ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក និង​កាណាដា​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម បន្ទាប់ពី​ម៉ិកស៊ិក​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ


រូបឯកសារ៖ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ថតរូបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅសេតវិមាន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។

ព្រឹទ្ធសភា​ម៉ិកស៊ិក​បាន​បោះ​ឆ្នោត​ក្នុង​សំឡេង ១១៤ ទល់​នឹង ៤ ដើម្បី​គាំទ្រ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក-ម៉ិកស៊ិក-កាណាដា ទោះបីជា​មាន​ការ​រារែក​ពី​សមាជិក​ព្រឹទ្ធសភា​បែប​សេរី​និយម និង​មាន​ភាព​តានតឹង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​រឿង​អន្តោប្រវេសន៍​ក៏​ដោយ។

មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ព្រឹទ្ធសភា​ប្រទេស​ម៉ិកស៊ិក​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​នឹង​ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​នេះ និង​បញ្ហា​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។

ព្រឹទ្ធសភា​ម៉ិកស៊ិក​បាន​បោះ​ឆ្នោត​ក្នុង​សំឡេង ១១៤ ទល់​នឹង ៤ ដើម្បី​គាំទ្រ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក-ម៉ិកស៊ិក-កាណាដា ទោះបីជា​មាន​ការ​រារែក​ពី​សមាជិក​ព្រឹទ្ធសភា​បែប​សេរី​និយម និង​មាន​ភាព​តានតឹង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​រឿង​អន្តោប្រវេសន៍​ក៏​ដោយ។

ប្រទេស​ម៉ិកស៊ិក​ជា​ប្រទេស​ដំបូង​បង្អស់​ដែល​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​នេះ ដែល​ជា​កិច្ច​ព្រមព្រៀង​ជំនួស​ឲ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វីប​អាមេរិក​ខាង​ជើង​ឆ្នាំ ១៩៩៤ ដែល​ហៅ​កាត់​ថា NAFTA។

កិច្ច​ព្រមព្រៀង​ថ្មី​នេះ​ស្ទើរតែ​ស្រដៀង​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ចាស់។ ប៉ុន្តែ​ចំណុច​ខុស​គ្នា​ចម្បង​មាន​ដូចជា​លក្ខខណ្ឌ​ដែល​បញ្ជាក់​ថា រថយន្ត​ណា​ដែល​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ត្រូវតែ​ផលិត​ឡើង​ដោយ​ប្រើ​គ្រឿង​បន្លាស់​រថយន្ត​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​មុន ហើយ​កសិករ​ផលិត​ទឹកដោះ​គោ​របស់​សហរដ្ឋ​អាមេរិក​នឹង​អាច​លក់​ផលិតផល​ទឹកដោះ​គោ​ទៅ​ឲ្យ​ប្រទេស​កាណាដា​បាន។

សមាជិក​សភា​ម៉ិកស៊ិក​ខ្លះ​ថា លោក Trump បាន​សម្លុត​ប្រទេស​ម៉ិកស៊ិក​ឲ្យ​ឯកភាព​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នេះ ប៉ុន្តែ​ពួកគេ​បោះ​ឆ្នោត​គាំទ្រ​កិច្ច​ព្រមព្រៀង​នេះ ដោយសារ​គ្មាន​ជម្រើស​ផ្សេង។

រដ្ឋសភា​កាណាដា​មិន​ទាន់​បោះ​ឆ្នោត​លើ​កិច្ច​ព្រមព្រៀង​នេះ​នៅ​ឡើយ​ទេ ហើយ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ប្រឈម​នឹង​ការ​ជំទាស់​នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ៕

XS
SM
MD
LG