ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​សម្លឹង​រក​បច្ចេកវិទ្យា​បញ្ញានិម្មិត​និង​បច្ចេកវិទ្យា​នានា​ដើម្បី​ប្រយុទ្ធ​នឹង​កូវីដ១៩​


ផ្លាញ​សញ្ញា​នៅ​ហាង​កាហ្វេ​មួយ​នៅទីក្រុង​ហូជីមិញ ដែល​ប្រាប់​ដល់​អតិថិជន​ឲ្យ​ពាក់​ម៉ាស់។
ផ្លាញ​សញ្ញា​នៅ​ហាង​កាហ្វេ​មួយ​នៅទីក្រុង​ហូជីមិញ ដែល​ប្រាប់​ដល់​អតិថិជន​ឲ្យ​ពាក់​ម៉ាស់។

គំនិត​ថ្មី​មួយ​​កាន់តែ​​ទទួល​​បានការ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​នេះ​បន្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ គឺ​ការ​ប្រើប្រាស់​​រូបយន្ត​​សម្រាប់​ជួយ​ប្រយុទ្ធ​នឹង​កូវីដ១៩។​​

ការ​រាតត្បាតជា​សាកល​នៃ​ជំងឺ​កូវីដ១៩ បាន​នាំ​ឲ្យបច្ចេកវិទ្យា​បញ្ញានិម្មិត​ AI​ កាន់​តែ​ទទួលចំណាប់​អារម្មណ៍ ខណៈ​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​សម្រាប់​វិភាគ​ទិន្នន័យ​ទំហំ​ធំ​ដើម្បី​រក​មើល​គន្លឹះ​សម្រាប់​ទស្សន៍ទាយ​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​ឆ្លង និង​ពិចារណា​ប្រើប្រាស់​អ្នក​រត់​តុ​ជា​មនុស្ស​យន្ត​ដែល​អាច​កាត់​បន្ថយ​ការ​ទាក់ទង​គ្នា​រវាង​មនុស្ស។

នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​តិចតួច​ពី​កូវីដ១៩ លទ្ធភាព​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បែប​នេះ​កំពុង​ត្រូវ​បាន​គេ​សាក​ល្បង​នៅ​ឡើយ។ ការ​ប្រើប្រាស់​ទាំង​នេះ​អាច​រួម​មាន​រូបយន្ត​ chatbot ​ដែល​អាច​ឆ្លើយ​សំណួរ​ដោយ​ស្វ័យប្រវត្តិ បច្ចេកវិទ្យា​កំណត់​ចំណាំ​មុខ បច្ចេកវិទ្យា​ទស្សន៍ទាយ​ទី​តាំង​ភូមិសាស្ត្រ និង​កម្មវិធី​កុំព្យូទ័រ​ដើម្បី​ទប់ទល់​នឹង​ពាក្យ​ចចាមរ៉ាម​ខុស​អំពី​ជំងឺ​រាតត្បាត​នេះ។​

ជា​ឧទាហរណ៍ ក្រុមហ៊ុន FPT Corp. ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​និង​កម្មវិធី​កុំព្យូទ័រធំ​ជាង​គេ​នៅ​វៀតណាម បានបង្កើត​កម្មវិធី​តាម​អ៊ីនធឺណិត​មួយដែល​ប្រើ​ស្វ័យប្រវត្តិកម្មដើម្បី​វាយតម្លៃ​អំពី​ហានិភ័យ​នៃ​ជំងឺ​កូវីដ១៩។ កម្មវីធី​ដំណើរការ​យ៉ាង​ដូច្នេះ៖ ពលរដ្ឋ​វៀតណាម​ត្រូវ​ចូល​ទៅ​គេហទំព័រ Corona Check រួច​បញ្ចូល​ទិន្នន័យ​អំពី​កន្លែង​ដែល​ពួក​គេ​បានធ្វើ​ដំណើរ​ទៅ​នៅ​ពេល​ថ្មីៗ​នេះ។ បន្ទាប់​មក​កម្មវិធី​នេះ​នឹង​ផ្ទៀងផ្ទាត់​ទិន្នន័យ​អ្នក​បញ្ចូល​ជាមួយ​ទិន្នន័យ​ទីតាំង ពេលវេលា និង​បរិមាណ​ នៃ​ករណី​ឆ្លង​កូវីដ១៩​នៅ​ទូទាំង​ប្រទេស​វៀតណាម​ ដើម្បី​គណនា​ កម្រិត​លទ្ធភាព​ដែល​ពលរដ្ឋ​ណា​ម្នាក់​អាច​បាន​ជួប​អ្នក​ដែល​មាន​ផ្ទុក​កូវីដ១៩។

