នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតីស.រ.អា. Donald Trump នឹងថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធលើកទីពីររបស់លោក ដោយលោកនឹងថ្លែងទៅកាន់សភាថ្មីមួយដែលមានសមាជិកជាក្រុមជនភាគតិច និងជាស្ត្រីច្រើនជាងមុន។
អង្គុយពីក្រោយលោក Trump នៅពេលលោកថ្លែងសុន្ទរកថានេះគឺលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងដែលបានធ្វើឱ្យពួកប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងរួបរួមគ្នាប្រឆាំងនឹងប្រធានាធិបតី Trump នៅក្នុងការតតាំងមតិខ្លាំងក្លាអំពីការផ្តល់ថវិកាសម្រាប់កសាងជញ្ជាំងព្រំដែនដែលបាននាំឱ្យមានការបិទផ្នែកខ្លះរបស់រដ្ឋាភិបាលសហព័ន្ធយ៉ាងយូរបំផុតក្នុងប្រវត្តិសាស្ត្រស.រ.អា.។
សុន្ទរកថានេះនឹងត្រូវថ្លែងមួយសប្តាហ៍យូរជាងការកំណត់ទុកពីមុននៅថ្ងៃទី២៩ខែមករា នៅក្រោយលោកស្រី Pelosi បានរារាំងលោក Trump មិនឱ្យថ្លែងសុន្ទរកថាលោករហូតដល់ពេលណាដែលរដ្ឋាភិបាលបើកជាថ្មីវិញ។
បើតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលអាមេរិកាំងនៅឯសេតវិមានថាប្រធានបទនៃសុន្ទរកថានៅឆ្នាំនេះគឺ «ការជ្រើសរើសយកឧត្តមភាព»។
បើតាមមន្ត្រីរូបនេះថា លោកប្រធានាធិបតីនឹងលាតត្រដាងគោលជំហររបស់លោកអំពីអន្តោប្រវេសន៍ និងសន្តសុខព្រំដែន អំពីការការពារក្រុមអ្នកធ្វើការអាមេរិកាំងជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន និងការជំនួសកិច្ចព្រមព្រៀង NAFTA អំពីការបន្ទាបសោហ៊ុយនៃការថែទាំសុខភាព និងការទិញឱសថតាមវេជ្ជបញ្ជាព្រមទាំងកិច្ចខិតខំប្រឹងប្រែងខាងការទូត និងខាងយោធានៅទូទាំងពិភពលោកដើម្បីបញ្ឈប់ «សង្គ្រាមនៅក្រៅប្រទេសគ្មានឈប់ឈរ»៕