ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​ជាតិ​ចិន​ភៀស​ខ្លួន​ពី​វៀតណាម​មក​កម្ពុជា

  • ហេង រស្មី

អ្នក​វិនិយោគ​ជនជាតិ​ចិន​ជា​ច្រើន​នាក់​បាន​កំពុង​តែ​ភៀស​ខ្លួន​មក​កាន់​កម្ពុជា​តាម​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត កាល​​ពី​ថ្ងៃពុធ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤ ខណៈ​ដែល​បាតុកម្ម​ប្រឆាំង​នឹង​ជនជាតិ​ចិន​នៅ​ប្រទេស​វៀតណាម​ជុំវិញ​បញ្ហា​សមុទ្រ​ចិនខាង​ត្បូង​កំពុង​ឡើង​កម្តៅ។ នៅ​ថ្ងៃ​ពុធ​នេះ​មាន​ក្រុមហ៊ុន​ចិន​ជា​ច្រើន​បាន​បិទ​ទ្វារ​និង​យ៉ាងហោច​ណាស់​១៥​ក្រុមហ៊ុន​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ហ្វូង​បាតុករ។ (រូបថត​ត្រូវ​ផ្តល់​ឲ្យ)
សមាគម​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​គ្រោង​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ស្ថាន​ទូត​ចិន​ ក្នុង​ខណៈ​ពេល​ដែល​ជម្លោះនៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​តែឡើង​កម្តៅ ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ មាន​អ្នក​វិនិយោគ​ទុន​និង​អ្នក​ទេសចរណ៍​ជន​ជាតិ​ចិន​ជា​ច្រើន​នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​ ខេត្ត​ស្វាយ​រៀង​ ដោយ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ជនជាតិ​វៀតណាម។

ការ​ភៀស​ខ្លួន​របស់​ជនជាតិ​ចិន​មក​កាន់​ប្រទេស​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ បាន​កើត​ឡើង​ក្រោយពី​នាវា​វៀតណាម​និង​ចិន​បាន​ត្រូវ​គេ​រាយ​ការណ៍​មក​ថា ​បាន​បាញ់ទឹក​ដាក់​គ្នា​នៅ​ជិត​ការដ្ឋាន​អណ្តូង​ខួង​ប្រេង​របស់​ចិន​ក្នុង​ផ្ទៃ​ទឹក​មាន​ជម្លោះក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និយាយ​ថា ​វៀតណាម​បាន​បន្ត​បញ្ជូន​នាវា​ទៅ​កាន់​តំបន់​នោះ​ដើម្បី​គំរាម​កំហែង​បុគ្គលិក​ចិន។​

មាន​រោង​ចក្រ​របស់​ចិន​ចំនួន​១៥​កន្លែង​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​បរទេស​ BBC ​រាយ​ការណ៍​ថា​ ពលរដ្ឋ​វៀតណាម​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង​បាន​ដុត​ឆេះ។ ​ក៏ប៉ុន្តែ​ដោយ​ឡែក​រោង​ចក្រ​ជាច្រើន​ដែល​គ្រប់​គ្រង​ដោយ​ថៅ​កែ​ជនជាតិ​ចិន​នៅ​កម្ពុជា​មិន​ទាន់​ទទួល​រង​នៅ​ផល​ប៉ះពាល់​ទេ។​

លោក​ទ្រឹង​ វ៉ាន់​ថុង​ អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ លោក​បាន​ទទួល​ដំណឹង​ពី​ជន​ជាតិ​ចិន​បាន​ភៀស​ខ្លួន​ពី​វៀតណាម​មក​កាន់​កម្ពុជា​ផង​ដែរ។​ តែ​លោក​បាន​អះអាង​ថា​ ប្រទេស​វៀតណាម​មិន​បាន​បណ្តេញ​ពួកគេ​ចេញ​ទេ​គឺ​ពួកគេ​បាន​ចាក​ចេញ​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​ «អាហ្នឹង​មិន​មាន​ការ​ដេញ​ទេ។​ នេះ​មកពី​ខ្លួន​ឯង​ទេ ​មិន​ដឹង​ថា​ មូល​ហេតុ​អ្វី​បានជា​ជនជាតិ​ចិន​គេមិន​ចង់​រស់​នៅ​ទី​នោះ​ទៀត​គឺ​គេ​ចង់​ទៅ​កម្ពុជា​ ឬ​ក៏ទៅ​ណា​ខ្ញុំ​ក៏មិន​ដឹង​ដែរ»។​

