ប្រទេសកម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខពីរក្នុងបញ្ជីតាមដានការជួញដូរមនុស្សនាឆ្នាំ២០១៥ ដោយរដ្ឋាភិបាលនៃប្រទេសដ៏ក្រីក្រមួយនេះមិនទាន់បានប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅឡើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយផ្សាយបន្តដោយស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ។
សេចស្តីប្រកាសព័ត៌មានរបស់ស្ថានសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា ប្រទេសកម្ពុជានៅតែស្ថិតនៅចំណាត់ថ្នាក់លេខពីររយៈពេលបីឆ្នាំជាប់គ្នានៅក្នុងតារាងស្តីពីការការពារជនរងគ្រោះដោយការជួញដូរ ឬ Trafficking in Person (TIP) ដែលធ្វើការវាយតម្លៃដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ របាយការណ៍ស្តីពីចំណាត់ថ្នាក់នេះត្រូវបានប្រកាសផ្សាយដោយលោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.កាលពីល្ងាចថ្ងៃច័ន្ទនៅសហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរថា៖«ពិតមែនតែរដ្ឋាភិបាលបានបន្តនាំខ្លួនជនល្មើសយកមកកាត់ទោស ហើយបានដាក់ទោសជនប្រព្រឹត្តការជួញដូរ ដោយរួមទាំងករណីពាក់ព័ន្ធនឹងការបង្ខំឲ្យបុរសជនជាតិខ្មែរធ្វើការនៅលើទូកនេសាទក៏ដោយ តែរដ្ឋាភិបាលបានខកខានមិនបានបង្កើនការខិតខំជារួមដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទម្រង់ទាំងអស់ឲ្យបានច្រើនជាងឆ្នាំកន្លងទៅនោះទេ»។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានធ្វើចំណាត់ថ្នាក់ឲ្យប្រទេសចំនួន១៨៨នៅក្នុងពិភពលោក ជាបីប្រភេទសម្រាប់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនានាក្នុងការការពារ និងប្រយុទ្ធឆាំងការជួញដូរមនុស្ស។ ក្នុងនោះក្រុមប្រទេសចំណាត់ថ្នាក់ទី១គឺប្រទេសដែលរដ្ឋាបាលបានខិតខំប្រយុទ្ធនឹងការពារការជួញដូរមនុស្សដោយពេញទំហឹង ចំណាត់ថ្នាក់ទី២ ដូចជាប្រទេសកម្ពុជាគឺប្រទេសដែលរដ្ឋាភិបាលមិនបានខិតខំឲ្យអស់ពីលទ្ធភាពរបស់ខ្លួន និងទីបីគឺមិនបានប្រឹងប្រែងអី្វសោះ។
របាយការណ៍នេះ ដែលចេញផ្សាយក្នុងគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងប្រទេសកម្ពុជានៅមានបញ្ហាច្រើនក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការការពារជនដែលងាយរងគ្រោះពីការជួញដូរនេះ ជាពិសេសក្រុមបុរសដែលត្រូវគេឆបោកទៅធ្វើការលើទូកនេសាទនៅក្នុងមហាសមុទ្រនាប្រទេសថៃ ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីនោះ។ របាយការណ៍ដដែលក៏បានឲ្យដឹងដែរថា មានអំពើពុករលួយរបស់អាជ្ញាធរ មានបញ្ហាកង្វះថវិកាសម្រាប់ប្រយុទ្ធនឹងការជួញដូរមនុស្ស និងកង្វះការខិតខំប្រឹងប្រែងការពារជនដែលងាយរងគ្រោះនៅថ្នាក់មូលដ្ឋាន។
