ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាព​ក្រក្រី និង​កង្វះ​ព័ត៌មាន បាន​ធ្វើឲ្យ​ពលករ​កម្ពុជា​ចាក​ចេញ​ដោយ​ប្រថុយ​ប្រថាន

  • ហ៊ាន សុជាតា

រូបឯកសារ៖ ទូក​នេសាទ​ដឹក​អ្នកនេសាទ​ដែល​ត្រូវ​បាន​សង្គ្រោះ​កាលពី​ពេល​ថ្មីៗ​នេះ ឆ្ពោះ​ទៅ​ទីក្រុង​ទូអាល (Tual) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃសៅរ៍​ទី៤ ខែមេសា ឆ្នាំ២០១៥។ អ្នកនេសាទ​ទាំងនេះ ស្ថិត​ក្នុង​ចំណោម​ជនចំណាកស្រុក​រាប់រយ​នាក់​ដែល​ត្រូវ​បាន​រកឃើញ​នៅក្នុង​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ថា ពួកគេ​ត្រូវ​បាន​គេ​បោកប្រាស់​ឲ្យ​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​នេសាទ​គ្រឿង​សមុទ្រ។

ដោយ​សារ​តែ​ភាព​ក្រក្រី​ និង​​កង្វះ​ព័ត៌មាន​​ជុំវិញ​បញ្ហា​ចំណាក​ស្រុក​ ​ បាន​ធ្វើឲ្យ​​ពលករ​កម្ពុជា​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ប្រថុយ​​ប្រថាន​។

ដោយ​សារ​តែ​ភាព​ក្រក្រី​ និងកង្វះ​ព័ត៌មានជុំវិញ​បញ្ហា​ចំណាក​ស្រុក​ ​ បាន​ធ្វើឲ្យពលករ​កម្ពុជា​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន​។​ ​មាន​ពលករ​ចំណាក​ស្រុក​ជា​ច្រើន​ ​រងគ្រោះ​ដោយ​សារការ​កេង​ប្រវ័ញ្ច​ពលកម្ម​ និង​ជួញដូរ​ពីក្រុម​មេ​ខ្យល់​។​

ជាក់​ស្តែង​ កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​ ​ពលករ​កម្ពុជា​ខុសច្បាប់ចំនួន​៤​រូប​ ​ដែល​ធ្វើ​ការងារ​ជា​កម្មករ​បាញ់​ថ្នាំ​ក្នុង​ចំការ​មួយ​នៃ​ប្រទេស​ម៉ាឡេស៊ីត្រូវ​បាន​ជួយ​សង្គ្រោះ​ ​ដោយ​សា្ថន​ទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី​ និងសមាគម​អាដហុក​នៅ​កម្ពុជា​ ​បន្ទាប់​ពី​ពួក​គេ​មិន​ទទួល​បាន​លក្ខខណ្ឌ​ការងារ​និង​ប្រាក់ឈ្នួល​សមស្រប​ដូច​ដែល​ពួក​គេ​រំពឹង​ទុក​។​

​យុវជន​ មឹង​ គង់គា ​វ័យ១៨​ឆ្នាំ​ មក​ពី​ខេត្ត​កំពង់ធំ​ ជា​ពលករម្នាក់​ក្នុង​ចំណោម​ពលករ​ទាំង​៤​នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​។ គង់គា​ឲ្យដឹង​ថា​ ខ្លួនពុំ​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​ ឬ​ការ​កេង​ប្រវ័ញ្ច​ពី​ពលករ​ពីមុន​មក​នោះ​ឡើយ​។​ ​ហេតុនេះ​ទើប​ធ្វើឲ្យ​ ​គង់គា​សម្រេច​ចិត្ត​ចាកចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​សាច់ញាតិមួយ​ចំនួន​ទៀត​ ដើម្បី​ស្វែង​រក​ប្រាក់​កម្រៃ​ខ្លះ​ជួយ​ស្រាយ​បំណុល​ម្តាយនៅ​ឯផ្ទះ។​ ​ក៏​ប៉ុន្តែ​អ្វីៗ​ផ្ទុយ​ស្រឡះ​ពី​ក្តីសង្ឃឹ​ម។​