មិន​មាន​ចំនួន​តួលេខ​ជាក់​លក្ខណ​ថា​ មាន​ជន​ជាតិ​ចិន​ប៉ុន្មាន​នាក់​ដែល​បាន​ភៀស​ខ្លួន​ពី​វៀតណាម​មក​កាន់​កម្ពុជា​ទេ។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទងសុំ​ការ​បញ្ជាក់​ពី​លោក​ឧត្តម​សេនីយ៍​សុខ ផល​ ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួង​មហា​ផ្ទៃ​ តែ​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ។​ ចំណែក​ឯក​លោកកឹង ឈន​ ស្នង​ការ​ប៉ូលិស​ខេត្ត​ស្វាយ​រៀង​ បាន​និយាយ​ថា ​លោក​កំពុង​ជាប់​រវល់។​

សមាគម​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​គ្រោង​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ពាក់​ព័ន្ធនឹង​ជម្លោះនៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក​ស៊ឹម ជី​ ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​ វៀតណាម​ប្រចាំ​កម្ពុជា ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធនេះ​ថា​ នៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែក​នេះ​លោក​នឹង​ជួប​ប្រជុំ​ជាមួយ​និង​គណៈកម្មការ​ដើម្បី​សម្រេចធ្វើ​មហា​បាតុកម្ម​នេះ។

លោក​បញ្ជាក់​ថា​ បាតុកម្ម​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​បង្ហាញ​ឆន្ទៈ​ស្នេហា​ជាតិ​របស់​ជនជាតិ​វៀតណាម​ពាក់​ព័ន្ធ​នឹង​ជម្លោះនៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​និយាយ​ថា៖​ «ខាង​ខ្ញុំ​ហ្នឹង​ធ្វើ​ ​ប៉ុន្តែ​ចាំ​ខ្ញុំ​ត្រឡប់​មក​វិញ​ យើង​ប្រជុំ​គណៈ​កម្មការ​ខ្ញុំ»។​

លោក​ឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​បញ្ជាក់​ថា ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យជន​បរទេស​ណា​មួយ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ជនជាតិ​មួយ​ផ្សេង​ទៀត​ក្នុង​ទឹក​ដី​កម្ពុជា​បាន​ទេ។​

លោក​និយាយ​ថា៖ ​«ខ្ញុំ​ចាត់ទុក​ថា ​ទឹក​ដី​កម្ពុជា​មិន​មែន​សម្រាប់​ជនជាតិ​បរទេស​យក​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​ប្រឆាំងនឹង​ជនជាតិ​ណា​មួយ​ទេ។ ​ច្បាប់​មិន​អនុញ្ញាត​ទេ»។

គណបក្ស​ប្រឆាំង​ធ្លាប់​បាន​រិះគន់​ថា​ មាន​ជនជាតិ​វៀតណាម​ប្រមាណ​ជាង​១​លាន​នាក់​បាន​តាំង​ទី​លំនៅ​ខុស​ច្បាប់​នៅ​កម្ពុជា។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ប្រទេស​ចិន​ទើប​បាន​ប្រកាស​ថា ​ខ្លួន​បាន​ដាក់​ការដ្ឋាន​ខួង​ប្រេង​ដែល​រៀបចំ​ចាត់​ចែង​ដោយ​រដ្ឋនៅ​ជិត​ប្រជុំ​កោះ​ Paracels ​ដែល​ស្ថិត​នៅ​ចម្ងាយ​២២០​គ.ម.​ពី​ឆ្នេរ​សមុទ្រ​វៀតណាម។

កន្លែង​នោះ​ជាតំបន់​មួយ​ដែល​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​បាន​អះអាង​ថា ​ជា​តំបន់​សេដ្ឋ​កិច្ច​ផ្តាច់មុខ​របស់​ខ្លួន។ ​ការដ្ឋាន​ខួង​ប្រេង​ដែល​មាន​តម្លៃ​១​ពាន់​លាន​ដុល្លារ​នេះ​ជា​របស់​ក្រុមហ៊ុន​ប្រេង​ចិន​ដែល​មាន​ឈ្មោះ​ថា CNOOC ​ដែល​កាន់​កាប់​ដោយ​រដ្ឋាភិបាល​ចិន។​ ប្រទេស​ចិន​បាន​ពោល​អះអាង​ថា ​ប្រតិបត្តិការ​ខួង​ប្រេង​ពិត​ប្រាកដ​ឋិត​នៅ​ក្នុង​ផ្ទៃ​ទឹក​របស់​ខ្លួន៕
XS
SM
MD
LG