កាលពីថ្ងៃសៅរ៍ ក្រុមបាតុករលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យបានប៉ះទង្គិចជាមួយពួកប៉ូលិសនៅក្នុងក្រុងហុងកុងនៅពេលពួកគេបានធ្វើការតវ៉ាតាមផ្លូវក្នុងដំណាច់សប្តាហ៍ទី១៣បន្តបន្ទាប់គ្នាដោយបំពានលើបម្រាមរបស់រដ្ឋាភិបាលមិនឱ្យធ្វើបាតុកម្ម។
ពួកប៉ូលិសបានបាញ់គ្រាប់បែកផ្សែងនិងបានប្រើប្រាស់កាណុងទឹកដើម្បីបាញ់ទឹកព៌ណខៀវទៅលើក្រុមបាតុករនៅខាងមុខសភាក្រុងនេះដើម្បីឱ្យងាយស្រួលដឹងថា ពួកគេជាក្រុមបាតុករ។ ពួកបាតុករដែលច្រើននាក់ស្លៀកសម្លៀកបំពាក់ព៌ណខ្មៅបានគ្រវែងដបដុតសាំងនិងដុំថ្មទៅលើពួកប៉ូលិសនៅពេលពួកគេយកឆ័ត្រធ្វើជារបាំងការពារខ្លួន។
មានផ្សែងខ្មៅហុយទ្រលោមនៅក្រោយក្រុមបាតុករបានដុតរបាំងមួយនៅលើផ្លូវមួយនៅជិតទីបញ្ជាការធំរបស់ពួកប៉ូលិសហុងកុង។
ភ្លើងឆេះនេះបានត្រូវពន្លត់នៅពេលពួកប៉ូលិសបានរុញច្រានក្រុមបាតុករទៅកាន់សង្កាត់លក់ទំនិញ Causeway Bay ដោយបានបាញ់គ្រប់បែកផ្សែងនិងបាញ់គ្រាប់កាំភ្លើងកៅស៊ូយូរៗម្តង។
មានការចាប់ខ្លួនមនុស្សមួយចំនួននៅក្រោយពេលថ្ងៃលិចនៅពេលពួកបាតុករនិងពួកប៉ូលិសបានប្រឈមដាក់គ្នានៅទូទាំងតំបន់រដ្ឋបាលពិសេសនេះ។
ពួកសកម្មជននិងក្រុមបាតុករបានប្រុងប្រៀបដើម្បី«ថ្ងៃសៅរ៍តឹងតែងនិងយូរ»មួយនៅក្រោយពួកប៉ូលិសហុងកុងបានចាប់ខ្លួនពួកសកម្មជនលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យជាង២៤នាក់ហើយហាមប្រាមការដើរធ្វើបាតុកម្មនៅពេលពួកមន្ត្រីស្វះស្វែងកម្ទេចចលនាប្រឆាំងនឹងរដ្ឋាភិបាល។
កាលពីថ្ងៃសុក្រ លោក Joshua Wong និងលោកស្រី Agnes Chow ដែលជាសមាជិកសភា, សកម្មជននិងមេដឹកនាំនិស្សិតល្បីឈ្មោះបានត្រូវចោទប្រកាន់ពីបទរំលោភលើច្បាប់ស្តីពីការធ្វើឱ្យមិនឱ្យមានរបៀបរៀបរយសាធារណៈដែលជាចំណាត់ការមួយពួកអ្នករិះគន់ហៅថា ជាការប៉ុនប៉ងច្បាស់លាស់មួយដើម្បីបំបាក់ទឹកចិត្តក្រុមអ្នកគាំទ្រយុទ្ធនាការនេះដែលមានរយៈពេលជិតបីខែមកហើយ ហើយនិងដើម្បីបញ្ឈប់យុទ្ធនាការនេះផងដែរ។
សកម្មជនទាំងពីរនាក់នេះបានត្រូវចោទប្រកាន់ក្នុងការទាក់ទិនជាមួយការឡោមព័ទ្ធទីបញ្ជាការធំរបស់ពួកប៉ូលិសកាលពីថ្ងៃទី២១ ខែមិថុនា ដែលនៅពេលនោះក្រុមបាតុករបានឡោមព័ទ្ធអាគារនោះច្រើនម៉ោងព្រមទាំងបានធ្វើឱ្យខូចខាតអាគារនោះផងដែរ។
ពួកប៉ូលិសក៏បានចោទប្រកាន់សមាជិកសភាហុងកុងបីនាក់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ គឺលោក Au Nok-hin, លោក Cheng Chung-tai និងលោក Jeremy Tam Man-ho៕