​ក្រៅ​ពី​មិន​ទទួលបាន​ប្រាក់​ខែ​៣០០ដុល្លារសហរដ្ឋ​អាមេរិក​ដូច​ដែល​មេខ្យល់​បាន​សន្យា​ គង់គា​ទទួល​បាន​ប្រាក់​កម្រៃ​ត្រឹម​តែ​២០​ម៉ឺន​រៀល​ ឬ​ប្រហែល​ជា​៥០​ដុល្លារ​តែ​ប៉ុណ្ណោះ។ ជាង​នេះ​ទៅ​ទៀត ​គង់គា​បែរ​ជា​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ ដោយសារ​ពុល​នឹង​សារជាតិ​គីមី​ ដែល​ប្រើ​ប្រចាំ​ថ្ងៃ​ក្នុង​ការងារ​នៅ​ចំការនោះ​ទៅវិញ​។ ​

«ខ្ញុំ​ធ្វើ​បាន​មួយ​ខែ​ពុល ពុល​ធ្លាក់ឈាម​តាមមាត់​ ពេល​ខ្ញុំ​ក្អួត​ធ្លាក់ឈាម​ ខ្ញុំ​ថា​ធ្វើ​ការ​អត់​កើតទេ តែ​វា​នៅ​តែ​ឱ្យខ្ញុំ​ទៅ​ធ្វើ​ការ​។ វា​ថា​ដំណាំ​វាខូច​ អ្នក​ណា​ទទួល​ខុស​ត្រូវ​។ វា​ពិបាក​ក៏​ពិបាក ហើយ​បាន​លុយ​តិចៗ​ទៀត»។​

ជាភ័ព្វសំណាង​ដែល​គង់គា​ ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​ធ្វើ​ការ​ក្នុង​ចំការ​នៅឯ​ប្រទេស​ម៉ាឡេស៊ី​នោះ ​អស់​រយៈ​ពេល​៦​ខែ​មក។​ គង់គា​រៀប​រាប់​ពី​ហេតុការណ៍​ដែល​ខ្លួន​បាន​រត់គេច​ពី​ចំការ​នៅ​ថ្ងៃ​នោះ​យ៉ាង​ដូច្នេះ​ថា៖​

«​ឲ្យ​ខ្ញុំ​រៀប​ចំ​ឥវ៉ាន់​ឱ្យ​បាន​ឆាប់ រួច​ហើយ​ខ្ញុំរត់​ ខ្ញុំ​ជិះ​ម៉ូតូ​វា​មក​ទុក​នៅ​ចំការ​ ហើយ​ខ្ញុំ​ក៏​បាន​ទាក់​ទង​ខ្មែរ​នៅ​ម៉ាឡេ​ដែរ គាត់​បាន​ទាក់ទង​តាក់ស៊ី​ឱ្យ​មក​យក​ខ្ញុំ​ ដើម្បី​ជិះ​មក​ស្ថានទូត​»។​

​អ្នក​ស្រី​ស៊ុយ​ សុខលី​ វ័យ​៣៨​ឆ្នាំ ជា​ម្តាយ​របស់​យុវជន​ មឹង​ គង់គា។​ អ្នក​ស្រី​ក៏​មិន​ធ្លាប់​ទទួល​បាន​ដំណឹង​ទាក់ទង​នឹង​ពលករ​ចំណាក​ស្រុក​ពី​មុន​នោះ​ទេ​ រហូត​ដល់​ថ្ងៃ​ដែលកូន​របស់​អ្នក​ស្រី​ផ្ទាល់​បាន​ក្លាយ​ខ្លួន​ជា​ជន​រងគ្រោះ​នៃ​ការជួញ​ដូរ​ពលករ​ខុស​ច្បាប់​នេះ​។​ អ្នក​ស្រី​ រៀប​រាប់​ទាំង​ទឹក​ភ្នែក​យ៉ាង​ដូច្នេះ​ថា​៖

«ខ្ញុំ​យំ ឃើញ​កូន​មក​ អោប​កូន​ម្ខាង​មួយ​ ខ្ញុំ​ស្មាន​តែ​កូន​មិន​រស់​ផង​ ចេះ​បាន​ខាង​អង្គការ​គេ​ជួយ​ បាន​យក​កូន​មកឱ្យ​ខ្ញុំ​វិញ​»។​

យោង​តាម​របាយ​ការណ៍​ស្តីពី​ «ស្ថានភាព​សិទ្ធិ​ស្ត្រី​ និង​កុមារ​» សម្រាប់៦​ខែ​ ដើមឆ្នាំ​២០១៥​ ចេញ​ផ្សាយដោយ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ឲ្យ​ដឹង​ថា​ ទំហំ​ទីផ្សារ​ការងារ​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ និងតម្លៃ​ពលកម្ម​ទាប​ ជា​កត្តា​ជំរុញ​ឲ្យ​ពលករ​កម្ពុជា​សម្រេចចិត្ត​ចាក​ចេញ​ពី​ស្រុក​កំណើត ទៅ​ប្រទេស​ជិត​ខាងតាម​រយៈ​ ​ក្រុម​ហ៊ុន​ ​នាំ​ពលករ​ស្របច្បាប់​ ​មិន​ស្រប​ច្បាប់​ ឬ​តាមរយៈ​មេខ្យល់​ជា​ដើម​។​

របាយការណ៍​ដែល​ធ្វើឡើង​នៅ​ខែ​កក្កដា​នេះ​ ​បញ្ជាក់​ថា ​ពលករ​ទាំង​នោះ​បាន​ទៅ​បម្រើ​ការងារ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​ ធ្វើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​ សំណង់ ​និង​រោង​ចក្រ ឬ​ទៅ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ជន​បរទេស។

មួយ​វិញ​ទៀត ​ដោយសារ​ការ​ចាកចេញ​តាម​រូប​ភាព​ស្របច្បាប់​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​ និង​ពេល​វេលា​យូរ​ បាន​ធ្វើ​ឲ្យ​ពលករ​ខ្លះ​សម្រេច​ចិត្ត​ចំណាក​ស្រុក​ខុស​ច្បាប់​តាម​រយៈ​មេខ្យល់​ដែល​អាច​ឲ្យពួកគេ​មាន​ការ​ប្រឈម​មុខ​ខ្ពស់​នឹង​ហានិភ័យ​នានា​ដូចជា​ត្រូវ​បាន​ចាប់ខ្លួន​ និង​បញ្ជូន​មក​វិញ​ដោយ​អាជ្ញាធរ​បរទេស​ និង​ការ​កេង​បន្លំ​ប្រាក់​ខែពី​សំណាក់​មេខ្យល់​ផងដែរ​។

អ្នកស្រី​ឆន សុគន្ធា ​ប្រធាន​ផ្នែក​ស្រ្តី​និង​កុមារ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ លើក​ឡើង​ថាកង្វះ​ខាត​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទៅ​ដល់​ថ្នាក់​មូល​ដ្ឋាន​អំពី​បញ្ហា​ប្រឈម​របស់​ពលករ​ចំណាក​ស្រុក ធ្វើឲ្យមេខ្យល់ឆ្លៀត​ឱកាស​បាន​ក្នុង​ការ​បោក​ប្រាស់​ប្រជាជន​នៅ​តាម​តំបន់​ដាច់​ស្រយាល។

​«ការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ក៏ដូចជា​ក្រសួង​ការងារ ​ពីផល​វិបាក​នៃ​ការ​ចំណាក​ស្រុក​គឺ​យើង​ឃើញ​មាន​តែ​នៅ​តំបន់ទី​ប្រជុំជនទេ​ សម្រាប់​តំបន់ជនបទ​ដាច់​ស្រយ៉ាល​ហ្នឹង​ ព័ត៌មាន​ដែល​គាត់​ទទួល​បាន​គឺ ​តាម​រយៈមេ​ខ្យល់។ ហើយ​មេខ្យល់​ឥឡូវ​គាត់​ទៅ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដូរ​ពីភូមិ​មួយ​ទៅ​ភូមិមួយ។ បើ​ផល​វិបាក​ គឺ​យើង​មាន​តែ​ខាង​អង្គការ​ ឬ​ក៏ខាង​រដ្ឋាភិបាល​តិច​តួច​បំផុត​ ដែល​ទៅ​ធ្វើការ​ផ្សព្វ​ផ្សាយ​តាម​ថ្នាក់​មូលដ្ឋាន»។

នៅ​ក្នុង​របាយការណ៍​របស់​សមាគម​អាដហុក​ ​ពលករ​ស្រប​ច្បាប់​កម្ពុជា​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​ជាង​៥ម៉ឺន​នាក់​។​

កាល​ពី​ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា​ និង​ប្រទេស​ម៉ាឡេស៊ី​ បាន​ធ្វើ​សេចក្តីព្រាង​អនុស្សារណៈ​យោគយល់​ក្នុង​ការ​បញ្ចូន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ ​អនុស្សារណៈ​នេះ​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​ពិត​ប្រាកដ​នៅ​ឡើយ​នោះ​ទេ។ ​