លោក Tran Hoang Giang អនុប្រធាន​ផ្នែក​កម្មវិធី​កុំព្យ័ទ័រ​នៃ​ក្រុមហ៊ុន FPT ថ្លែង​ថា៖ «ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញានិម្មិត AI បន្ត​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​របស់​វា​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​នេះ​កាន់​តែ​ប្រសើរ​ឡើង។ ពេល​នេះ​កម្មវិធី​នេះ​អាច​ទស្សន៍ទាយ​ពី​លទ្ធភាព​ឆ្លង​កូវីដ១៩​ បាន​សុក្រឹត្យប្រមាណ​៩០%។ កម្មវិធី​នេះ​នឹង​កាន់​តែ​សុក្រឹត្យ​ទៀត​នៅ​ពេល​ដែល​មនុស្ស​កាន់​តែ​ច្រើន​បញ្ចូល​ទិន្នន័យ​វាយតម្លៃ​ផ្ទាល់​ខ្លួន​ក្នុង​គេហទំព័រ​នេះ»។

ដំណើរការ​វិភាគ​ទិន្នន័យ​ត្រូវ​សម្រួល​មួយ​ផ្នែក​ដោយ​សារ​វៀតណាម​ ដែល​មាន​អ្នក​ឆ្លង​កូវីដ១៩​ចំនួន ១.០៣៨​នាក់​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​សីហា (https://coronavirus.jhu.edu/map.html) ក្នុង​ឆ្នាំ​នេះ​បាន​បោះពុម្ព​ផ្សាយ​ទិន្នន័យ​យ៉ាង​លម្អិត​និង​អនាមិក​អំពី​ការ​ធ្វើ​ដំណើរ​របស់​អ្នកជំងឺ​កូវីដ ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​ពិនិត្យ​ថា​ពួក​គេ​បាន​ទៅ​កាន់​កន្លែង​ដូច​គ្នា​ក្នុង​ពេល​ដូច​គ្នា​នឹង​អ្នក​ឆ្លង​កូវីដ១៩​នោះ​ទេ។ ជា​ឧទាហរណ៍ ទិន្នន័យ​មួយ​នោះ​បង្ហាញ​ថា​តើ​អ្នក​ជំងឺ​កូវីដ១៩​ម្នាក់​បាន​ទៅ​ផ្សារ​ទំនើប ហាង​កាហ្វេ និង​ផ្សារ​ធម្មតា​ប៉ុន្មាន​ដង។​

ប្រព័ន្ធ​ជូន​ដំណឹង​ជា​មុន

បើ​តាម​លោក Truong Gia Binh ប្រធាន​ក្រុមហ៊ុន FPT ឲ្យ​ដឹង​ថា ការងារ​ខាង​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន (machine learning) បញ្ចូល​សារ​ល្អ​មួយ​ដល់​យើង ដោយ​លោក​ពន្យល់​ថា៖​ «មិន​ថា​តែ​សម្រាប់​អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​នោះ​ទេ សូម្បី​តែ​សម្រាប់​យុវជន​វៀតណាម​ដែល​វៃឆ្លាត​ក៏​មាន​ឱកាស​ដើម្បី​ផ្លាស់ប្តូរ​ចំណេះដឹង​និង​ការ​ស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​បញ្ញានិម្មិត AI ​នេះ​ដែរ»។

