ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ហុងកុង​លេច​ធ្លោ​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បង្រ្កាប​បាតុកម្ម


សក​ម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ Joshua Wong និង​នាង Agnes Chow ត្រូវ​បាន​នាំ​ទៅ​ដល់​តុលាការ​ដោយ​ឡាន​ប៉ូលិស បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​ថា​បាន​រៀប​ចំ​ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ នៅ​ទីក្រុង​ហុង​កុង កាល​ពី​ថ្ងៃ​ទី​៣០ ខែសីហា ២០១៩។
សក​ម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ Joshua Wong និង​នាង Agnes Chow ត្រូវ​បាន​នាំ​ទៅ​ដល់​តុលាការ​ដោយ​ឡាន​ប៉ូលិស បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​ថា​បាន​រៀប​ចំ​ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ នៅ​ទីក្រុង​ហុង​កុង កាល​ពី​ថ្ងៃ​ទី​៣០ ខែសីហា ២០១៩។

ប៉ូលិស​ហុងកុង​បាន​ចាប់​ខ្លួន​សកម្មជន​លេច​ធ្លោ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​៣​នាក់ នៅ​មុន​ការ​ធ្វើបាតុកម្ម​សំខាន់​មួយ​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃសៅរ៍​ស្អែក​នេះ។

ក្បួន​បាតុកម្ម​នេះ​ត្រូវ​បាន​ក្រុម​អ្នករៀបចំ​ប្រកាស​បញ្ឈប់​រួច​ទៅ​ហើយ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​បណ្តឹង​ឧទ្ធរណ៍​បាន​បដិសេធ​មិន​ព្រម​ចេញ​ការ​អនុញ្ញាត​ឲ្យ។

លោក ​Joshua Wong ​ស្ថាបនិក​គណបក្ស​នយោបាយ​ Demosisto​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​សុក្រនេះ ​ក្រោម​បទ​ចោទ​សង្ស័យ​ថា​រៀប​ចំ​ធ្វើ​បាតុកម្ម​ដែល​គ្មាន​ការ​អនុញ្ញាត​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា​កន្លង​ទៅ។ នេះ​បើ​យោង​តាម​ប៉ូលិស។

គណបក្ស​ Demosisto​ ដែល​ធ្វើ​ការ​តស៊ូមតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​នៅ​ហុងកុង​បាន​ប្រកាស​នៅ​លើ​គណនី ​Twitter​ ផ្លូវការណ៍​របស់​ខ្លួន​ថា៖ «ភ្លាមៗ​លោក Joshua Wong ​ត្រូវ​បាន​គេ​រុញ​ចូល​រថយន្ត​ឯកជន​មួយ​នៅ​លើ​ផ្លូវ»។

នាង ​Agnes Chow​ ដែល​មក​ពី​គណបក្ស​ Demosisto​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពី​ផ្ទះ​របស់​នាង​ដែរ។ ប៉ូលិស​និយាយ​ថា​ ទាំង​លោក ​Wong និង​នាង ​Chow​ ដែល​មាន​វ័យ​២២​ឆ្នាំ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ក្រោម​បទ​ចោទ​សង្ស័យ​ថា «រៀបចំ​ការ​ប្រមូល​ផ្តុំ​អនាធិបតេយ្យ» និង«រៀប​ចំ​ការ​ប្រមូល​ផ្តុំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ»។

លោក ​Wong ​គឺ​ជា​សកម្មជន​លេច​ធ្លោ​ម្នាក់​នៃ​ចលនាឆ័ត្រ​នៅ​ទីក្រុង​ហុងកុង​ ដែល​បាន​ទាមទារ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ​នៅ​អំឡុង​បាតុកម្ម​ឆ្នាំ​២០១៤ ​ដែល​បាន​បណ្តាល​ឲ្យ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ជាប់​គំាង​អស់​រយៈ​ពេល​៧៩​ថ្ងៃ។ កាល​ពី​ខែ​មិថុនា​ លោក​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ពី​ពន្ធនាគារ​បន្ទាប់​ពីជាប់​ឃុំ​រយៈ​ពេល​៥សប្តាហ៍ ក្រោម​បទ​ចោទ​«មើល​ងាយ​តុលាការ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​ក៏​បាន​ចាប់​ខ្លួន​លោក ​Andy Chan​ ស្ថាបនិក​នៃ​គណបក្ស​ជាតិ​ហុងកុង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ក្រោម​បទ​ចោទ​សង្ស័យ​ថា​ ចូល​រួម​ធ្វើ​កុបកម្ម និង​វាយ​ប្រហារ​លើ​ប៉ូលិស​នៅ​អំឡុង​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កក្កដា៕

XS
SM
MD
LG