ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អារម្មណ៍​តានតឹង​កើត​ឡើង​នៅ​វៀតណាម​ក្នុង​ជម្លោះ​ជាមួ​ចិន


បាតុករ​ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​ប្រទេស​ចិន​ក្នុង​អំឡុង​ការ​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​នៅ​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី​​១៣ ខែ​ឧសភា ឆ្នាំ​២០១៤។
ភាព​តាន​តឹង​កំពុង​កើន​ឡើង​ក្នុង​ប្រទេស​វៀតណាម​ដោយ​សារ​តែ​មាន​ការ​ធ្វើ​បាតុកម្ម​ជាច្រើន​ត្រូវ​គេ​រាយ​ការណ៍​មក​ថា​បាន​កើត​ឡើង​ទូទាំង​ប្រទេស​ ចំ​ពេល​មាន​រឿង​ជម្លោះ​របស់​ប្រទេស​ជាមួយ​នឹង​ចិន​លើ​បញ្ហា​ការ​កសាង​រោង​ចក្រ ខួង​យក​ប្រេង​របស់​ចិន​ដែល​គេដាក់​នៅជិត​ប្រជុំ​កោះ​បារ៉ាស្សែល​នោះ។

បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ក្នុងទី​ក្រុង​ហាណូយ​ មាន​កម្មករ​រោងចក្រ​រាប់ពាន់​នាក់​នៅ​តាម​បណ្តា​រោងចក្រ​ចិន​ហុងកុង​និង ​ចិនតៃវ៉ាន់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​បាន​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ ដោយ​អំពាវនាវ​ឲ្យចិន​រុះរើ​សម្ភារៈ​ខួង​យក​ប្រេង​របស់​រដ្ឋ​ចេញ​ពី​ដែន​ទឹក​វៀតណាម។

សណ្ឋាគារ​ល្បីល្បាញ​មួយ​នៅ​តំបន់​ក្រុង​ឆ្នេរ​សមុទ្រ​ក៏​បាន​បដិសេធ​មិន​ទទួល​ ភ្ញៀវ​ចិន​ដែរ ​ហើយ​ក្រុម​ទេសចរណ៍​វៀតណាម​ក៏​លុប​ចោល​ដំណើរ​កម្សាន្ត​ ទៅ​កាន់​ប្រទេស​ចិន​ដែរ។

នៅ​ចុង​សប្តាហ៍​នេះ​ ពលរដ្ឋ​រាប់រយ​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​បរិវេណ​ ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ហាណូយ​ ដែល​ជា​បាតុកម្ម​ស្រដៀង​គ្នា​នឹង​បាតុកម្ម​ដែល​កំពុង​កើត​ឡើង​នៅ​ពាស​ពេញ​ប្រទេស​ដែរ។​ បាតុកម្ម​ជា​ច្រើន​ទៀត​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​នេះ។

បណ្តាញ​ព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ​ប្រទេស​វៀតណាម​ជា​ធម្មតា​តែងតែ​ស្ងប់ស្ងាត់​ចំពោះ​ការ​ផ្សព្វផ្សាយ​អំពី​រឿង​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​ការទូត​ជាមួយ ប្រទេស​ចិន។​ តែ​នៅ​សប្តាហ៍​នេះ​មាន​ការ​ពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ប្រឈម​ មុខ​ដាក់​គ្នា​និង​បាតុកម្ម​នានា។​ អ្នក​ជំនាញ​ការ​អំពី​បញ្ហា​វៀតណាម​ហើយ​ជា​អតីត អ្នកការ​ទូត​សរអា​ លោក​ ដេវីដ ប្រោន ​(David Brown) ​ថ្លែង​ថា ​សេចក្តី​រាយការណ៍​បឋមៗ​អំពី​រឿង​ខួង​យក​ប្រេង​ដំបូង​មិន​សូវ​ត្រូវ​គេ​បញ្ចេញ​ទេ​ តែ​ក្រោយ​មក​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​លឿន។

«រឿង​នេះ​មក​ពី​បុរស​ម្នាក់​ធ្វើ​ការ​នៅ​ក្នុង​កាសែត​ដែល​មាន​អ្នក​អាន​ច្រើន​ជាង​គេ​ មួយ ​ដែល​និយាយ​ថា​ពួកគេ​ត្រូវ​គេ​ប្រាប់​ថា​ពួក​គេ​អាច​បោះពុម្ភ​ផ្សាយ​អ្វីៗ​ដែល​ គេ​ទទួល​បាន​ពី​ជន​បរទេស។​ តែ​ពួក​គេ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ផង​ដែរ​អំពី​អ្វី​ដែល​ ពួក​គេ​សរសេរ។​ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ដំបូង»។

គណបក្ស​កុម្មុយនិស្ត​វៀតណាម​បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ជា​យូរ​មក​ហើយ​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា​ «សមុទ្រ​ខាង​កើត»​ ​ដែល​ជា​តំបន់​ត្រូវ​គេ​ជឿ​ថា​ជា​តំបន់​សម្បូណ៌​ប្រេង​និង​ឧស្ម័ន​នោះ។

ទោះជា​យ៉ាងណា​ក៏ដោយ​ ប្លុក ​១៤៣​ ដែល​ចិន​យក​ឧបករណ៍​ខួង​យក​ប្រេង​ HD 981 ​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​ចិន​ទៅ​ដាក់​នៅ​ទី​នោះ​កាលពី​ដើម​ខែ​នេះ​ មិន​ទាន់​បាន​តំឡើង​នៅ​ឡើយ​ទេ។​

លោក​សាស្ត្រាចារ្យ​ Carl Thayer ​មក​ពី​សាកល​វិទ្យាល័យ​ការពារ​ជាតិ​អូស្ត្រាលី​ថ្លែង​ថា​ មាន​ការ​ព្រមព្រៀង​គ្នា​ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​ឧស្សាហកម្ម​ប្រេង​ដែល​ថា​ តំបន់​នោះ​មិន​អាច​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដូច​ការ​រំពឹង​ទុក​ទេ។

«ប្លុក ​១៤៣​ មិន​ត្រូវ​បាន​តំឡើង​នៅ​ឡើយ​ទេ។​ វៀតណាម​បាន​បង្កើត​ការ​ខិត​ខំប្រឹង​ប្រែង​តិច​តួច​ដើម្បី​ធ្វើការ​អភិវឌ្ឍ។ ​ដូច្នេះ​និយាយ​ពាក្យ​ម្យ៉ាង​ទៀត​គឺពួកគេ​គ្រាន់តែ​តវ៉ាគ្នា​ដើម្បី​រក្សា​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ប៉ុណ្ណោះ។​ ប្រសិន​បើគេ​ទៅប្លុក​ជាប់នោះ​ គេ​ឃើញ​មាន​ប្រតិបត្តិ​ការ​កំពុង​ដំណើរការ​នៅ​ទីនោះ។​ ក្រុមហ៊ុន ​ExxonMobil ​ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​ប្លុក​តែ​ប៉ុណ្ណោះ»។

មាន​អ្នក​សង្កេត​ការណ៍​ខ្លះ​បាន​ទស្សន៍​ទាយ​ថា​ ទង្វើ​ដូច្នេះ​បាន​នាំមុខ​ដោយ ក្រុមហ៊ុន​រុករក​ប្រេង​ជាតិ​ប្រទេស​ចិន​ ហៅ​ថា ​China ​National ​Offshore ​Oil Company ​ឬហៅថា​CNOOC។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ Thayer ជំទាស់។

«ខ្ញុំ​បាន​ឮ​ថា​ក្រុមហ៊ុន​ CNOOC ​នៅ​ពេល​សួរ​អំពី​ការ​ទៅ​វិនិយោគ​នៅ​ទីនោះ​ បាន ប្រកែក​ជាបឋម​ថា​ទេ។​ វា​ជា​ការ​ចំណាយ​ថ្លៃ​ក្នុង​ការ​ប្រតិបត្តិការ​ពេល​វេលា​វែង ហើយ​ទីតាំងនោះ​មិនមែន​ជា​តំបន់​អាទិភាព​ខ្ពស់​របស់​គេផង។​ បន្ទាប់​មក​ពួក​គេ ត្រូវ​បាន​បញ្ជា​ឲ្យ​ចូល​ទៅ​វិញ»។

លោក ​Thayer ​ថ្លែង​ថា​បញ្ហា​នេះ​គឺ​ជារឿង​អធិបតេយ្យភាព​ មិន​មែន​ជា​ការ​រក ចំណេញ​ខាង​សេដ្ឋកិច្ច​ទេ។

នេះ​ជាសារ​ដែល​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ដោយ​បណ្តាញ​ព័ត៌មាន​វៀតណាម ​នៅ​ចុង​សប្តាហ៍​នេះ ​ដែល​បាន​ចងភ្ជាប់​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ទៅ​នឹង​ការ​ស្វែង រក​ការ​គាំទ្រ​ជា​អន្តរជាតិ​ ដើម្បី​ប្រឆាំង​នឹង​ចិន​ ហើយ​នឹង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​តំឡើង​សាច់ដុំ​ផ្នែក​យោធា។

នៅ​ឯ​កិច្ចប្រជុំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ក្នុង​ប្រទេស​ភូមា​ លោក​នាយក​រដ្ឋមន្ត្រី​ Nguyen ​Tan ​Dung ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍ មួយ​ដោយ​ថ្លែង​ថា​នេះ​ជា​ស្ថានការណ៍​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដែល​កំពុង​កើត ឡើង​ ហើយ​វាជា​រឿង​គំរាម​ទៅដល់​សន្តិភាព​ ស្ថិរភាព​និង​សន្តិសុខ​ផ្លូវ​នាវាចរណ៍​ ហើយ​នឹង​សុវត្ថិភាព​តំបន់​សមុទ្រ​ខាង​កើត»។

ឧត្តម​សេនីយ៍​ទោ​ Le Van Cuong​ អតីត​ប្រធាន​ស្ថាប័ន ​យុទ្ធសាស្ត្រ​សន្តិសុខ​នៃ​ ក្រសួង​សាធារណៈ​ការ​និយាយ​ថា​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ច្បាស់​ហើយ​ដោយ អំពាវនាវ​ឲ្យមាន​ការ​ជួយ​ពី​អន្តរជាតិ។

«លោក​ថ្លែង​ថា ​ការ​ឆ្លើយ​តប​មុនៗ​របស់​វៀតណាម​មិន​បាន​ធ្វើ​ឲ្យ​សម​ស្រប​នឹង​ស្ថានការណ៍​ដ៍​ធ្ងន់ធ្ងរ​ តែ​ពេល​នេះ​ជា​រឿង​ផ្សេងគ្នា»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​នៅឯ​ក្រសួង​ការបរទេស​ចិន ​នៅ​សប្តាហ៍​នេះ​ អ្នកនាំ ពាក្យ​ ហួរ ជននីង ​(Hua Chunying) ​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ ច័ន្ទថា​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ មិនមែន​ជា​បញ្ហា​រវាង​ចិន​និង​ប្រជាជាតិ អាស៊ាន​ទេ។

«លោក​ស្រី​ថ្លែង​ថា​ ចិន​មាន​ការ​យល់​ព្រមគ្នា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​ ការ​ធានា​សុវត្ថិភាព​និង​ស្ថិរភាព​ក្នុង​ដែន​សមុទ្រ»។

ក្នុង​ប្រទេស​វៀតណាម ​មាន​ក្តី​បារម្ភ​អំពី​ភាព​តាន​តឹង​អាច​បន្ត​កើន​ឡើង។​ នៅ​ឯ​ សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ហាណូយ ​លោក ​Cuong ​និយាយ​ថា​ មាន​ពលរដ្ឋ​ជាច្រើន​បារម្ភ​អំពី​អតុល្យភាព​កម្លាំង​យោធា​រវាង​វៀតណាម​និងចិន។​ តែ​លោក​ថ្លែង​ថា ​ប្រទេស​វៀតណាម​ក្នុង​ប្រវត្តិសាស្ត្រ​ធ្លាប់​មាន​ជោគជ័យ។

«លោក​ថ្លែងថា​លោក​ជឿ​ថា​ វៀតណាម​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​អំពីរឿង​អ្វី​ទេ។ ប្រសិន​បើ​ពិភពលោក​ដាក់​ចិន​ឲ្យ​នៅ​ឯកោ​ លោក​សួរ​ថា ​តើ​ចិន​រស់​យ៉ាង​ម៉េច?»។

លោក​បាន​ប្រៀប​ធៀប​សេដ្ឋកិច្ច​អន់ថយ​របស់​វៀតណាម​ទៅ​នឹង​ប្រទេស​នានា​ ដូច​ជា​បារាំង ​ដែល​វៀតណាម​បាន​ឈ្នះ​សង្គ្រាម​កាលពី​ឆ្នាំ​១៩៥៤ ​ហើយ​នឹង សហរដ្ឋ​អាមេរិក​ក្នុង​ទសវត្សរ៍​១៩៧០៕

ប្រែ​សម្រួល​ដោយ សុខ ខេមរា
XS
SM
MD
LG