ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហាម៉ាស់​ថា​ខ្លួន «ត្រៀម​រួចរាល់» សម្រាប់​បទឈប់បាញ់​នៅ​ហ្កាហ្សា ក្រោយពី​មាន​បទឈប់បាញ់​នៅ​លីបង់


រូបថតឯកសារ៖ ជនជាតិប៉ាឡេស្ទីនអង្គុយក្បែរគំនរបាក់បែកនៃផ្ទះដែលត្រូវបានបំផ្លាញនៅក្នុងការវាយលុកយោធារបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
រូបថតឯកសារ៖ ជនជាតិប៉ាឡេស្ទីនអង្គុយក្បែរគំនរបាក់បែកនៃផ្ទះដែលត្រូវបានបំផ្លាញនៅក្នុងការវាយលុកយោធារបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ក្រុម​ហាម៉ាស់​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ឈប់បាញ់គ្នា​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ នេះ​បើ​យោង​តាម​សម្តី​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​ក្រុម​នេះ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFPកាលពី​ថ្ងៃ​ពុធ។ ការ​ប្រកាស​របស់​ក្រុម​ហាម៉ាស់​នេះ​បាន​ធ្វើឡើង​ក្រោយពី​បទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​បាន​ចាប់ផ្តើម​អនុវត្ត​នៅ​លីបង់។

មន្ត្រី​រូបនោះ​បាន​ថ្លែង​ប្រាប់ AFP ថា៖ «យើង​បាន​ជូន​ដំណឹង​ដល់​ក្រុម​អ្នក​សម្រុះសម្រួល​នៅ​អេហ៊្សីប កាតា និង​តួកគី​រួចហើយ​ថា​ក្រុម​ហាម៉ាស់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​កិច្ច​ព្រមព្រៀង​ឈប់បាញ់គ្នា​និង​កិច្ច​ព្រមព្រៀង​ដោះដូរ​អ្នកទោស​ដោយ​ម៉ឺងម៉ាត់»។ តែ​មន្ត្រី​នោះ​បាន​ចោទ​អ៊ីស្រាអែល​ថា​ជា​អ្នក​រារាំង​មិន​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​នេះ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ពុធ ក្រុម​ហាម៉ាស់​ថា «ការ​ទទួល​យក​របស់​សត្រូវ​នូវ​កិច្ច​ព្រមព្រៀង​ជាមួយ​លីបង់​ដោយ​មិន​បាន​សម្រេច​តាម​បុរេ​លក្ខខណ្ឌ​របស់​ខ្លួន​នោះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើឱ្យ​សាប​រលាប​ដល់​អារម្មណ៍​រវើរវាយ​របស់ [នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin] Netanyahu ក្នុង​ការ​ធ្វើឱ្យ​តំបន់​មជ្ឈិម​បូព៌ា​ផ្លាស់ប្តូរ​ដោយ​ការ​ប្រើ​កម្លាំង»។

នៅក្នុង​តំបន់ West Bank ដែល​អ៊ីស្រាអែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ ១៩៦៧ មក អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​បទឈប់បាញ់គ្នា​នេះ​នឹង​នាំមក​នូវ​ស្ថិរភាព​ដល់​តំបន់​នេះ ជា​ពិសេស​តំបន់​ហ្កាហ្សា​ដែល​ខ្ទេចខ្ទី​ដោយសារ​សង្គ្រាម។

ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​គូសបញ្ជាក់​អំពី​ភាព​ចាំបាច់​ក្នុង​ការ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​ឱ្យ​មាន​បទឈប់បាញ់​នៅ​តំបន់​ហ្កាហ្សា​ថា៖ «យើង​សង្ឃឹម​ថា​ជំហាន​នេះ​នឹង​រួមចំណែក​ដល់​ការ​បញ្ឈប់​អំពើ​ហិង្សា​និង​អស្ថិរភាព​ក្នុង​តំបន់​ដែល​កំពុង​រង​ការ​ឈឺចាប់​នេះ»។

អំពើ​ហិង្សា​ក្នុង​តំបន់ West Bank បាន​កើនឡើង​តាំងពី​សង្គ្រាម​នៅ​ហ្កាហ្សា​បាន​ផ្ទុះឡើង​នៅ​ក្រោយ​ពេល​ដែល​ក្រុម​ហាម៉ាស់​បាន​វាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០២៣ មក៕

XS
SM
MD
LG