ខណៈដែលហេតុការណ៍ដ៏រន្ធត់នៅវិមានសភា Capitol របស់សហរដ្ឋអាមេរិកបានកើតឡើង កាលពីថ្ងៃទី៦ ខែមករា ពលរដ្ឋនៅក្នុងក្រុងហុងកុង ដែលស្ថិតនៅចម្ងាយជិត ១៣.០០០គ.ម. ពីរដ្ឋធានីវ៉ាស៊ីនតោនត្រូវបានគេរំឭកអំពីចលាចលនៅក្រុមប្រឹក្សានីតិបញ្ញត្តិផ្ទាល់ខ្លួនរបស់ពួកគេ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។
វាគឺជាហេតុការណ៍ដែលមិនធ្លាប់កើតមានពីមុន និងជាចំណុចរបត់មួយ សម្រាប់ចលនាតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង ដែលមានអាយុត្រឹម១ខែនៅពេលនោះ។
ថ្ងៃទី១ ខែកក្កដា ជាថ្ងៃដ៏សំខាន់នៅក្នុងទីក្រុងចិនមួយនេះ។ វាជាខួបដែលចក្រភពអង់គ្លេសប្រគល់ក្រុងហុងកុងទៅឱ្យចិនវិញ នៅក្នុងឆ្នាំ១៩៩៧ និងជាថ្ងៃដែលតែងតែទាក់ទាញការប្រមូលផ្តុំគ្នាប្រចាំឆ្នាំនៅថ្ងៃនេះចាប់តាំងពីពេលនោះមក។
ប៉ុន្តែនៅក្នុងឆ្នាំ២០១៩ មានហេតុផលមួយផ្សេងទៀតដែលមនុស្សម្នានាំគ្នាតវ៉ានៅលើផ្លូវ។ ពួកគេពេលនោះប្រឆាំងទៅនឹងច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលអនុញ្ញាតឱ្យមានបត្យាប័នពលរដ្ឋហុងកុងទៅកាន់ចិនដីគោក ដើម្បីកាត់ទោស។ ការប្រមូលផ្តុំគ្នាធ្វើការតវ៉ាពេលនោះបានចាប់កើនសន្ទុះតាំងពីខែមិថុនាមកម្ល៉េះ។
ខណៈដែលការតវ៉ាតាមផ្លូវបានរាលដាលទៅដល់អគាររដ្ឋាភិបាលនានានៅថ្ងៃនោះ ក្រុមសកម្មជនផ្សេងគ្នាបានបែកខ្ញែកចេញពីហ្វូងមនុស្ស និងបានធ្វើដំណើរឆ្ពោះទៅក្រុមប្រឹក្សានីតិបញ្ញត្តិដែលជាសភានយោបាយកំពូលរបស់ទីក្រុងហុងកុង។
នៅទីបំផុត ក្រុមបាតុករបានចូលក្នុងអគារក្រុមប្រឹក្សានីតិបញ្ញត្តិដោយបំបែកជញ្ជាំងកញ្ចក់ និងទ្វារដែក នៅពេលដែលប៉ូលិសក្នុងក្រុងហុងកុងជៀសវាងការប្រឈមមុខដាក់បាតុករ។ ក្រុមអ្នកតវ៉ាសម្រុកចូលក្នុងអគារ បក់ទង់ជាតិរបស់ចក្រភពអង់គ្លេស និងទង់ជាតិហុងកុងចាស់ក្នុងសម័យអាណានិគម។
ពាក្យស្លោកត្រូវបានគេបាញ់នៅលើជញ្ជាំង និងនៅលើគ្រឿងសង្ហារឹមហើយរូបរបស់អ្នកគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានបំផ្លាញ ប៉ុន្តែមានរបាយការណ៍ថា អ្នកតវ៉ាប្រឹងប្រែងការពារវត្ថុវប្បធម៌ និងស្នាដៃអក្សរសាស្ត្រ។