ប្រទេស​វៀតណាម​ក៏​បាន​ចូល​រួម​ក្នុងកម្មវិធី​យុទ្ធសាស្ត្រ​សាកលខាង​បច្ចេកវិទ្យា AI ដ៏​ពេញ​និយម​មួយ​ដើម្បី​វិភាគ​ទិន្នន័យ​និង​ទស្សន៍ទាយ​ទីតាំង​ដែល​នឹង​អាច​មាន​ការឆ្លង​កូវីដ​១៩​ជា​សហគមន៍​នៅ​ពេល​ខាង​មុខ។ ទិន្នន័យ​ទាំង​នេះ​អាចមាន​ចំនួន​តិច ហើយ​មើល​ទៅ​ដូច​ជា​មិន​ទាក់ទង​ដោយ​ផ្ទាល់​ទេ តួ​យ៉ាង​ដូច​ទិន្នន័យ​ទាក់ទង​នឹង​អាកាសធាតុ ភាព​ណែនណាន់តាន់តាប់​ក្នុង​ផ្សារ​ទំនើប ឬ​ព័ត៌មាន​ដែល​គេ​និយម​ស្វែង​រក​តាម​គេហទំព័រ Google ជា​ដើម។ ប៉ុន្តែទិន្នន័យ​រួម​ផ្សំ​ទាំង​នេះ ប្រសិន​បើ​គេ​ប្រើប្រាស់​ត្រឹមត្រូវ​ អាច​ចង្អុល​បង្ហាញ​ពី​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ និង​អាច​ដើរ​តួ​ជា​ប្រព័ន្ធ​ជូន​ដំណឹង​ជា​មុន ដែល​អាច​រក​ឃើញ​ហានិភ័យ​មុន​មនុស្ស​រក​ឃើញ​ម៉្លេះ។​

បន្ថែម​ពី​លើ​គំរូ​ព្យាករណ៍​ដែល​វាយតម្លៃ​អំពី​កម្រិត​គំរាមកំហែង​នៃ​ជំងឺ​នេះ វៀតណាម​ក៏​មាន​ផែនទី​ជំងឺ​កូវីដ១៩ ដែល​ភ្ជាប់​ទៅ​នឹង​អត្ថបទ​ព័ត៌មាន​ ហើយ​ដែលត្រូវ​គេ​បញ្ចូល​ព័ត៌មាន​ថ្មី​ដោយ​ស្វ័យ​ប្រវត្តិ​ដើម្បី​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ។ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ចាត់​វិធានការ​ខ្លាំង​ប្រឆាំង​នឹង​ពាក្យ​ចចាមរ៉ាម​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​នេះ។ ពាក្យ​ចចាមរ៉ាម​អំពី​កូវីដ​អាច​បង្ក​គ្រោះថ្នាក់​ដល់ជីវិត ហើយ​នៅ​ប្រទេស​ខ្លះ​ពាក្យ​ចចាមរ៉ាម​ទាំង​នេះ​បាន​នាំ​ឲ្យ​ពលរដ្ឋ​ខ្លះ​ផលិត​ថ្នាំ​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ដែល​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ។​

