ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ក្រុង​ហុងកុង​ថា ​លោកស្រី​មិន​ចុះ​ចេញ​ពី​តំណែង​ដោយ​សារ​បាតុកម្ម​​នោះ​ទេ


លោកស្រី Carrie Lam ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០១៩។
លោកស្រី Carrie Lam ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០១៩។

លោកស្រី Carrie Lam នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​ដែល​មាន​ជម្លោះ និយាយ​ថា លោក​ស្រី​មិន​មាន​បំណង​ចុះ​ចេញ​ពី​តំណែង​ដើម្បី​បញ្ចប់​បាតុកម្ម​ប្រឆាំង​រដ្ឋាភិ​បាល​ដ៏​ក្តៅ​គគុក​នោះ​ដែល​បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​ទីក្រុង​នោះ​អស់​រយៈ​ពេល​៣ខែ​នោះ។

លោក​ស្រី Lam បាន​ឆ្លើយ​តប​ទៅ​នឹង​ទីភ្នាក់​ងារ​ព័ត៌មានReuters អំពី​ខ្សែអាត់​ថត​សំឡេង​មួយ​ដែល​លោក​ស្រី ​បាន​ប្រាប់ក្រុម​មេដឹកនាំ​ពាណិជ្ជកម្ម​កាល​ពី​សប្តាហ៍​មុន​ថា ​លោក​ស្រី ​មានការ​ច្របូកច្របល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្នើ​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូង​ចម្រាស​ដែល​បាន​ធ្វើ​ឲ្យ​មានការ​តវ៉ា​ប្រឆាំង​នោះ។​ លោកស្រី ​បាន​ប្រាប់​ក្រុម​មេដឹកនាំ​ពាណិជ្ជកម្ម​នោះថា ​លោកស្រី​នឹង​សុំ​អភ័យ​ទោស​ចំពោះ​សកម្មភាព​ហើយលោកស្រី​នឹង​ចុះចេញ​ពី​តំណែង ​«ប្រសិន​បើ ខ្ញុំ​មាន​ជម្រើស»។

​ក៏ប៉ុន្តែ ​លោកស្រី Lam ​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ស្រី មិន​បាន​គិត​ពីការ​ពិភាក្សាជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បីចុះ​ចេញ​ពី​តំណែង​នោះ​ទេ ហើយ​បាន​ប្រាប់​ខ្លួន​លោកស្រី​ម្តងហើយ​ម្តងទៀត​ក្នុង​រយៈ​ពេល​៣​ខែ​នេះ​ថា រដ្ឋបាល​របស់​លោកស្រី ​ត្រូវតែ​បន្ត​ការងារ​ដើម្បី​ជួយ​ទីក្រុង​ហុងកុង។

​លោកស្រី ​បាន​និយាយ​ទៀត​ថា ​ការ​បញ្ចេញ​ខ្សែ​អាត់​ថត​សំឡេង​ជា​ការ​មិន​អាច​ទទួល​យក​បាន។

ការតវ៉ា​ប្រឆាំង​អំពី​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន​ដែល​នឹង​បញ្ជូនជន​សង្ស័យ​ជាឧក្រិដ្ឋជន​ទៅ​កាន់​ចិន​ដីគោក​ដើម្បី​ប្រឈម​ការ​កាត់​ទោស ហើយ​ត្រូវ​បាន​ព្យួរ​ទុក​នៅ​ពេល​ឥឡូវ​នេះ ​ បាន​វិវត្តន៍​ទៅ​ជា​ការអំពាវនាវ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យកាន់​តែ​ខ្លាំង​ឡើង​និង​ការ​ស៊ើបអង្កេត​ឯករាជ្យក្នុង​ការ​ចោទ​ប្រកាន់ពីភាព​ព្រៃផ្សៃ​របស់​ប៉ូលិស។

បាតុកម្ម​នោះ​បាន​ធ្វើ​ឲ្យ​គាំង​ដំណើរ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នេះ ដោយ​ពួក​បាតុករ ​បាន​ធ្វើ​សកម្មភាព​បង្អាក់​ប្រព័ន្ធ​ផ្លូវ​រទេះ​ភ្លើង​ក្រោមដី​និង​ចំណត​អាកាស​យន្តហោះ​របស់​ទីក្រុង៕

XS
SM
MD
LG