ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​និសិ្សត​ហុងកុង​បដិសេធ​មិន​ចូល​រួម​ក្នុង​កិច្ច​ចរចា​បិទ​ទ្វារ​ជាមួយ​មេដឹក​ក្រុង​ហុងកុង


ក្រុម​បាតុករ​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ធ្វើ​បត្យាប័ន​បញ្ជូន​ឧក្រិដ្ឋ​ជន​ទៅ​ចិន​ដីគោក ដង្ហែ​ក្បួន​កាល​ពី​ថ្ងៃ​ទី​១ កក្កដា ដើម្បី​រំលឹក​ការ​ប្រគល់​ក្រុង​នេះ​ឲ្យនៅក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ចិន។
ក្រុម​បាតុករ​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ធ្វើ​បត្យាប័ន​បញ្ជូន​ឧក្រិដ្ឋ​ជន​ទៅ​ចិន​ដីគោក ដង្ហែ​ក្បួន​កាល​ពី​ថ្ងៃ​ទី​១ កក្កដា ដើម្បី​រំលឹក​ការ​ប្រគល់​ក្រុង​នេះ​ឲ្យនៅក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ចិន។

សហជីព​និសិត្ស​មក​ពី​សាកលវិទ្យាល័យ​ចំនួន​ពីរ​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ពួកគេ​បាន​ច្រាន​ចោល​ការ​អញ្ជើញ​ពី​មេដឹកនាំ​ក្រុង​ហុងកុង លោកស្រី ​Carrie Lam ​ដើម្បី​ចរចា​គ្នា​អំពី​ភាព​ចលាចល​នា​ពេល​ថ្មីៗ​នេះ​ ទាក់​ទិន​នឹង​សំណើ​ច្បាប់​របស់​លោកស្រី​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​បញ្ជូន​ឧក្រិដ្ឋជន​ទៅ​ចិន​ដីគោក។

សំណើ​ចរចា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សន្យា​ពី​សំណាក់​លោកស្រី​ Lam​ ថា​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ទាមទារ​របស់​ក្រុម​យុវជន​ហុងកុង។ មេដឹកនាំ​ក្រុម​និសិត្ស​បាន​ថ្លែង​នៅ​ឯសន្និសីទ​សារព័ត៌មាន​ថា​ ពួក​គេ​មិន​គិត​ថា​លោក​ស្រី Lam​ នឹង​គោរព​តាម​ការសន្យា​របស់​លោកស្រី​ទេ។

ការិយាល័យ​របស់​លោកស្រី​ បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​ពួក​គេ​ស្នើ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​បិទ​ទា្វរ​ ប៉ុន្តែ​ក្រុម​និស្សិត​បាន​និយាយ​ថា​ រាល់​កិច្ច​ចរចា​ត្រូវ​តែ​ធ្វើ​ឡើង​ជា​សាធារណៈ​ និង​ត្រូវ​មាន​តំណាង​មក​ពីភាគី​នានា​ក្រៅ​តែ​ពី​ពួក​គេ។

លោក ​Jordan Pang​ មក​ពី​សហជីព​និសិ្សត​នៃ​សាកល​វិទ្យាល័យ​ហុងកុង​បាន​និយាយ​ថា​ «កិច្ច​ចរចា​បិទ​ទា្វរ​នេះ​គ្មាន​សាក្សី​អ្វី​ទាំង​អស់​ ដើម្បី​យក​ធ្វើ​ជា​ភស្តុតាង​អំពីអ្វី​ដែល​បាន​ពិភាក្សា​គ្នា ​ហើយ​សាធារណជន​មិន​ដឹង​ថា តើ​កិច្ច​ចរចា​នោះ​បាន​និយាយ​អំពី​អ្វី​ខ្លះ​នោះ​ទេ។ ប៉ុន្តែ​ធាតុពិត​សាធារណជន​ទាំង​អស់​មាន​សិទ្ធិ​ដឹង​អំពី​ព័ត៌មាន​ទាំង​នេះ»។

លោក​ Ng Yat Ming​ អនុប្រធាន​សហជីព​និស្សិត​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​នៃ​សាកលវិទ្យាល័យ​ហុងកុង​បាន​ថ្លែង​ថា ​ពួកនិស្សិត​នឹង​ត្រូវ​បាន​គេ​ថ្កោល​ទោស​ថា ​ជា​ជនក្បត់​ជាតិ​ ប្រសិនបើ​ពួក​គេ​ចរចា​ជាមួយ​នឹង​លោក​ស្រី​ Lam​ ក្នុង​នាម​ជា​តំណាង​ឲ្យ​សាធារណជន៕

XS
SM
MD
LG