​អាច​ថា​ជា​ឱកាស​ល្អ​គ្រប់​ពេល​សម្រាប់​មនុស្ស​ម្នា​ដែល​រស់នៅ​ក្នុង​តំបន់​ទេសចរណ៍​ទាំង​នេះ​ទេ។ ដូច្នេះ កុមារ​ដែល​គេ​ឃើញ​រស់នៅ​ក្នុង​តំបន់​នេះ អាច​ត្រូវ​គេ​ជួល​ឲ្យ​ធ្វើការ​នៅក្នុង​តំបន់​ឧស្សាហកម្ម​កំសាន្ត​ទាំងនេះ ឬ កុមារ​ដែល​រស់នៅ ឬ​ធ្វើការ​នៅ​តាម​ផ្លូវ ងាយ​រង​ការបំពាន​ពី​សំណាក់​ទេសចរណ៍​ទាំងនោះ»។

របាយការណ៍​នេះ ដែល​វីអូអេ​បាន​ទទួល​មួយ​ច្បាប់ ក៏ប៉ុន្តែ មិនទាន់​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ឡើយ​នោះ បាន​ឲ្យ​ដឹង​ថា ដើម្បី​បង្ក្រាប​ការកេង​ចំណេញ ផ្នែក​ផ្លូវភេទ​លើ​កុមារ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គេ​ត្រូវការ​ឲ្យ​មាន​ការប្តេជ្ញា​តាម​ទម្រង់​ថ្មី។ របាយការណ៍​នោះ ក៏​កត់សម្គាល់​ដែល​ថា ការធ្វើការ​របស់​ប៉ូលិស​ជា​ប្រពៃណី ដែល​មាន​តិចតួច​ស្រាប់​នៅ​តាមជនបទ​នោះ គឺ​មិន​ដំណើរការ​ទេ។

លោកស្រី Akullo ដែល​ជា​អ្នកសម្របសម្រួល​កម្មវិធី​ម្នាក់​ផងដែរ​នោះ បាន​ប្រាប់ វីអូអេ​ថា ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ UNODC បានធ្វើ​ការស្រាវជ្រាវ​មួយ​លើ​ប៉ូលិស រដ្ឋអាជ្ញា និង​ចៅក្រម​នៅក្នុង​តំបន់​នេះ ដើម្បី​កំណត់​ថា ហេតុអ្វី បាន​ជា​មាន​ជន​ល្មើស​តិចតួច​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​នាំ​មក​ប្រឈម​មុខនឹង​ច្បាប់។

«ឧបសគ្គ​ដ៏​សំខាន់​ដែល​រារាំង​ការនាំ​យក​ជនល្មើស​ដែល​រួមភេទ​ជាមួយ​កុមារ​មក​កាត់ទោស​ឲ្យ​បាន​ដោយ​ជោគជ័យ​នោះ គឺ​ដោយសារ​ការខ្វះ​ការយល់ដឹង ជំនាញ និង​ធនធាន សម្រាប់​ឲ្យ​ប៉ូលិស​អាច​កំណត់​អត្តសញ្ញាណ ស៊ើបអង្កេត និង​កាត់ទោស​ជនល្មើស​បាន​ដោយ​ប្រសិទ្ធភាព»។

បញ្ហា​នេះ កាន់តែ​មាន​ភាពធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត ដោយសារ​ការខ្វះ​ចំណេះ​ដឹង​ក្នុង​ការដោះស្រាយ​ឧក្រិដ្ឋកម្ម​ដែល​ប្រើប្រាស់​កុំព្យូទ័រ។

នៅក្នុង​ប្រទេស​ខ្លះ ដូចជា​ហ្វីលីពីន កុមារ​ដែល​គេ​កេងចំណេញ មាន​ចំនួន​ច្រើន​គួរឲ្យ​កត់សម្គាល់ ដោយ​ជនល្មើស​ឲ្យ​កុមារ​សំដែង​កាយវិការ​រួមភេទ ហើយ​ភ្ញៀវ​ដែល​អាច​មើល​តាម​អ៊ីនធឺណេត​នៅ​ប្រទេស​ផ្សេងៗ​នោះ ជា​អ្នកបង់ប្រាក់។

បញ្ហា​ប្រឈម​មួយ​ទៀត គឺ​អំពើ​ពុករលួយ ហើយ​នៅក្នុង​ករណី​ខ្លះ ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ប្រទេស​ថៃ ដែល​មន្រ្តី​អនុវត្ត​ច្បាប់​ខ្លួន​ឯង ជាប់​ពាក់ព័ន្ធ​នៅ​ក្នុងការ​រក​កុមារ​ឲ្យ​ទេសចរ​ដើម្បី​រួមភេទ ឬ​បាន​ទទួល​សំណូក​ពី​ជនល្មើស ដើម្បី​ឲ្យ​មើល​រំលង​អំពើ​ឧក្រិដ្ឋ​ទាំងនោះ។

របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ UNODC បាន​លើក​សរសើរ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ក្នុងការ​ផ្តួចផ្តើម​កិច្ចសហការណ៍​ក្នុង​តំបន់​ស្តីអំពី ការឃ្លាំមើល​និង​ការរារាំង​ជន​បរទេស​ណា​ដែល​មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ការបំពាន​ផ្លូវភេទ មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន។ ប្រទេស​ទាំងអស់​ខាង​លើ​នេះ ក៏អាច​ប្រើប្រាស់​ទិន្នន័យ​ជា​រូបភាព​នៃ​ជន​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​អន្តរជាតិ ដែល​បាន​បង្កើត​ដោយ​ប៉ូលិស​អន្តរជាតិ​Interpol ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​ទាំង​នោះ​ផងដែរ៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់

XS
SM
MD
LG