ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អយ្យការ​អម​តុលាការ ICC ស្នើ​ចៅក្រម​ឱ្យ​ចេញ​ដីកា​ចាប់ខ្លួន​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា


រូបឯកសារ៖ អគ្គមេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា លោកឧត្តមសេនីយ Min Aung Hlaing ចូលរួម​សមយុទ្ធ​យោធា​នៅ​តំបន់​ដីសណ្ត Ayeyarwady ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបឯកសារ៖ អគ្គមេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា លោកឧត្តមសេនីយ Min Aung Hlaing ចូលរួម​សមយុទ្ធ​យោធា​នៅ​តំបន់​ដីសណ្ត Ayeyarwady ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធាន​អយ្យការ​អម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ស្នើ​ចៅក្រម​កាលពី​ថ្ងៃ​ពុធ​ឱ្យ​ចេញ​ដីកា​ចាប់ខ្លួន​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​ពី​បទ​ឧក្រិដ្ឋ​ប្រព្រឹត្តិ​លើ​ជាតិសាសន៍​ភាគតិច​រ៉ូហ៊ីងយ៉ា (Rohingya) កាន់​សាសនា​អ៊ិស្លាម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក​នាយឧត្តមសេនីយ៍ Min Aung Hlaing ដែល​បាន​ដណ្តើម​អំណាច​ពី​មេដឹកនាំ​ជាប់ឆ្នោត​អ្នកស្រី Aung San Suu Kyi ក្នុង​រដ្ឋប្រហារ​មួយ​នៅ​ឆ្នាំ ២០២១ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ចំពោះ​ការ​បណ្តេញ​ចេញ​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា។

ប្រជាជន​ជិត​មួយ​លាន​នាក់​បាន​បង្ខំ​ចិត្ត​ចូល​ទៅក្នុង​ប្រទេស​បង់ក្លាដែស​ដើម្បី​គេច​ពី​អ្វី​ដែល​គេ​ហៅ​ថា​ជា​យុទ្ធនាការ​បំបាត់​ជាតិសាសន៍​ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​រំលោភ​សេពសន្ថវៈ​ទ្រង់ទ្រាយ​ធំ ការ​សម្លាប់ និង​ការ​ដុត​ផ្ទះ​សម្បែង​ជាដើម។

ប្រធាន​អយ្យការ​អម​តុលាការ ICC លោក Karim Khan បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ពី​ជំរំ​ជន​ភៀសខ្លួន​មួយ​ក្នុង​ប្រទេស​បង់ក្លាដែស​ថា លោក​មាន​បំណង​ស្នើ​សុំ​ដីកា​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​មីយ៉ាន់ម៉ា​ជាច្រើន​នាក់​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

លោក Khan បាន​និយាយ​ទៀត​ថា៖ «ក្នុង​ការ​ធ្វើ​ដូច្នេះ យើង​រួមទាំង​ដៃគូ​ទាំងឡាយ​របស់​យើង​នឹង​បង្ហាញ​ថា​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា​នឹង​មិន​ត្រូវបាន​បំភ្លេច​ចោល​ទេ និង​ថា​ដូច​ប្រជាជន​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ដែរ ពួកគេ​សម​នឹង​ទទួល​បាន​ការ​ការពារ​ពី​ច្បាប់»។

សំណើ​នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​បន្ទាប់ពី​ក្រុម​ឧទ្ទាម​ដ៏​ខ្លាំង​មួយ​បាន​ដណ្តើម​កាន់កាប់​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​នៅ​ប៉ែក​ឦសាន​មីយ៉ាន់ម៉ា​ជាប់​ព្រំដែន​ជាមួយ​ចិន។ ការ​ដណ្តើម​បាន​ទីក្រុង​ដែល​ជា​កន្លែង​ជីក​រ៉ែ​កម្រ​ដ៏​ត្រូវ​ប៉ាន់​មួយ​នេះ​គឺជា​បរាជ័យ​មួយ​ទៀត​របស់​របប​យោធា​មីយ៉ាន់ម៉ា៕

XS
SM
MD
LG