បើយោងតាមប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិការខូចខាតសរុបមាន ចំនួនប្រមាណ៥លានដុល្លារ។ ជារួម មនុស្ស១៣ត្រូវបានចាប់ខ្លួន ១៥នាក់រងរបួស និងមិនមានអ្នកស្លាប់នោះទេ។
រដ្ឋាភិបាលក្រុងប៉េកាំង និងអ្នកគាំទ្ររបស់ខ្លួន រួមទាំងអ្នកស្រី Carrie Lam នាយកប្រតិបត្តិក្រុងហុងកុងផងដែរ បានថ្កោលទោសហេតុការណ៍នៅក្រុមប្រឹក្សានីតិបញ្ញត្តិនេះថាជា «កុបកម្ម» ដោយប្រើសារផ្សព្វផ្សាយដែលផ្តោតលើ «ក្រុមអ្នកតវ៉ាហិង្សា» ដែលបានវាយបំផ្លាញបរិវេណអគារ។ ទោះបីជាមានការប្រើសង្គ្រាមពាក្យសម្តីក្តីក៏មួយសប្តាហ៍ក្រោយមក អ្នកស្រី Lam បានចុះចាញ់នឹងការដាក់សម្ពាធ និងបានប្រកាសថា ច្បាប់បត្យាប័ននេះ «ត្រូវលុបចោល»។
ប៉ុន្តែក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យយល់ថា ពួកគេបានធ្វើបញ្ជាក់នូវគោលជំហរមួយអំពីការព្យាយាមថែរក្សាលទ្ធិប្រជាធិបតេយ្យមានកម្រិតរបស់ហុងកុង និងប្រឆាំងនឹងការធ្លាក់ចូលបន្តិចម្តងៗទៅក្នុងប្រព័ន្ធដឹកនាំបែបផ្តាច់ការរបស់ចិន។
សូម្បីតែនៅពេលបច្ចុប្បន្ននេះ របាំងការពារនៅតែត្រូវបានគេដាក់នៅជុំវិញអគាររដ្ឋាភិបាលដែលនេះរំឭកច្បាស់ៗពីហេតុការណ៍ជាប្រវត្តិសាស្ត្រនៅពេលនោះ។
ក្រុងហុងកុងត្រូវស្ថិតក្នុងកិច្ចព្រមព្រៀង «ប្រទេសមួយ ប្រព័ន្ធពីរ» រហូតដល់ឆ្នាំ២០៤៧ ដែលត្រូវបានចុះហត្ថលេខារវាងចក្រភពអង់គ្លេស និងចិនដីគោកមុនពេលប្រគល់ទីក្រុងនេះទៅឱ្យចិនក្នុងឆ្នាំ១៩៩៧។ ការណ៍នេះអនុញ្ញាតឱ្យក្រុងហុងកុងមានភាពស្វយ័ត និងលទ្ធិប្រជាធិបតេយ្យមានកម្រិត។ ប៉ុន្តែពលរដ្ឋហុងកុងបានត្អូញត្អែរថារដ្ឋាភិបាលក្រុងប៉េកាំងកំពុងធ្វើឱ្យសេរីភាពទាំងនេះបាត់បង់ទៅបន្តិចម្តងៗ។
ដោយចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០១៩ ការធ្វើបាតុកម្មនៅតាមផ្លូវបានកើនឡើងនៅក្នុងអតីតទីក្រុងអាណានិគមចក្រភពអង់គ្លេសមួយនេះអស់រយៈពេល៦ខែជាប់គ្នា ដែលជារឿយៗបានក្លាយជាអំពើហិង្សា។ នៅក្នុងខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ក្រុងហុងកុងដោយហាមឃាត់មិនឱ្យមានសកម្មភាពវិទ្ធង្សនា ការបំបែករដ្ឋ និងការសមគំនិតជាមួយបរទេស ដោយការបំពានច្បាប់នេះត្រូវបានគេបកស្រាយយ៉ាងសេរី។
ចាប់តាំងពីពេលមានចលាចលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធទី៦ ខែមករា មក មន្ត្រីគណបក្សកុម្មុយនិស្តចិននិងអ្នកពាក់ព័ន្ធផ្សេងទៀតបានធ្វើការប្រៀបធៀបជាសាធារណៈរវាងហេតុការណ៍នៅវិមានសភា Capitol សហរដ្ឋអាមេរិក និងក្រុមប្រឹក្សានីតិបញ្ញត្តិរបស់ហុងកុង។
អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានបង្ហោះសារជាវីដេអូតាម Twitter អំពីព្រឹត្តិការណ៍នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងក្រុងហុងកុង ដោយមានចំណងជើងថា «ក្រុមកុបករហិង្សាសម្រុកចូលក្រុមប្រឹក្សានីតិបញ្ញត្តិ» នៅក្នុងអ្វីដែលត្រូវបានគេជឿថា ជាការឌឺដងដល់រដ្ឋាភិបាលវ៉ាស៊ីនតោន។
លោក Qingqin Chen អ្នកយកព័ត៌មានចម្បងនៃសារព័ត៌មាន Global Times ដែលមានចំណងទាក់ទងនឹងរដ្ឋចិនបានបង្ហោះសារតាម Twitter ថា៖ «នៅពេលអ្នកគាំទ្រលោកត្រាំសម្រុកចូលវិមានសភា Capitol ពួកគេត្រូវបានគេហៅថា «ក្រុមកុបករហិង្សា» ប៉ុន្តែយើងបានមើលឃើញស្ថានភាពដូចគ្នាកើតឡើងនៅក្នុងក្រុងហុងកុងនៅក្នុងឆ្នាំ២០១៩»។
ការភ្ជាប់ហេតុការណ៍ទាំងពីរនេះបានធ្វើឱ្យផ្ទុះកំហឹងនៅលើបណ្តាញសង្គម ដោយពលរដ្ឋ និងអ្នកសារព័ត៌មាននៅក្នុងក្រុងហុងកុងបានអះអាងដោយកំហឹងថា ហេតុការណ៍ទាំងពីរនេះមិនអាចប្រៀបធៀបគ្នាបានទេ។
លោក Nathan Law ដែលជាសកម្មជនហុងកុងនិរទេសខ្លួននិងដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Yale របស់សហរដ្ឋអាមេរិក បានបង្ហោះសារតាម Twitter អំពីការប្រៀបធៀបនេះ។
លោកបានសរសេរថា៖ «វាជាការប្រៀបធៀបខុសឆ្គងមួយ។ហេតុការណ៍ជាច្រើននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដែលជាថ្ងៃដ៏សំខាន់មួយក្នុងចំណោមថ្ងៃសំខាន់ៗនៃចលនានៃការតវ៉ាអាចជួយប្រាប់អ្នកពីភាពខុសគ្នាបាន»។
សារ Twitter របស់លោកបានបន្តថា៖ «អ្នកតវ៉ា[ហុងកុង]យល់ដឹងយ៉ាងច្បាស់ពីអ្វីដែលពួកគេកំពុងយកជាគោលដៅ ពួកគេគ្រាន់តែបំផ្លាញនិម្មិតសញ្ញាដែលតំណាងឱ្យរបបផ្តាច់ការតែប៉ុណ្ណោះ»។
លោក Law បានបន្ថែមទៀតថា៖ «អ្នកតវ៉ា[ហុងកុង]ដែលបានចូលក្នុងអគារមានភាពការដឹងខុសត្រូវខ្ពស់ និងមានឥរិយាបថល្អ។ ពួកគេតស៊ូដើម្បីសង្គមល្អប្រសើរជាងនេះ និងយុត្តិធម៌សង្គម។ ពួកគេពេលនោះទាមទារឱ្យរដ្ឋាភិបាលដែលមិនបានជាប់ឆ្នោតអនុវត្តនូវប្រព័ន្ធបោះឆ្នោតសេរី និងយុត្តិធម៌មួយ»។
