ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ប្រឆាំង​បាតុកម្ម​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក​នៅ​ក្នុង​ទិវា​បង្រួបបង្រួម​ហុងកុង


ប៉ូលិស​ព្យាយាម​បំបែក​ហ្វូង​បាតុករ នៅ​ថ្ងៃ​ប្រារព្ធ​ខួប​ប្រគល់​ក្រុង​ហុងកុង​ទៅ​ឲ្យ​ប្រទេស​ចិន កាលពី​ថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០១៩។

ក្រុម​បាតុករ​ និង​ប៉ូលិស​ប្រឆាំង​បាតុកម្ម ស្ថិត​នៅ​លើ​ផ្លូវ​នានា​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​២២​នៃ​ការ​បង្រួបបង្រួម​គ្នា​ឡើង​វិញ​រវាង​ក្រុង​ហុងកុង​និង​ប្រទេស​ចិន។

បាតុករ​រាប់​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ជុំវិញ​អាគារ​នានា​របស់​រដ្ឋាភិបាល​ក្រុង​នេះ ​ពេល​រសៀល​នៅ​ពេល​ដែល​ក្រុម​តូច​មួយ បាន​ប៉ុនប៉ង​សម្រុក​ចូល​ទៅ​ក្នុង​អាគារ​រដ្ឋសភា ​ខណៈ​ដែល​ប៉ូលិស បាន​រង់ចាំ​នៅ​ខាង​ក្នុង​អាគារ​នោះ ហើយ​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​តាម​របង​អាគារ​នោះ។

​ក្រុម​បាតុករ បាន​ប្រើប្រាស់​ឆ័ត្រ វ៉ែនតា​ឃ្លុំ​ភ្នែក​ជិត និង​ម៉ាស​បិទ​មុខ​ហើយ​ និង​សម្ភារៈ​ប្លាស្ទិក ​រុំ​ដៃ​ជើង ដើម្បី​ការពារ​ខ្លួន​ពី​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក​របស់​ប៉ូលិស និង​ដើម្បី​កុំ​ឱ្យ​ប៉ូលិស​ស្គាល់​អត្តសញ្ញាណ​របស់​ពួកគេ​បាន នៅ​ពេល​ដែល​ពួកគេ បាន​ប៉ុនប៉ង​គាស់​ទ្វារ​ចូល​ក្នុង​អាគារនិងវាយ​បំបែក​កញ្ចក់​បង្អួច​ដែល​នៅ​ក្បែរ​ច្រក​ចូល​នោះ។​

នៅ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ទីក្រុង​ហុងកុង ក្បួន​ដង្ហែ​មហា​បាតុកម្ម បាន​ចាប់ផ្ដើម​នៅ​ម៉ោង​២​កន្លះ​រសៀល ដោយ​ក្រុម​បាតុករ​បាន​ដើរ​ចេញ​ពី​សួនVictoria Park ឆ្ពោះ​ទី​ទីតាំង​មួយ​នៅ​ក្បែរ​ទីស្នាក់ការ​របស់​រដ្ឋាភិបាល។

នៅ​ពេល​ដែល​បាតុកម្ម​ ធ្វើ​ឡើង​ជួន​ពេល​គ្នា​នឹង​ទិវា​គម្រប់​ខួប​នៃ​ការ​ប្រគល់​ការ​គ្រប់គ្រង​របស់​អង់គ្លេស​ទៅលើ​ទីក្រុង​ហុង​កុង​ទៅ​ឱ្យ​ចិន​គ្រប់គ្រង​វិញ​នោះ បាតុកម្ម​នេះ ត្រូវ​បាន​បញ្ឆេះ​ដោយសារ​សេចក្ដីស្នើច្បាប់​ស្ដីពី​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​ខ្លួន​ឧក្រិដ្ឋជន​ទៅ​ឱ្យ​ប្រទេស​ចិន៕

XS
SM
MD
LG