ច្បាប់និងកតិកាសញ្ញាអន្តរជាតិមានជាច្រើនសម្រាប់ការពារផលប្រយោជន៍ពលការិនីចំណាកស្រុកឱ្យទទួលបានលក្ខខណ្ឌការងារល្អប្រសើរនិងប្រាក់ខែសមរម្យ ប៉ុន្តែការអនុវត្តនៅមិនទាន់បានល្អប្រសើរទេ។ នេះបើតាមការលើកឡើងរបស់សមាជិកសភានៃគណបក្សប្រឆាំង។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ថា ក្រៅពីការធានាឱ្យមានការងារសមរម្យ ប្រាក់ឈ្នួលសមរម្យទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ច្បាប់និងកតិកាសញ្ញាអន្តរជាតិក៏មានលើកឡើងពីការការពារមិនឱ្យមានការរើសអើងដោយសារភេទ ការការពារសុវត្ថិភាពស្ត្រីនៅពេលមុននិងក្រោយពេលមានគភ៌ ការទទួលស្គាល់គ្រួសារពលករចំណាកស្រុកដែលអនុញ្ញាតឱ្យស្ត្រីដែលធ្វើចំណាកស្រុកទៅតាមប្តីអាចរកការងារធ្វើបានផងដែរ។
លោកស្រីបានបន្ថែមថា៖
«ការដែលទទួលស្គាល់ពលករចំណាកស្រុកជាស្ត្រី ច្បាប់អន្តរជាតិធ្វើឱ្យស្ត្រីយើងមានសុវត្ថិភាពហើយជាពិសេសមានតម្លៃថ្លៃថ្នូរជាមនុស្សជាពលករដូចគេដូចឯងដែរ»។
មានពលករកម្ពុជាជាង១លាននាក់បានធ្វើចំណាកស្រុកទៅធ្វើការដោយខុសច្បាប់និងស្របច្បាប់នៅប្រទេសជាច្រើនក្នុងតំបន់ក្នុងនោះមានប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម។
កញ្ញា នៅ សំ អតីតពលករចំណាកស្រុកដែលបានធ្វើការនៅប្រទេសម៉ាឡេស៊ីជាអ្នកបម្រើតាមគេហដ្ឋានជាច្រើនឆ្នាំបានលើកឡើងថាច្បាប់មានមែនប៉ុន្តែការអនុវត្តមិនអាចធ្វើបាន ហើយគ្មានស្ថាប័នណាដែលតាមដានដើម្បីធានាថាក្រុមហ៊ុនដែលនាំពលករទៅក្រៅប្រទេសអនុវត្តបានត្រឹមត្រូវនោះទេ។
នាងបានរំលឹកពីស្ថានភាពក្នុងពេលកន្លងមកថា៖
«ពេលដែលក្រុមហ៊ុននាំប្អូនស្រីទៅដល់ប្រទេសម៉ាឡេស៊ីហើយគ្រាន់តែយកទៅឱ្យនៅជាមួយថៅកែហើយគេទុកប្អូនចោលនៅផ្ទះថៅកែ។ គេអត់ដែលទៅអើតមើលប្អូននៅផ្ទះថៅកែទេ ហើយមួយខែ៣០ថ្ងៃ គឺប្អូនធ្វើការរហូតអត់មានថ្ងៃសម្រាកទេ»។
កត្តាជីវភាពក្រីក្របាននាំឱ្យនាង នៅ សំ ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ នាពេលបច្ចុប្បន្ននេះ នាង នៅ សំ រកបានការងារធ្វើនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅតែមិនទទួលបានកម្រៃសមរម្យដែលអាចនឹងរស់នៅដើម្បីកសាងគ្រួសារមួយបានទេ។
នាងនៅតែចិញ្ចឹមចិត្តចង់ទៅធ្វើការនៅក្រៅប្រទេស៖
«ប្អូននៅតែមានអារម្មណ៍ចង់ទៅធ្វើការនៅក្រៅប្រទេស ព្រោះថាការងារដែលប្អូនធ្វើរាល់ថ្ងៃហ្នឹងគឺទទួលបានប្រាក់ខែតិច ហើយការធ្វើការវាមិនសមនឹងប្រាក់ខែ ទោះបីជាធ្វើការនៅក្រៅប្រទេសវាមានការលំបាកមែនប៉ុន្តែប្អូនអាចជួយដល់គ្រួសារ»។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា កត្តាចម្បងដើម្បីការពារស្រ្តីពីការរំលោភបំពានពេលទៅបំពេញការងារនៅក្រៅប្រទេសគឺត្រូវបង្កើតការងារនៅក្នុងស្រុកដែលទទួលបានប្រាក់ខែសមរម្យនិងផ្តល់ជំនាញឱ្យពួកគាត់ព្រោះបើពួកគាត់ធ្វើចំណាកស្រុកគឺត្រូវទៅធ្វើការងារណាដែលមានជំនាញដោយសារវាអាចជួយផ្តល់ការធានាការពារបានល្អប្រសើរជាង។
លោកស្រីបានរិះគន់គោលនយោបាយខ្លះរបស់រដ្ឋាភិបាលកម្ពុជាដែលនាំឱ្យមានការធ្វើចំណាកស្រុកដោយប្រថុយប្រថានព្រោះពលរដ្ឋគ្មានជម្រើស៖
«ការបាត់បង់ដីធ្លី ឧកញ៉ាធំៗមានដីធ្លីធំច្រើន ឯប្រជាកសិករយើងបាត់បង់ដីធ្លី នេះគឺជាបញ្ហាមួយដ៏ធំដែលរាជរដ្ឋាភិបាលបានលើកគោលនយោបាយដ៏ខុស ស្ទើរតែ១០០ភាគរយហើយត្រូវតែដោះស្រាយបញ្ហាហ្នឹង»៕