ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ្នក​តវ៉ា​នៅ​ហុងកុង​មាន​ប្រតិកម្ម​តប​ទៅ​នឹង​ការ​ប្រៀបធៀប​របស់​ចិន​រវាង​ព្រឹត្តិការណ៍​នៅ​វិមាន​សភា​អាមេរិក​ជាមួយ​នឹង​ព្រឹត្តិការណ៍​នៅ​សភា​ហុងកុង


រូបឯកសារ៖ បាតុករ​ហុងកុង​នាំ​គ្នា​ចូល​តវ៉ា​នៅ​ក្នុង​បន្ទប់​ប្រជុំ​រដ្ឋសភា​​ដើម្បី​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន ទីក្រុង​ហុងកុង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

ហេតុការណ៍​ហិង្សា​សម្រុក​ចូល​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន បាន​រំឭក​ដល់​ពលរដ្ឋ​ទីក្រុង​ហុងកុង​នូវ​ភាព​ច្របូកច្របល់​ដែល​បាន​កើតឡើង​នៅ​ក្នុង​សភា​ហុងកុង​កាលពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០១៩។

ថ្ងៃ​ទី ១ ខែ​កក្កដា​គឺជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​ទីក្រុង​ហុងកុង។ វា​ជា​ខួប​នៃ​ការ​ប្រគល់​ទីក្រុង​ហុងកុង​ដោយ​ចក្រភព​អង់គ្លេស​ទៅ​ឲ្យ​ប្រទេស​ចិន​វិញ​នៅ​ក្នុង​ឆ្នាំ ១៩៩៧ និង​បាន​ទាក់ទាញ​ឲ្យ​មាន​ការ​ជួបជុំ​ជា​រៀងរាល់​ឆ្នាំ​នៅ​ចំ​ខួប​នេះ​ចាប់​តាំងពី​ពេល​នោះ​មក។

ប៉ុន្តែ ការ​ជួបជុំ​កាល​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០១៩ គឺ​ខុស​ពី​រាល់​ដង ដោយ​បាតុករ​បាន​តវ៉ា​ប្រឆាំង​នឹង​សំណើ​ច្បាប់​បត្យាប័ន​របស់​ទីក្រុង​ហុងកុង។

នៅ​ពេល​នោះ ក្រុម​បាតុករ​បាន​សម្រុក​ចូល​ទៅ​ក្នុង​អគារ​សភា​របស់​ទីក្រុង​ហុងកុង ដោយ​បំបែក​ជញ្ជាំង​កញ្ចក់​និង​ទ្វារ​ដែក ខណៈ​ដែល​ប៉ូលិស​បាន​ជៀសវាង​មិន​ឲ្យ​មាន​ការ​ប្រឈម​មុខ​ជាមួយ​ក្រុម​បាតុករ។

ចាប់​តាំង​ពី​មាន​ភាព​ចលាចល​កើតឡើង​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​មក មន្ត្រី​គណបក្ស​កុម្មុយនីស្ត​ចិន និង​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​នេះ បាន​ធ្វើ​ការ​ប្រៀបធៀប​ជា​សាធារណៈ​រវាង​ព្រឹត្តិការណ៍​នៅ​វិមាន​សភា​អាមេរិក​នេះ និង​ព្រឹត្តិការណ៍​នៅ​សភា​ទីក្រុង​ហុងកុង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ Twitter អំពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០១៩ ក្នុង​ទីក្រុង​ហុងកុង ដែល​មាន​ចំណងជើង​ថា៖ «ហ្វូង​មនុស្ស​សង្គ្រប់​សម្រុក​ចូល​សភា​ហុងកុង» ដោយ​ហាក់​ដូចជា​ឌឺដង​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ទាក់ទិន​នឹង​ការ​ប្រៀបធៀប​នេះ លោក Nathan Law ដែល​ជា​សកម្មជន​ហុងកុង​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​លើក​ឡើង​នៅ​លើ Twitter ថា នេះ​គឺជា​ការ​ប្រៀបធៀប​មិន​ត្រឹមត្រូវ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ក្រុម​បាតុករ [ក្រុង​ហុងកុង] មាន​ការ​យល់​ដឹង​ច្បាស់​ថា​អ្វី​ដែល​ជា​គោលដៅ​ដែល​ពួកគេ​សំដៅ​លើ​នោះ។ ពួកគេ​គ្រាន់តែ​បាន​ធ្វើ​ឲ្យ​ខូចខាត​និមិត្ដសញ្ញា​នៃ​របប​ផ្តាច់ការ​តែ​ប៉ុណ្ណោះ។ ពួកគេ​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ដើម្បី​ឲ្យ​សង្គម​មាន​ភាព​ប្រសើរ​និង​មាន​យុត្តិធម៌។ ពួកគេ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដែល​ឡើង​កាន់​អំណាច​មិន​តាម​រយៈ​ការ​បោះឆ្នោត ឲ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​មាន​ភាព​យុត្តិធម៌​និង​សេរី»៕

XS
SM
MD
LG