ប៉ូលិសក្រុងហុងកុងបានចាប់ខ្លួនមនុស្ស ៥៣ នាក់ នៅក្នុងការវាយឆ្មក់លើសកម្មជនប្រជាធិបតេយ្យនៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងអ្វីដែលពួកគេបាននិយាយថា ជាផែនការ «ផ្តួលរំលំ» រដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការចាប់ខ្លួនសកម្មជនទាំងនេះ គឺជាការបង្ក្រាបដ៏ធំបំផុត ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង កាលពីខែមិថុនា ឆ្នាំមុនមក។
អាជ្ញាធរបាននិយាយថា ការចាប់ខ្លួននេះគឺពាក់ព័ន្ធទៅនឹងការបោះឆ្នោតក្រៅផ្លូវការ កាលពីខែកក្កដាឆ្នាំមុន ដើម្បីជ្រើសរើសបេក្ខជនគណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតសភាទីក្រុងហុងកុង ដែលគ្រោងធ្វើឡើងកាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែត្រូវបានពន្យារពេលដោយសារជំងឺកូវីដ១៩។
លោក John Lee លេខាធិការសន្តិសុខទីក្រុងហុងកុង បាននិយាយថា ក្រុមនោះមានគម្រោងបង្ក «ការខូចខាតធ្ងន់ធ្ងរ» ដល់សង្គម ហើយថា អាជ្ញាធរនឹងមិនអត់ឱនចំពោះទង្វើវិទ្ធង្សនាណាមួយឡើយ។
រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញការគាំទ្រចំពោះអាជ្ញាធរហុងកុង នៅក្នុងការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យទាំង ៥៣ នាក់នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា សិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋហុងកុងផ្អែកលើច្បាប់ គឺមិនប៉ះពាល់នោះទេ។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយទេ។ ប៉ុន្តែ លោក Antony Blinken ដែលលោកប្រធានាធិបតីជាប់ឆ្នោត Joe Biden បានជ្រើសរើសឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋបាលរបស់លោក បានបញ្ជាក់នៅលើ Twitter ថា ការចាប់ខ្លួននេះគឺជា «ការបំពានលើអ្នកដែលគាំទ្រយ៉ាងអង់អាចក្លាហាន ចំពោះសិទ្ធិមនុស្សជាសាកល»៕