ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបាតុកម្មហិង្សានៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃចន្ទម្សិលមិញ។
បាតុកររាប់ពាន់នាក់បានយកថ្ងៃខួបទី២២នៃការបង្រួបបង្រួមទឹកដីហុងកុងជាមួយនឹងប្រទេសចិន ដើម្បីសម្រុកចូលទៅក្នុងអាគាររដ្ឋសភាទីក្រុងហុងកុង។ ពេលក្រុមបាតុករទាំងនោះចូលទៅក្នុងអាគារ ពួកគេបានស្រែកនៅតាមច្រកនានា បាញ់ថ្នាំទៅលើជញ្ជាំង និងគូររូបគំនូរប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ការសម្រុកចូលទៅក្នុងអាគារនេះត្រូវបានបញ្ចប់ បន្ទាប់ពីក្រុមប៉ូលិសបង្ក្រាបកុបកម្មបានមកដល់កន្លែងកើតហេតុ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករ។
សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យកិច្ចការក្រុងហុងកុងរបស់រដ្ឋាភិបាលចិនត្រូវបានផ្សព្វផ្សាយដោយបណ្តាញផ្សព្វផ្សាយរដ្ឋដែលបាននិយាយថា «បាតុកម្មទាំងនេះបានជាន់ឈ្លីលើនិតីរដ្ឋ និងបានប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមហុងកុង និងធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ជាមូលដ្ឋានគ្រឹះរបស់ទីក្រុងហុងកុង»។
ហេតុការណ៍សម្រុកចូលក្នុងអាគារសភានេះ បានកើតឡើងភ្លាមៗមួយរំពេច ដែលហាក់ដូចជាមានស្ថានភាពខុសពីពេលព្រឹកនៅពេលដែលអ្នកស្រុកហុងកុងរាប់សែននាក់បានធ្វើបាតុកម្មសន្តិវិធីនៅលើផ្លូវសំខាន់ៗនៅទូទាំងទីក្រុងហុងកុង។
បាតុកម្មនេះបានធ្វើឡើងជាន់គ្នាជាមួយនឹងខួបទី២២នៃការប្រគល់ទឹកដីហុងកុងឲ្យទៅប្រទេសចិនវិញ ក៏ដូចជាការប្រឆាំងទៅនឹងច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយ ដែលអនុញ្ញាតឲ្យបញ្ជូនឧក្រិដ្ឋជនទៅប្រទេសចិនផងដែរ។
ក្តីបារម្ភកំពុងកើនឡើងកាន់តែខ្លាំងនៅក្នុងទីក្រុងហុងកុង ពាក់ព័ន្ធទៅនឹងការបាត់បង់ស្វ័យភាពរបស់ខ្លួនទៅឲ្យប្រទេសចិននៅឆ្នាំ២០៤៧ ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងប្រគល់ទឹកដីហុងកុងទៅឲ្យប្រទេសចិនវិញ ដែលត្រូវបានធ្វើឡើងជាមួយនឹងប្រទេសអង់គ្លេសដែលបានដាក់អាណានិគមលើទឹកដីហុងកុងនៅពេលនោះ៕