បច្ចេកវិទ្យាបញ្ញានិម្មិត ឬ AIដែលអាចរកឃើញឥរិយាបទគំរាមកំហែងដោយស្វ័យប្រវត្តិនៅតាមស្ថានីយ៍រថភ្លើងនានាគឺជាផ្នែកមួយនៃការសាកល្បងថ្មីដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពសម្រាប់ស្ត្រីដែលធ្វើដំណើរនៅពេលយប់ក្នុងប្រទេសអូស្ត្រាលី។
អាជ្ញាធររបស់រដ្ឋ New South Wales ក្នុងប្រទេសអូស្ត្រាលីនិយាយថាស្ត្រីជនជាតិអូស្ត្រាលី៩នាក់ក្នុងចំណោមស្ត្រី១០នាក់ធ្លាប់បានត្រូវគេបៀតបៀនតាមផ្លូវ។ អាជ្ញាធរនៃរដ្ឋនេះបានអំពាវនាវឲ្យអ្នកស្រាវជ្រាវដាក់ ស្នើគំនិតដើម្បីធ្វើឲ្យសុវត្ថិភាពប្រសើរជាងមុននៅក្នុងកម្មវិធីប្រកួតការច្នៃប្រឌិតថ្មីដើម្បីសុវត្ថិភាពបន្ទាប់ពីពេលងងឹត (Safety After Dark Innovation Challenge)។ ការចូលរួមចំនួនបួនត្រូវបានជ្រើសរើសហើយនឹងត្រូវធ្វើតេស្តសាកល្បងក្នុងរយៈពេល៦ខែខាងមុខ។
ក្រុមមួយមកពីសាកលវិទ្យាល័យ Wollongong នឹងបង្កើតកម្មវិធីប្រើបច្ចេកវិទ្យាបញ្ញានិម្មិតA.I. ដែលនឹងត្រួតពិនិត្យរូបភាពបញ្ជូនភ្លាមៗតាមកាមេរ៉ាសុវត្ថិភាព ហើយឲ្យដំណឹងទៅអ្នកប្រតិបត្តិនៅពេលដែលវារកឃើញសកម្មភាពគួរឲ្យសង្ស័យឬបរិយាកាសមិនសុវត្ថិភាព។
កម្មវិធីផ្អែកលើបញ្ញានិម្មិតAIនេះនឹងត្រូវបានបង្វឹកឲ្យចេះរកមនុស្សដែលកំពុងវាយឈ្លោះគ្នា អាកប្បកិរិយារំខាន បុគ្គលដែលត្រូវបានគេដើរតាមឬជម្លោះផ្សេងៗ។ ក្រុមរបស់សាកលវិទ្យាល័យនេះនិយាយថាកម្មវិធីនេះគឺជាកម្មវិធីដំបូងក្នុងពិភពលោកហើយពួកគេ«កំពុងរុញដែនកំណត់នៃបច្ចេកវិទ្យា»នេះ។
អ្នកស្រាវជ្រាវម្នាក់គឺអ្នកស្រី Elizabeth Muscat ជាអ្នករៀបគម្រោងគមនាគមន៍កំពុងអភិវឌ្ឍរូបមន្តកូដកុំព្យូទ័រដែលបង្កើតផ្លូវសុវត្ថិភាពសម្រាប់អ្នកដំណើរជាស្ត្រី។
អ្នកស្រីពន្យល់ថា៖ «វានឹងផ្តល់ឱកាសដល់ស្ត្រីអាចសម្រេចចិត្តតាមការជូនដំណឹងល្អប្រសើរជាងមុនអំពីផ្លូវធ្វើដំណើរដែលពួកគេអាចជ្រើសរើស។ ដូច្នេះជាឧទាហរណ៍ពួកគេអាចជ្រើសរើសផ្លូវធ្វើដំណើរមួយដែលមានការឃ្លាំមើលដោយប្រយោលដែលនេះមានន័យថាផ្លូវនោះមានមនុស្សម្នាធ្វើដំណើរច្រើន ឬមានអាជីវកម្មនៅបើកឬមានភ្លើងបំភ្លឺល្អ។លទ្ធផលនៃការស្រាវជ្រាវបង្កើតនេះអាចជាកម្មវិធីapp តាមទូរស័ព្ទមួយដែលស្ត្រីអាចប្រើក្នុងទូរស័ព្ទដៃរបស់ពួកគេ គឺស្រដៀងនឹងផែនទី Google Maps ឬកម្មវិធីបង្ហាញផ្លូវផ្សេងទៀត ដែលនឹងអនុញ្ញាតឲ្យស្រ្តីអាចជ្រើសរើសផ្លូវធ្វើដំណើរទៅផ្ទះវិញបាន»។
អាជ្ញាធរក្នុងរដ្ឋ New South Walesដែលជារដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេរបស់អូស្ត្រាលីបាននិយាយថាបច្ចេកវិទ្យាជាច្រើនគឺ«គួរឲ្យចាប់អារម្មណ៍»។
ការស្រាវជ្រាវកាលពីឆ្នាំ២០១៨បានបង្ហាញថា២០ភាគរយនៃស្ត្រីក្នុងទីក្រុងស៊ីដនីមានអារម្មណ៍មិនសុវត្ថិភាពតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ៕
ប្រែសម្រួលដោយ ទុំ ម្លិះ