ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ក្រុង​ហុងកុង​ដក​ចេញ​នូវ​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន


លោក​ស្រី Carrie Lam ប្រធាន​ប្រតិបត្តិ​ក្រុង​ហុង​កុង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​អង្គារ ទី​៣ កញ្ញា ២០១៩​ នៅ​ទីក្រុង​ហុងកុង។
លោក​ស្រី Carrie Lam ប្រធាន​ប្រតិបត្តិ​ក្រុង​ហុង​កុង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​អង្គារ ទី​៣ កញ្ញា ២០១៩​ នៅ​ទីក្រុង​ហុងកុង។

លោកស្រី ​Carrie Lam​ នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង ​និយាយ​ថា​ រដ្ឋាភិបាល​នឹង​ដក​ចេញ​ជា​ផ្លូវ​ការ​នូវ​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ដែល​រីក​កាន់​តែ​ធំ​ឡើង ​ហើយ​ជារឿយៗ​បាន​ក្លាយ​ជា​ហិង្សា​អស់​រយៈ​ពេល​៣​ខែ។

​ក្នុង​សារ​តាម​វីដេអូ​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​ការិយាល័យ​របស់​លោក​ស្រី ​លោក​ស្រី​ Carrie Lam​ ​បាន​និយាយ​ថា​ លោកស្រី​បាន​ដក​សេចក្តី​ព្រាង​ច្បាប់​នោះ​ចេញ​ដែល​នឹង​អនុញ្ញាត​ឲ្យ​បញ្ជូន​ជន​សង្ស័យ​ជា​ឧក្រិដ្ឋជន​ទៅ​កាន់​ចិន​ដីគោក​ដើម្បី​កាត់​ទោស​នៅ​ក្នុង​តុលាការ​មួយ​ដែល​ត្រូវ​បាន​ត្រួត​ត្រា​ដោយ​គណ​បក្ស​កុម្មុយនិស្ត​ចិន។

លោកស្រី ​Lam​ បាន​ព្យួរ​ទុក​សេចក្តី​ព្រាង​ច្បាប់​នោះ​នៅ​ពេល​ដែល​បាតុកម្ម ​បាន​រីក​កាន់​តែ​ធំឡើង​នៅ​ខែ​ទី១ ​ក៏ប៉ុន្តែ ​បាន​ធ្វើ​មិន​ដឹង​ឮ​ពី​ការ​អំពាវនាវ​ដោយ​ដក​សេច​ក្តី​ព្រាង​ច្បាប់​នោះ​ចេញ​ទាំង​ស្រុង។ ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​ភ្ញាក់​ផ្អើល​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ​លោក​ស្រី Lam ​បាន​យល់​ព្រម​ទៅ​តាម​ការទាម​ទារ​មួយ​ចំណុច​នៃ​ការ​ទាមទារ​ទាំង​អស់​៥​ចំណុច​ដែល​បាន​ធ្វើ​ឡើង​ដោយ​ពួក​បាតុករ ​ដែល​រួម​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ក្នុង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​អំពើ​ព្រៃ​ផ្សៃ​របស់​ប៉ូ​លិស ​ហើយ​និង​គោល​ដៅ​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​ដែន​ដី​ដែល​ត្រួតត្រា​ដោយ​ចិន​ដីគោក​នេះ។

​បាតុកម្ម ​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​ជីវភាព​ប្រចាំ​ថ្ងៃ​ជិត​ចំនួន​ពាក់​កណ្តាល​នៅ​ទីក្រុង​ហិរញ្ញ​វត្ថុ​អាស៊ី ​ដោយ​ពួក​បាតុករ ​បាន​បង្អាក់​សកម្មភាព​នានា​នៅ​ឯ​ប្រព័ន្ធ​រទេះ​ភ្លើង​ក្រោម​ដី​និង​ចំណត​អាកាសយាន។បាតុករ​រាប់​រយ​នាក់ ​បាន​ត្រូវ​ចាប់​ខ្លួន ​បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​ដែល​បាន​ប្រើ​ដំបង​និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​កាណុង​បាញ់​ទឹក។

ក៏ប៉ុន្តែ ​លោក ​Joshua Wong ​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​បន្ទាប់​ពី​សុន្ទរកថា​របស់​លោកស្រី​ Lam​ ថា​ ការ​សម្រេច​ចិត្ត​ដើម្បី​ដក​សេចក្តី​ព្រាងច្បាប់​«យឺត​ពេល​បន្តិច​ទៅ​ហើយ»៕

XS
SM
MD
LG