ទោះជាយ៉ាងនេះក៏ដោយ ក៏សហរដ្ឋអាមេរិកមើលឃើញពីកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតជាច្បាប់ប្រឆាំងការជួញដូរ ជាពិសេសលើកុមារ និងការដាក់ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិផងដែរ ដែលធ្វើឲ្យប្រទេសដ៏ក្រីក្រនេះឡើងពីចំណាត់ថ្នាក់ទីបីមកនៅត្រឹមទីពីរក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្សបានប្រាប់VOA ថា កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាគឺមិនមែនធ្វើឡើងដើម្បីបានចំណាត់ថា្នក់ណានោះទេ ក៏ប៉ុន្តែដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងដើម្បីប្រជាពលរដ្ឋកម្ពុជា។ ហើយរដ្ឋាភិបាលក៏ត្រូវការការចូលរួមពីគ្រប់ដៃគូដែរក្នុងកិច្ចការនេះ។
«កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៅតែបន្ត មានន័យថា យើងមិនបានធ្វើការងារនេះដើម្បីចំណាត់ថ្នាក់នោះទេ គឺយើងធ្វើការដើម្បីប្រជាពលរដ្ឋយើង។ នៅពេលដែលមានបញ្ហាកើតឡើង កម្ពុជានៅតែប្រយុទ្ធប្រឆាំងនឹងបញ្ហានេះជានិច្ច»។
លោកស្រីក៏បានបន្តដែរថា ភាគច្រើនគឺប្រជាពលរដ្ឋកម្ពុជាជាជនរងគ្រោះនៅក្នុងករណីជួញដូរ ដូចក្នុងករណីកម្មករនៅលើទូកនេសាទជាដើម ហើយវាត្រូវការកិច្ចសហការពីប្រទេសផ្សេងៗក្នុងការប្រយុទ្ធនឹងរឿងនេះ។
«អញ្ចឹងអំពើជួញដូរមនុស្សសម្រាប់កម្ពុជាគឺមានន័យថា គឺប្រជាពលរដ្ឋរបស់កម្ពុជាត្រូវបានគេជួញដូរទៅក្រៅប្រទេស ដែលក្នុងហ្នឹងយើងចង់និយាយថា វាមិនមែនជាការទទួលខុសត្រូវរបស់កម្ពុជាតែម្នាក់ឯងនោះទេ។ តែទោះបីជាយ៉ាងណា ក៏កិច្ចខំប្រឹងប្រែងក្នុងកម្រិតមួយដែលរដ្ឋាភិបាលយើងបានចាត់ទុកជាអាទិភាពរួចហើយ ពីព្រោះយើងបានរៀបចំជាយន្តការជាតិដែលមាន២២ស្ថាប័ន និង៥អង្គភាពមានសមត្ថកិច្ចចូលរួម»។
ដោយឡែកលោកមឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានទទួលស្គាល់ថា បញ្ហាជួញដូរមនុស្ស ជាពិសេសការឆបោកឲ្យប្រជាជនកម្ពុជាទៅធ្វើការខុសច្បាប់នៅប្រទេសជិតខាងនោះ នៅតែជាបញ្ហាប្រឈម។ ហើយបញ្ហាគ្មានការងារធ្វើ និងការអូសទាញពីជនឆបោកគឺជាប្រភពដែលនាំឲ្យមានការជួញដូរនោះ។
«នៅតែមានរឿងច្រើនណាស់ រឿងដែលមេខ្យល់សំខាន់ៗនៅថៃហ្នឹងគឺនៅមិនទាន់ចាប់បានគ្រប់គ្រាន់ទេ ហើយដូចដែលរបាយការណ៍នេះបានលើកឡើងនោះគឺប្រភពនៃជនរងគ្រោះគឺសឹងតែគ្រប់ស្រុក គ្រប់ខេត្តទាំងអស់»។
លោកបានបន្ថែមថា មកដល់ពេលនេះ មានប្រជាជនជាច្រើនបានធ្វើចំណាកស្រុក និងទុកកូនតូចៗរបស់ខ្លួនឲ្យនៅជាមួយតាយាយចាស់ៗតាមភូមិ។
ស្របពេលនោះដែរ ពលករខ្មែរ៣៣នាក់ ដែលត្រូវបានគេជួញដូរទៅធ្វើការលើទូកនេសាទនាប្រទេសឥណ្ឌូនេស៊ីបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
សូមបញ្ជាក់ផងដែរថា ការឲ្យចំណាត់ថ្នាក់ពីសហរដ្ឋអាមេរិកដែលចេញផ្សាយថ្ងៃអង្គារនេះគឺជាផ្នែកមួយនៃការជំរុញឲ្យមានការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅលើពិភពលោកឆ្នាំទី១៥ហើយ៕