ការ​ព្យាបាលពី​ចម្ងាយ

ក្រៅ​ពី​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន ជំងឺ​កូវីដ១៩​ក៏​បាន​ជំរុញ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ខាង​បច្ចេកវិទ្យា​មួយ​ទៀត​គឺ​ ការ​ព្យាបាល​ពី​ចម្ងាយ​ ឬ telemedicine។ ជា​ឧទាហរណ៍​ក្រុមហ៊ុន​ Doctor Anywhere ឬ​ប្រែ​ថា​ «គ្រូ​ពេទ្យ​គ្រប់​ទី​កន្លែង» នៅ​ពេល​នេះ​មាន​បុគ្គលិក​ជា​គ្រូ​ពេទ្យ​ដែល​ពិនិត្យ​និង​ពិគ្រោ​ជាមួយអ្នក​ជំងឺ​វៀតណាមដើម្បី​រក​រោគ​សញ្ញា​តាម​រយៈ​បច្ចេកវិទ្យា​ពិគ្រោះ​តាម​វីដេអូ។ បច្ចេកវិទ្យា​នេះ​ក៏​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ប្រទេស​ថៃ​និង​សិង្ហបុរី​ផង​ដែរ។​

ទាំង​អស់​នេះ​ជា​ផ្នែកមួយ​នៃ​«ឧស្សាហកម្ម​៤.០» ដែល​ជា​ពាក្យ​គេ​ប្រើ​សំដៅ​ទៅ​លើ​ភាព​ជឿនលឿន​ខាង​បច្ចេកវិទ្យា​ដែល​ត្រូវ​រំពឹង​ថា​នឹង​ជួយ​សេដ្ឋកិច្ច​នានា​ឲ្យ​វិវត្ត​ទៅ​ដំណាក់​កាល​ថ្មី​មួយ​ទៀត​នៃ​ការ​អភិវឌ្ឍ។ ប្រទេស​វៀតណាម​រំពឹង​ថា​បច្ចេកវិទ្យា​ទំនើប​ទាំង​នេះ​នឹង​ជួយ​ឲ្យ​វៀតណាម​ឆាប់​រើប​ខ្លួន​ពី​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​ដែរ។​

លោក Chu Ngoc Anh រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាមថ្លែង​ថា៖ «បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បច្ចេកវិទ្យា​ស្នូល​សម្រាប់​ឧស្សាហកម្ម​៤.០ ដែល​មាន​ផល​ប៉ះពាល់​សម្រាប់​ការ​ព្យាបាល​ក្រោយ​វិបត្តិ​កូវីដ១៩។»

រដ្ឋាភិបាល​វៀតណាម​កំពុង​សហការ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​កាល​ពី​ដើម​ខែ​សីហា បាន​ផ្តល់​អំណោយ​ប្រមាណ​៦៥០.០០០​ដុល្លារ​អូស្ត្រាលី​ដើម្បី​រក​វិធី​ថ្មីៗ​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា AI ខណៈ​ដែល​វៀតណាម​រើប​ឡើង​វិញ​ពី​វិបត្តិ​កូវីដ១៩។

ថវិកា​ជំនួយ​នេះ​នឹង​ជួយ​ទ្រទ្រង់​កម្មវិធី​នានា​ដូច​ជា​ការ​ប្រកួត​ដែល​ក្នុង​នោះ​អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ​អាច​បញ្ចេញ​គំនិត​អំពីការយក​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន​ទៅ​ប្រើប្រាស់​ជាក់​ស្តែង។

លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​វៀតណាម​ថ្លែង​ថា៖ «ខណៈ​ដែល​សាកលលោក​ប្រឈម​នឹង​ជំងឺ​រាតត្បាត គំនិត​ច្នៃប្រឌិត​កាន់​តែ​មាន​សារៈ​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់»។

លោកស្រី​បន្ថែម​ថា៖ «កម្មវិធី​ផ្តួច​ផ្តើម​អំពី​បច្ចេកវិទ្យា​ AI នេះ ជា​ឧទាហរណ៍​ល្អ​មួយ​អំពី​របៀប​ដែល​បច្ចេកវិទ្យា​ថ្មី​អាច​ត្រូវ​បាន​គេ​យក​មកកែ​ច្នៃ​បាន​ឆាប់​រហ័ស​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​ថ្មីៗ​របស់​វៀតណាម»៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត

XS
SM
MD
LG