ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ថ្លែងថារដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋបាលលោក Trump លើកិច្ចព្រមព្រៀងថ្មីមួយនិងជាកិច្ចព្រមព្រៀងដែលកែតម្រូវពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើងដែលឥឡូវនេះមានឈ្មោះថាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក កាណាដា ឬហៅកាត់ថា USMCA។
កិច្ចព្រមព្រៀងដែលត្រូវបានចរចាអស់រយៈពេលជាងពីរជាងឆ្នាំនេះក៏មានរួមបញ្ជូលប្រទេសកាណាដា និងម៉ិកស៊ិកផងដែរ ដែលកែតម្រូវពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលជាកិច្ចព្រមព្រៀងដើម ត្រូវបានគេស្គាល់ថាកិច្ចព្រមព្រៀង NAFTA។ ការប្រកាសរបស់អ្នកស្រី Pelosi នេះធ្វើឡើងនៅថ្ងៃតែមួយ ដែលសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យប្រកាសបទចោទប្រកាន់ដកតំណែងលោកប្រធានាធិបតី Trump។
បន្ទាប់ពីការចរចាអស់ជាច្រើនខែមក កាលពីថ្ងៃអង្គារអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាបានប្រកាសអំពីការអនុម័តរបស់គណបក្សអ្នកស្រីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
អ្នកស្រី Nancy Pelosi បានបញ្ជាក់ថា៖ «វាជាការពិតមែន។ នេះគឺជាកិច្ចព្រមព្រៀងមួយល្អជាងកិច្ចព្រមព្រៀង NAFTA។ ប៉ុន្តែសម្រាប់លក្ខខណ្ឌដែលយើងបានស្នើដាក់នៅក្នុងកិច្ចព្រមព្រៀងនេះ គឺពិតជាល្អជាងអ្វីដែលបានស្នើដោយរដ្ឋបាលលោក Trump»។
អ្នកស្រី Pelosi បាននិយាយបន្ថែមទៀតថា ជោគជ័យនេះគឺបានមកពីកិច្ចខិតខំរបស់ លោក Richard Neal ប្រធានគណៈកម្មាធិការប្រមូលពន្ធដារនិងប្រាក់ចំណូលនៃរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Massachusetts។
លោក Richard Neal បានថ្លែងថា៖ «នេះគឺជាកិច្ចព្រមព្រៀងដែលត្រូវបានកែតម្រូវ។ ខ្ញុំគិតថានេះគឺជាកិច្ចព្រមព្រៀងគំរូមួយទៅថ្ងៃអនាគត។ យើងបញ្ជាក់ពីជំហរពង្រឹងការអនុវត្តច្បាប់របស់យើងជាប់ជានិច្ច។ យើងបានកែលម្អវា»។
លោក Richard Neal និយាយសំដៅដល់ការពង្រឹងច្បាប់ការងារដើម្បីការពារអ្នកធ្វើការ ដោយបានហៅកិច្ចព្រមព្រៀងថ្មីនេះថា ជាជោគជ័យសម្រាប់សហជីពការងារនិងសម្រាប់មនុស្សផ្សេងទៀត។
លោក Richard Neal បានថ្លែងបន្តថា៖«បើនិយាយដល់លក្ខខណ្ឌនៃសមាជិកក្រុមការងារវិញ ខ្ញុំនឹងនិយាយថា កិច្ចព្រមព្រៀងនេះជួយពង្រឹងបទដ្ឋានការងារ ពង្រឹងបរិយាកាសការងារ និងជួយលើកកម្ពស់យន្តការផ្ទៀងផ្ទាត់សម្រាប់ពាណិជ្ជកម្មដែលមិនបំផ្លាញបរិស្ថាន»។
លោក Isaac Cohen នាយកក្រុមហ៊ុនអភិវឌ្ឍអាជីវកម្មបាននិយាយថាចំណុចមួយដែលគេរិះគន់លើកិច្ចព្រមព្រៀង NAFTA គឺដោយសារតម្លៃពលកម្មទាបនៅក្នុងប្រទេសម៉ិកស៊ិក ធ្វើឲ្យកម្មករអាមេរិកាំងបាត់បង់ការងារ។
លោក Isaac Cohen នាយកក្រុមហ៊ុន Inverway LLC បាននិយាយថា៖ «នេះគឺជាក្តីកង្វល់ជាពិសេសក្នុងចំណោមក្រុមសហជីពនៅក្នុងសហរដ្ឋអាមេរិក ពីព្រោះថាតម្លៃពលកម្មនៅក្នុងប្រទេសម៉ិកស៊ិកទាបជាងសហរដ្ឋអាមេរិក។ ឥឡូវនេះតម្រូវការនានាត្រូវបានកែលម្អ មានន័យថាប្រសិនទំនិញមួយត្រូវបានតំឡើងនៅក្នុងប្រទេសម៉ិកស៊ិក នោះគេត្រូវតែប្រើគ្រឿងបន្លាស់ណាដែលមានរួមបញ្ជូលរោងចក្រដែលឲ្យប្រាក់ឈ្មួលដល់កម្មករជាង១៦ដុល្លារក្នុងមួយម៉ោង»។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋបានលើកឡើងអំពីការប្រកាសកិច្ចព្រមព្រៀងនេះ នៅចំថ្ងៃដែលគណបក្សប្រជាធិបតេយ្យប្រកាសអំពីបទចោទប្រកាន់ដកលោក Trump ចេញពីតំណែងប្រធានាធិបតី ដោយបានរិះគន់អ្នកស្រី Pelosi ថាមិនបានដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះតាំងពីពេលមុន។
លោក Kevin McCarthy មេដឹកនាំសំឡេងភាគតិចខាងគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋសភាបានថ្លែងថា៖ «មិនដល់មួយម៉ោងផងបន្ទាប់ពីប្រកាសបទចោទប្រកាន់ដកតំណែងប្រធានាធិបតី ប្រធានរដ្ឋសភានៅទីបំផុតនិយាយថា អ្នកស្រីនឹងធ្វើការលើកិច្ចព្រមព្រៀង USMCA។ អ្នកស្រីបានទុកចោលកិច្ចព្រមព្រៀងនេះអស់ជាងមួយឆ្នាំមកហើយ ដែលនេះជាទង្វើធ្វើឲ្យអាមេរិកចុះខ្សោយនៅក្នុងការចរចាជាមួយចិន។ ពាណិជ្ជករទីមួយ និងពាណិជ្ជករទីពីររបស់យើងនៅក្នុងប្រទេសម៉ិកស៊ិកនិងកាណាដាត្រូវបានរាំងស្ទះនៅក្នុងកិច្ចព្រមព្រៀងនេះ»។
តំណាងពាណិជ្ជកម្មមកពីប្រទេសទាំងបីបានជួបប្រជុំគ្នានៅក្នុងប្រទេសម៉ិកស៊ិកកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីនេះ។ កិច្ចព្រមព្រៀងនេះនឹងតម្រូវឲ្យមានការអនុម័តពីសភាសហរដ្ឋអាមេរិក មុននឹងអាចដាក់ឲ្យអនុវត្តបាន៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា