ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​ចិន​សុំ​ឱ្យ​កម្ពុជា​ជួយ​ការពារ​សុវត្ថិភាព​ជនជាតិ​ខ្លួន​ដែល​រត់​គេច​ពី​វៀតណាម


អ្នក​តវ៉ា​កាន់​ទង់ជាតិ​តៃវ៉ាន់​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ស្ថាន​កុងស៊ុល​វៀតណាម​ប្រចាំ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
អ្នក​តវ៉ា​កាន់​ទង់ជាតិ​តៃវ៉ាន់​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ស្ថាន​កុងស៊ុល​វៀតណាម​ប្រចាំ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សុក្រនេះ​បាន​ធ្វើ​លិខិត​កំណត់​ការ​ទូត​មួយច្បាប់​ទៅ​កាន់​ក្រសួង​ការ​បរទេស​កម្ពុជា​ដើម្បី​ឱ្យជួយ​ការ​ពារ​សុវត្ថិភាព​ជនជាតិ​ចិន​ដែល​កំពុងបន្ត​ភៀស​ខ្លួន​មក​កាន់​កម្ពុជា​ពី​ប្រទេស​វៀតណាម។​

លោក​ កុយ គួ​ង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​មាន​ប្រសាសន៍​ថា​កម្ពុជា​បាន​ចាត់​វិធានការ​ការពារ​ជនជាតិ​ចិន​មុន​ពេល​កំណត់​ការ​ទូត​មក​ដល់​ក្រសួង​ការបរទេស​ទៅ​ទៀត។​

លោក​បន្ថែម​ថា៖​ «ជា​ការណ៍​ពិត​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនជាតិ​ចិន​ដែល​គេ​ធ្វើ​ដំណើរ​ពី​វៀតណាម​មក​កម្ពុជា។ ​យើង​បាន​ជួយ​សម្រួល​ពី​ព្រោះ​គាត់​ចូល​មក​ផ្អែក​ទៅ​លើ​គោល​ការណ៍​មនុស្សធម៌»។​

លោក​ កៀត ច័ន្ទថារិទ្ធ​ អ្នក​នាំពាក្យ​អគ្គស្នង​ការ​នគរបាល​ជាតិ​មាន​ប្រសាសន៍​ថា​ ជនជាតិ​ចិន​ដែល​ភៀស​ខ្លួន​មក​កម្ពុជា​សមត្ថកិច្ច​កម្ពុជា​បាន​ឃ្លាំ​មើល​សុវត្ថិភាព​ពួកគេ​ជានិច្ច។​ លោក​បាន​បញ្ជាក់​ថា​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដាក់​កង​កម្លាំង​មាន​សមត្ថកិច្ច​ដាក់​ពង្រាយ​នៅ​តាម​សណ្ឋាគារ​និង​ផ្ទះ​សំណាក់​ដែល​ពួក​គេ​កំពុង​ស្នាក់​នៅ​ក៏​ដោយ​ក៏​កម្លាំង​ស៊ីវិល​បាន​ឃ្លាំ​មើល​ពួកគេ​ជាប្រចាំ។​

រីឯ​សមាគម​វៀតណាម​នៅ​កម្ពុជា​បាន​ប្រកាស​ថា​នៅ​សប្តាហ៍​ក្រោយ​នេះ​នឹង​ចេញ​ញត្តិ​មួយ​ច្បាប់​អំពាវនាវ​ឱ្យមាន​ចំណង​មិត្ត​ភាព​រវាង​សមាគម​ជនជាតិ​ចិន​និង​វៀតណាម​នៅ​កម្ពុជា​វិញ​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក​ ​សែម ជី​ ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា​ញត្តិ​នោះ​មាន​ពីរ​ចំណុច​គឺ​ចំណុច​ទីមួយ​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​វៀតណាម​និង​រដ្ឋាភិបាល​ចិន​ធ្វើ​យ៉ាង​ណា​មក​អង្គុយ​តុ​ចរចា​ដើម្បី​ជជែក​អំពី​បញ្ហា​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ប្រកប​ដោយ​សុខ​សន្តិភាព​និង​ចំណុច​ទី​២​អំពាវ​នាវ​ឱ្យសមាគម​វៀតណាម​និង​សមាគម​ចិន​នៅ​កម្ពុជា​រក្សា​ចំណង​មិត្តភាព​និង​សាមគ្គីភាព​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។​

លោក​បាន​និយាយ​ថា៖​ «នេះ​ជា​ឆន្ទៈ​របស់​បង​ប្អូន​សមាគម​វៀតណាមយើង​ខ្ញុំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា»។​

សមាគម​វៀតណាម​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​បាន​ដាក់​គម្រោង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​ស្ថានទូត​ចិន​នៅ​កម្ពុជា​ក៏​ប៉ុន្តែ​ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​រួច​មក​សមាគម​បាន​សម្រេច​ដក​ថយ​មិន​ធ្វើ​បាតុកម្ម​វិញតែ​មក​ទាម​ទារ​តាម​របៀប​ការ​ទូត​ម្តង​វិញ​ម្តង។​

ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​បាន​ឈាន​ដល់​អំពើ​ហិង្សា​ដោយ​សារ​តែ​ជនជាតិ​វៀតណាម​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង​បាន​ធ្វើ​មហា​បាតុកម្ម​និង​បាន​ដុត​រោង​ចក្រ​ជនជាតិ​ចិន​និង​ជនជាតិ​ចិន​តៃ​វ៉ាន់​ក្នុង​ប្រទេស​វៀតណាម។​
ជនជាតិ​ចិន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​ពី​ប្រទេស​វៀតណាម​ត្រង់​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
ជនជាតិ​ចិន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​ពី​ប្រទេស​វៀតណាម​ត្រង់​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
​មាន​ជនជាតិ​ចិន​និង​ចិន​តៃ​វ៉ាន់​ប្រមាណ​ជាង​៧០០​នាក់​បាន​បន្ត​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​ចូល​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​បាវិត​ខេត្ត​ស្វាយរៀង​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ជនជាតិ​វៀតណាម។​

ជន​ជាតិ​ចិន​មួយ​រូប​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភា្នក់​ងារ​សារព័តមាន​បរទេស​ Reuters ​នៅច្រក​ទ្វារព្រំដែន​បាវិត​ខេត្ត​ស្វាយ​រៀង​ថា​ពួកគេ​ភៀសខ្លួន​មក​កាន់​កម្ពុជា​ដោយ​ភ័យ​ខ្លាច​ពី​ការវាយ​ធ្វើ​បាប​ពី​ជនជាតិ​វៀតណាម។​

លោក​បាន​ហៅ​សកម្មភាព​ធ្វើ​បាតុកម្ម​របស់​ជនជាតិ​វៀតណាម​ថា​ជា​ទង្វើ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន។​

លោក​និយាយ​ថា៖​ «ចំពោះ​ជនជាតិ​ចិន​ វាជា​សកម្មភាព​ប្រឆាំង​ចិន។ ​ទង្វើ​បែប​នេះ​ សំខាន់​គឺ​ប្រឆាំង​ជាមួយ​ជនជាតិ​ចិន។ ​មិន​មាន​ទំនាក់ទំនង​ល្អ ​(មិនរាក់ទាក់​/មិនរាប់អាន) ​ចំពោះ​ជនជាតិចិន​ទេ»៕

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​អំពាវនាវដល់ពលរដ្ឋ​កម្ពុជាទាំងអស់​ឱ្យ​ជួយ​ឧបត្ថម្ភ​ជា​លក្ខណៈ​មនុស្សធម៌​ដល់​ជនជាតិ​ដើម​កំណើត​ចិន ​ដែល​បាន​ភៀស​ខ្លួន​មក​ជ្រកកោន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​គេច​ចេញ​ពី​អំពើ​ហិង្សា​ ដែល​កើត​ឡើង​ដោយសារ​ភាព​តានតឹង​ បណ្តាល​មក​ពី​ជម្លោះ​លើ​ដែន​សមុទ្រ​រវាង​ប្រទេស​ចិន​និង​វៀតណាម។

នៅ​ក្នុង​សារ​ផ្សាយ​តាម​គេហទំព័រ​ហ្វេសប៊ុកនៅ​ថ្ងៃ​នេះ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​បាន​បញ្ជាក់​ថា៖

«បងប្អូន​ជន​រួម​ជាតិ​អាច​ជួយ​យក​អាសា​ដល់​ជនជាតិ​ដើម​កំណើត​ចិន​ ដែល​កំពុង​ភៀស​ខ្លួន​ទាំង​នោះ​ ទៅ​តាម​លទ្ធភាព ​ដូចជា​ជួយ​ផ្តល់​ជម្រក​ស្នាក់នៅ​ ម្ហូប​អាហារ ​ថ្នាំពេទ្យ។ល។ ​សម្រាប់​ជួយ​សម្រាល​បន្ទុក​ ដែល​ជនភៀសខ្លួន​ទាំង​នោះ​ត្រូវការ​ជា​ចាំបាច់​ក្នុង​គ្រា​មាន​អាសន្ន​នា​ពេល​នេះ»។

លោក​សម រង្ស៊ី​បាន​បន្ថែម​ថា​៖ «គណបក្ស​សង្រ្គោះ​ជាតិ ​សង្ឃឹម​លើ​សន្តានចិត្ត​សប្បុរសធម៌ ​និង​មនុស្សធម៌​របស់​បងប្អូន​ជនរួមជាតិ​ ដែល​តែងតែ​មាន​មេត្តាធម៌ ​ករុណាធម៌ ​និង​ចេះ​ជួយ​សម្រាល​ទុក្ខធុរៈ ​និង​យកអាសា​គ្នា ​ក្នុងគ្រា​មាន​អាសន្ន​ ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍​អ្វី​ឡើយ»៕
XS
SM
MD
LG