មួយថ្ងៃក្រោយពីពួកបាតុកររាប់សិបនាក់បានចូលលុកក្នុងអាគារនីតិបញ្ញត្តិក្រុងហុងកុង ដោយបានធ្វើឱ្យមានការខូចខាតនៅទីនោះ ការខឹងសម្បារអំពីឧប្បត្តិហេតុនេះបានគំរាមកំហែងបំបែកបំបាក់ថែមទៀតចលនាតវ៉ាដ៏ធំធេងនិងប្រើសន្តិវិធី ដោយភាគច្រើនក្នុងក្រុងនេះដែលបានប្រមូលផ្តុំគ្នាក្នុងនិទាឃរដូវ ដើម្បីប្រយុទ្ធប្រឆាំងនឹងសេចក្តីព្រាងច្បាប់ដែលមនុស្សច្រើននាក់ព្រួយបារម្ភថា អាចគំរាមកំហែងសិទ្ធិខាងផ្លូវច្បាប់របស់ពលរដ្ឋក្រុងនេះ។
នៅក្រោយមនុស្សប្រមាណកន្លះលាននាក់បានចូលរួមក្នុងការដើរធ្វើបាតុកម្មប្រចាំឆ្នាំដើម្បីឧបត្ថម្ភផ្ចុងផ្តើមលទ្ធិប្រជាធិបតេយ្យ មនុស្សរាប់សិបនាក់បានវាយបំបែកកញ្ចក់ក្រាស់នៃអាគាររដ្ឋាភិបាលក្រុងហុងកុង ហើយក៏បានចូលលុកក្នុងអាគារនោះ។
ក្រុមបាតុករពាក់របាំងមុខបានបាញ់ថ្នាំព៌ណសរសេរជាពាក្យប្រឆាំងនឹងរដ្ឋាភិបាលនៅលើជញ្ជាំងហើយបានបំផ្លាញគ្រឿងកុំព្យូទ័រផងដែរ។ ពួកបាតុករទាំងនេះបានចាកចេញពីអាគារនោះនៅក្រោយពេលពាក់កណ្តាលអធ្រាត្រនៅពេលដែលប៉ូលិសប្រឆាំងនឹងកុប្បកម្មបានបាញ់ឧស្ម័ននាំឱ្យចេញទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុកររាប់ពាន់នាក់ពីផ្លូវនៅជិតអាគារនោះ។
អ្នកស្រី Carrie Lam នាយិកាប្រតិបត្តិនៃដែនដីហុងកុងបាននិយាយនៅក្នុងសន្និសីទកាសែតមួយមុនពេលថ្ងៃរះថាក្រុមអ្នកស្រុកក្រុងហុងកុងមានការទង្គុកចិត្តហើយព្រួយបារម្ភដោយសារ «ការប្រើអំពើហិង្សាខ្លាំងជ្រុលនិងការបំផ្លិចបំផ្លាញដោយពួកបាតុករដែលបានសំរុកចូលលុកក្នុងអាគារក្រុមប្រឹក្សានីតិបញត្តិ»។
ការិយាល័យកិច្ចការហុងកុងនិងម៉ាកាវរបស់រដ្ឋាភិបាលចិនបានពណ៌នាសកម្មភាពទាំងនេះរបស់ពួកបាតុករថា ជាការវាយប្រហារដោយផ្ទាល់ទៅលើគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលបានអនុញ្ញាតឱ្យក្រុងហុងកុងមានសេរីភាពក្នុងឋានៈជាដែនដីពិសេសមួយនៅក្នុងរដ្ឋនេះ ដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្ត។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសចិនបានហៅការវាយលុកចូលក្នុងអាគារក្រុមប្រឹក្សានីតិបញ្ញ័ត្តិនេះដែលមានឈ្មោះថា LegCo ថា ជាសកម្មភាពខុសច្បាប់មួយដែលជាន់ឈ្លីវិធាននៃច្បាប់របស់ក្រុងហុងកុង៕