អ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យមួយចំនួននៅក្នុងក្រុងហុងកុងក៏និយាយប្រាប់ VOA ពីប្រតិកម្មរបស់ពួកគេផងដែរ។
ពលរដ្ឋក្នុងក្រុងហុងកុងវ័យ២៧ឆ្នាំ ឈ្មោះ Aaron ដែលស្នើឱ្យបង្ហាញតែឈ្មោះរបស់លោកប៉ុណ្ណោះ (មិនមែនឈ្មោះពេញ) ដោយសារតែការភ័យពីការចាប់ខ្លួនបាននិយាយថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងតែងតែលេងល្បែង «ប្រៀបធៀប» នៅពេលពាក់ព័ន្ធនឹងនយោបាយអន្តរជាតិ ដោយព្យាយាមលាក់បាំងនូវព្រឹត្តិការណ៍ក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែចង្អុលបង្ហាញពីការបរាជ័យនៅក្នុងប្រទេសផ្សេង»។
លោក Aaron បានបន្ថែមទៀតថា៖ «បើមើលពីចម្ងាយ ខ្ញុំគិតថា អ្នកតាមដានស្ថានការណ៍ធម្មតានឹងធ្វើការប្រៀបធៀបភ្លាមៗរវាងព្រឹត្តិការណ៍ទាំងពីរ ខណៈដែលមិនបានយល់ពីភាពខុសគ្នាខ្លះរវាងប្រជាពលរដ្ឋដែលតវ៉ានឹងរដ្ឋាភិបាលឯកបក្សមិនមានប្រជាធិបតេយ្យដូចជានៅហុងកុងនិងចិន និងការតវ៉ានឹងលទ្ធផលបោះឆ្នោតប្រជាធិបតេយ្យស្របច្បាប់ដូចនៅក្នុងសហរដ្ឋអាមេរិក»។
លោក Aaron បានប្រាប់ VOA ថា សម្រាប់អ្នកតវ៉ាហុងកុង «មិនមានទាំងដំណើរការប្រជាធិបតេយ្យដើម្បីត្រួតពិនិត្យផង»។
ពលរដ្ឋហុងកុងម្នាក់ទៀតឈ្មោះ Anson ដែលស្នើសុំមិនឱ្យប្រើឈ្មោះពិតប្រាកដរបស់លោកបាននិយាយថា វាជា «រឿងគួរឱ្យអស់សំណើចខ្លាំងណាស់» ដែលហេតុការណ៍ទាំងពីរត្រូវបានប្រៀបធៀប ហើយការអត្ថាធិប្បាយរបស់ចិន «រំលេចឱ្យឃើញពីទស្សនៈតូចចង្អៀតរបស់ខ្លួនចំពោះលទ្ធិប្រជាធិបតេយ្យ»។
លោក Anson បានប្រាប់ VOA ថា៖ «ការសម្រុកចូលក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិបានកើតឡើងជាប្រតិកម្មចំពោះច្បាប់មិនមានភាពយុត្តិធម៌ដែលចេញដោយរដ្ឋាភិបាលហុងកុងដើម្បីរារាំងការវិវត្តទៅមុខនៃសេរីភាពសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងក្រុងហុងកុង។
ការសម្រុកចូលក្នុងវិមានសភា Capitol របស់សហរដ្ឋអាមេរិកជាប្រតិកម្មចំពោះការបោះឆ្នោតស្របច្បាប់ និងបែបប្រជាធិបតេយ្យមួយ។ ភាពខុសគ្នាដ៏សាមញ្ញគឺថា ពលរដ្ឋហុងកុងមិនមានសូម្បីតែឱកាសក្នុងការសម្រេចពីអនាគតរបស់ពួកគេដូច្នេះពួកគេត្រូវបានបង្ខំឱ្យធ្វើបែបនេះ៕