ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អង់គ្លេស​​ប្រឈម​នឹង​ទ្វេគ្រោះ​ខាង​ពាណិជ្ជកម្មនិង​ខាង​សិទ្ធិ​មនុស្ស​ក្នុង​ការ​ទាក់ទង​ជាមួយ​ប្រទេស​ចិន


ស្រ្តី​ម្នាក់​គ្រវី​ទង់ជាតិ​អង់គ្លេស​ខណៈដែល​ប៉ូលិស​​ប្រឆាំង​កូប​កម្ម​ឈរ​យាម​បាតុករ​នៅ​ក្បែរ​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​កាល​ពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៩។
ស្រ្តី​ម្នាក់​គ្រវី​ទង់ជាតិ​អង់គ្លេស​ខណៈដែល​ប៉ូលិស​​ប្រឆាំង​កូប​កម្ម​ឈរ​យាម​បាតុករ​នៅ​ក្បែរ​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​កាល​ពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៩។

តើ​ចក្រភពអង់គ្លេស​គួរ​ការពារ​សិទ្ធិ​និង​សេរីភាព​របស់​ប្រជារាស្ត្រ​ហុងកុង​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​រួមមួយ​ត្រូវ​ចុះ​ហត្ថលេខា​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅមុន​ពួកអង់គ្លេសប្រគល់​ដែនដី​នេះ​ទៅឱ្យ​ពួក​ចិន​កាល​ពីឆ្នាំ១៩៩៧ ដោយ​បញ្ចប់​ការ​គ្រប់គ្រង​អាណានិគម​១៥៦ឆ្នាំ​ឬទេ?

ឬមួយ​ចក្រភព​អង់គ្លេស​គួរ​បន្ថយ​ការត្អូញត្អែរ​របស់ខ្លួន​អំពី​ការ​គ្រប់គ្រង​តឹង​រ៉ឹង​របស់​ចិន​ក្នុង​ក្រុង​ហុងកុង ឬ​អំពីការ​បំពានរបស់​ចិនលើ​កិច្ចព្រមព្រៀង​រួមគ្នា ដើម្បី​ផ្គាប់ផ្គន់ចិនហើយ​ទទួល​អត្ថប្រយោជន៍ខាង​ពាណិជ្ជកម្ម?

កាល​ពី​ឆ្នាំ​ទៅ​មិញ​ នៅ​ពេលមាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនហើយ​នៅពេល​មានការរឹះ​គន់​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ក្រុង​ Brussels ថា​ប្រទេស​ចិន​ជា «អ្នកប្រជែង​មួយ​ខាង​យុទ្ធសាស្ត្រ» ចក្រភព​អង់គ្លេស​បាន​ស្វះស្វែង​ធ្វើឱ្យមានតុល្យ​ភាព​ខាង​ការ​ទូត​ដោយ​មិនកាន់ជើង​ខាង​ណាមួយ​ទេ។

ក៏​ប៉ុន្តែ​កាល​ពីពាក់កណ្តាល​សប្តាហ៍​នេះ​អង់គ្លេស​បានបាត់បង់តុល្យភាព​នេះ​ហើយ។​

នៅ​ពេលនេះ​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​និង​រដ្ឋាភិបាល​ក្រុងប៉េកាំង​មានជម្លោះខាង​ការទូត​ពេញ​ទំហឹង​នៅក្រោយ​មាន​បាតុកម្ម​មហាជន​នៅ​ក្នុង​ក្រុង​ហុងកុង​ប្រឆាំង​នឹង​ច្បាប់​មួយ​ដែលនៅពេល​នេះបានត្រូវ​ផ្អាក​ ហើយ ដែល​អនុញ្ញាតឱ្យមាន​ការ​ធ្វើ​បត្យាប័ន​ទៅកាន់ប្រទេស​ចិន​ដីគោក។ ក្រុម​សកម្មជនលម្អៀង​ទៅ​ខាង​លទ្ធិប្រជាធិបតេយ្យ​និយាយ​ថា​ការ​ធ្វើបត្យាប័ន​នេះ​អាច​ត្រូវ​ប្រើ​ប្រឆាំង​នឹង​ពួក​ជំទាស់នៅ​ក្នុង​អតីត​ដែនដី​អាណានិគមអង់គ្លេស​នេះ។

នៅ​ក្នុង​កំណើន​សង្គ្រាម​ពាក្យ​សម្តី ពួកមន្ត្រី​អង់គ្លេស​និងចិន​បាន​ព្រមានគ្នា​ទៅ​វិញ​ទៅ​មកអំពី​ផលវិបាក​ធ្ងន់ធ្ងរ។​

ការ​ឈ្លោះ​ប្រកែក​គ្នា​នេះ​មានឡើង​ក្រោយ​លោក Jeremy Hunt រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​បានសុំ​ដល់អាជ្ញាធរ​ចិន​ឱ្យគោរពតាមសេចក្តី​ប្រកាសរួម​រវាង​អង់គ្លេស​និង​ចិន​ដែល​ទាក់ទិន​នឹង​ការវិល​ត្រឡប់​របស់​ក្រុង​ហុងកុង​មក​ឋិតនៅ​ក្រោមការ​ត្រួតត្រា​របស់​ប្រទេស​ចិនវិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG