ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាគម​វៀតណាម​ដក​ថយ​មិន​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​ចិន

  • ហេង រស្មី

កម្មករ​គ្រវី​ទង់ជាតិ​វៀតណាម​ក្នុង​អំឡុង​បាតុកម្ម​ប្រឆាំង​ចិន​នៅ​ឯ​រោងចក្រ​ស្បែក​ជើង​គ្រប់គ្រង​ដោយ​ជន​ជាតិ​ចិន​មួយ​កន្លែង​​ខេត្ត ​Thai Binh ភាគ​ខាង​ជើង​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤។
សមាគម​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សម្រេច​ផ្អាក​ការ​ដឹក​នាំ​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​នឹង​ស្ថាន​ទូត​ចិនដោយ​គ្មាន​កាល​កំណត់​ដោយបាន​លើក​ហេតុផល​ថា​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​របស់​សមាគម។​

សមាគម​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជាកាល​ពី​ថ្ងៃ​ពុធ​បាន​អះអាង​ថា​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​ស្ថាន​ទូត​ចិន​ដើម្បី​សម្តែង​មតិ​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ប្រទេស​ចិន​និង​ប្រទេស​វៀតណាម។ ជម្លោះ​នេះបាន​ឈាន​ដល់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដោយសារ​តែ​ជនជាតិ​វៀតណាម​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង​បាន​ធ្វើ​មហាបាតុកម្ម​ដុត​រោងចក្រ​របស់​ជនជាតិ​ចិន​និង​ចិន​តៃ​វ៉ាន់​នៅ​ក្នុង​ប្រទេស​វៀតណាម។​

ជនជាតិ​ចិន​និង​ចិន​តៃ​វ៉ាន់​បានបន្ត​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​គេច​ចេញ​ពី​អំពើ​ហិង្សា​ដ៏​រំជើប​រំជួល​ក្នុង​ប្រទេស​វៀតណាម។​
ជនជាតិ​ចិន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​ពី​ប្រទេស​វៀតណាម​ត្រង់​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
ជនជាតិ​ចិន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​ពី​ប្រទេស​វៀតណាម​ត្រង់​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
មន្ត្រី​ច្រក​ទ្វា​ព្រំ​ដែន​បាវិត​មួយ​រូប​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា​មាន​ជនជាតិ​ចិន​និង​ចិន​តៃ​វ៉ាន់​ប្រមាណ​ជាង​៦០០​នាក់​ហើយ​ បាន​ភៀស​ខ្លួន​ពី​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​បាវិត​ក៏​ប៉ុន្តែ​ស្ថានភាព​ភ្ញៀវ​ចេញ​ចូល​តាម​ច្រក​អន្តរជាតិ​មួយ​នេះ​មិន​មាន​បាតុកម្មតវ៉ា​ដូច​នៅ​ប្រទេស​វៀតណាម​ទេ។​

លោក​និយាយ​ថា៖ ​«អត់​ទេ​អត់​មាន ​សូម្បី​តែ​គាត់​មក​ឆ្លង​កាត់​ប៉ុស្តិ៍​វៀតណាម​ អាជ្ញាធរ​គេ​បំពេញ​បែប​បទ​ធម្មតា​មិន​មាន​អ្វី​ធ្វើ​ទុក្ខ​បុកម្នេញ​ឬក៏​អ្វីទេ​គឺ​ធម្មតា»។​

ទីភ្នាក់​ងារ​សារព័ត៌មាន ​Reuters​ ពី​ប្រទេស​វៀតណាម​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​២១​នាក់​បាន​ស្លាប់បាត់​បង់ជីវិតនិង​ជាង​១០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។​

ជនរង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​មាន​អ្នក​ដែល​គេ​សង្ស័យ​ថា​ ជា​ជនជាតិ​ចិន​១៦​នាក់​និង​កម្មករ​ជា​ជាតិ​វៀតណាម​៥​នាក់​ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ជនជាតិ​ចិន​ក្នុង​ប្រទេស​វៀតណាម។​

លោក​ ​ស៊ឹម ជី​ ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​ វៀតណាម​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា​ឆ្លង​តាម​កិច្ច​ប្រជុំ​គណៈកម្មការ​នៅ​ថ្ងៃ​នេះសមាគម​វៀតណាម​សម្រេច​ផ្អាក​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​គ្មាន​កាល​កំណត់​ប្រឆាំង​នឹង​ស្ថាន​ទូត​ចិន​ដោយ​សារ​តែ​រៀប​ចំពេល​វេលា​មិន​ទាន់។​

លោក​និយាយ​ថា៖​ «ពីព្រោះ​អ្វី​ប្រញាប់​ប្រញាល់​ពេក​។​យើង​រៀបចំអត់​ទាន់»។​

សមាគម​វៀតណាម​បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា​សាលា​ក្រុង​មិន​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​ ​ធ្វើ​មហា​បាតុកម្ម​ក្តី​ កូដកម្ម​ក្តី​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ទេ។​

លោក​និយាយ​ថា៖​«ព្រះរាជា​ណាចក្រ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​អព្យាក្រឹត។​ ខ្ញុំ​ជឿ​ថា​ប្រទេស​កម្ពុជា​មិន​មែន​ជាកន្លែង​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ម្ខាង​ធ្វើ​ការ​សម្តែង​មតិ​ឬក៏​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​យើង​បាន​ទេ»។​

អាជ្ញាធរ​វៀតណាម​កាល​ពី​ថ្ងៃពុធបាន​ទទូច​ឲ្យមាន​ភាព​ស្ងប់ស្ងាត់​ ហើយ​បាន​បញ្ជូន​ក្រុម​ប៉ូលិស​អន្តរាគមន៍​ផងដែរ។​ បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍ថា​មាន​ក្រុម​បាតុករ​ជាច្រើន​រយ​នាក់​ត្រូវ​ចាប់​ខ្លួន​ និង​ ចោទ​ប្រកាន់​ពី​បទ«​ធ្វើ​ឲ្យ​បាត់​សណ្តាប់​ធ្នាប់​សារធារណៈ ​និង​ញុះ​ញង់​កម្មករ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ទ្រព​សម្បត្តិ»។ ​

ប្រទេស​ចិនជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​ជាមួយ​នឹង​ប្រទេស​ វៀតណាម​ ដោយ​ផ្តល់​ប្រយោជន៍ មកវិញ​ដល់ទៅ​៥០​ពាន់​លាន​ដុល្លារ​សរអា​ក្នុង​ឆ្នាំ២០១៣។​ចំនួន​នេះ​កើនឡើង​ដល់​ទៅ​២២ ​ភាគរយ​ ក្នុងដើម​ឆ្នាំនេះ។​ នេះបើ​យោងទៅតាម​ការ​អះអាង​របស់​ការិយាល័យ​ស្ថិតិ​រដ្ឋ​ វៀតណាម៕
XS
SM
MD
LG