​លោក​ស្រី​ ជូ ប៊ុនអេង​ រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃ​យ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ អំពើ​ជួញដូរ​មនុស្ស​ ​អះអាងថា​ព័ត៌មាន​ជុំវិញ​ពលករត្រូវ​បាន​ដាក់​បញ្ចូល​ក្នុងគោល​នយោបាយ​របស់​រដ្ឋា​ភិបាល​ ដើម្បីបញ្ជ្រាប​ព័ត៌មាន​ទាំង​នោះទៅ​ដល់​ថ្នាក់​មូលដ្ឋាន។​ ជាង​នេះទៅទៀត​ ​ក៏មាន​ការ​ផ្សព្វ​ផ្សាយអំពី​បញ្ហា​ពលករ​ចំណាក​ស្រុក​នេះ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ផង​ដែរ​។​

លោក​ស្រី​រំឮក​ថា ​ប្រជាជន​ខ្លួន​ឯង​ផ្ទាល់​ដែល​មាន​បំណង​ចង់​ធ្វើ​ចំណាក​ស្រុកក៏​គួរ​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​ស្វះ​ស្វែង​រក​ព័ត៌មាន​ពាក់​ព័ន្ធ​ ដើម្បី​ចៀស​វាង​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន​ ដែល​អាចធ្វើ​ឲ្យ​ពួក​គេ​ងាយ​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​ពលកម្ម​ផងដែរ​។

«បើ​និយាយ​អំពី​រចនា​សម្ព័ន្ធគណៈកម្មាធិការជាតិ​គឺ​មាន​នៅ​គ្រប់​ដល់​សង្កាត់​ទៀត។ ​ហើយ​បើ​ថា​និយាយ​អំពី​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​គឺ​ដាក់​បញ្ចូល​នូវ​ការ​បង្ការ​ទប់​ស្កាត់អំពើ​ជួញ​ដូរមនុស្ស​ទៅ​តាម​គ្រប់​ឃុំ​សង្កាត់​។​ ការ​លំបាក​របស់​ការ​ប្រយុទ្ធ​ប្រឆាំង​ជួញដូរ​មនុស្ស​ នៅត្រង់​ថា​អ្នក​ដែល​ត្រូវ​បាន​គេ​បោក​ជា​ទូទៅគឺ​គាត់​អត់​សូវ​ស្តាប់ការ​ផ្សព្វ​ផ្សាយ​ ឬ​ការ​អប់រំទេ​ ប៉ុន្តែ​គាត់​ស្វែង​រក​មេ​ខ្យល់​ច្រើនជាង។​ប្រជាពលរដ្ឋ​យើង​មិនសូវ​ស្វែង​យល់​រកព័ត៌មាន​»។​

ជា​រឿយ​ៗ​ រដ្ឋាភិបាល​កម្ពុជា​ តែង​តែ​ធ្វើ​ការ​អំពាវនាវ​ ​និង​ផ្សព្វ​ផ្សាយ​ អំពី​បញ្ហា​ប្រឈម​ និង​ហានិភ័យ​ផ្សេងៗ​ទៅ​ដល់​ពលករ​ចំណាក​ស្រុក​។​ ជាក់ស្តែង​ កាល​ពី​ដើម​ខែ​កញ្ញា​នេះ ​ក្រសួង​ការ​បរទេស​ បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ អំពី​ចំណាក​ស្រុក​ទៅ​ក្រៅប្រទេស​ដើម្បី​ធ្វើការ​ និង​រៀប​ការ​ជាមួយ​ជន​បរទេស​ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ទៅ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ និង​ប្រទេស​ចិន។ ទោះជា​យ៉ាងណាក៏​ដោយ​ ក៏​នៅ​តែ​មាន​ពលករ​កម្ពុជា និង​ស្ត្រី​ខែ្មរ ធ្វើការ​ចំណាក​ស្រុក​ដោយ​ស្ម័គ្រ​ចិត្ត ​និង​ដោយ​ប្រថុយ​ប្រថាន​ទៅ​ក្រៅ​ប្រទេស​ដែរ។ ក៏ប៉ុន្តែ អ្នក​ចំណាក​ស្រុក​ខុស​ច្បាប់​ភាគ​ច្រើន ដូច​យុវជន​ មឹងគង់គា​ ដែល​ជា​អ្នកប្រថុយ​ប្រថាន​ម្នាក់​ បាន​ត្រឹម​តែ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដោយ​ដៃ​ទទេ​ និង​យក​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG