នៅក្នុងបរិវេណសាកលវិទ្យាល័យមួយ និងនៅក្នុងឧទ្យានមួយកន្លែងនៅជិតមជ្ឈមណ្ឌលរដ្ឋាភិបាល ពួកសិស្សរាប់ម៉ឺននាក់ បានរួបរួមគ្នា កាលពីថ្ងៃចន្ទនៅពេលដែលពួកគេធ្វើពហិការមិនចូលថ្នាក់រៀនហើយបានទាមទារឲ្យរដ្ឋាភិបាលគោរពការទាមទាររបស់ពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានធ្វើបាតុកម្មនៅតាមផ្លូវនានាអស់រយៈពេលជិត៣ខែ។
ពួកអ្នករៀបចំចាត់ចែង បាននិយាយថា សិស្សសាលាមធ្យមសិក្សារហូតដល់១ម៉ឺននាក់ មិនចូលថ្នាក់រៀន ហើយប្រហែលពាក់កណ្តាលនៃសិស្សទាំងនោះ បានធ្វើបាតុកម្មនៅជិតមជ្ឈមណ្ឌលរបស់ក្រុង។
សិស្សដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដែលជារបស់ចលនានោះ មុខរបស់ពួកគេគ្របដោយកន្សែងនិងរបាំងមុខ បានទាមទារឲ្យរដ្ឋាភិបាលគោរពការទាមទារចំនួន៥ចំណុច ដែលរួមមានការដកចេញទាំងស្រុងនូវសេចក្តីព្រាងច្បាប់ដ៏អាក្រក់ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នទៅកាន់ចិនដីគោកហើយនិងមានការស៊ើបអង្កេតឯករាជ្យមួយពីការប្រើហិង្សារបស់ប៉ូលិស។ សិស្សខ្លះបាននិយាយថា បញ្ហានេះ នឹងបន្ត បើមិនលុបចោលសេចក្តីព្រាងច្បាប់បត្យាប័ននោះទាំងស្រុងទេ។
និស្សិតម្នាក់មានឈ្មោះ Alex អាយុ២២ឆ្នាំ ដែលទើបប្រឡងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកាលពីពេលថ្មីនេះដែលបានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅគ្របតាំងពីក្បាលដល់ជើង បាននិយាយថា «នៅពេលដែលអ្នក មើលបញ្ហានេះ វាជាប្រព័ន្ធ។ បញ្ហាគឺរដ្ឋាភិបាលក្រុងប៉េកាំង។ ពលរដ្ឋនឹងមិនចុះចាញ់ទេ»។
នៅពេលដែលពួកគេ ប្រយុទ្ធដើម្បីស្វ័យភាពរបស់ទីក្រុង ពួកនិស្សិត និងបាតុករផ្សេងទៀត បានជ្រើសយកមធ្យោបាយហិង្សាដែលប៉ះទង្គិចជាមួយនឹងកម្លាំងហួសប្រមាណរបស់ប៉ូលិសក្រុងហុងកុង៕