ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​បៃតង​នៅ​អាមេរិក​គាំទ្រ​​គុណធម៌​ជា​និរន្តរភាព​ប៉ុន្តែ​ត្រូវ​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​អ្នក​គាំទ្រ


រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​បៃ​តង លោក​ស្រី Jill Stein ថ្លែង​សុន្ទរកថា​នៅ​គណបក្សបៃតងនៅ​រដ្ឋ​ Maryland កាល​ពី​ឆ្នាំ២០១២។

គណបក្ស​បៃតង​យក​គោលការណ៍​​សង្គម​មួយ​ប្រកប​ដោយ​​និរន្តរភាព​ផ្នែក​អេកូឡូស៊ី ​ដូចជា​បរិស្ថាន​និយម​ មូលដ្ឋាន​លទ្ធិ​ប្រជា​ធិបតេយ្យ​អហិង្សា។ ប៉ុន្តែ​គណបក្ស​នេះ​ក៏​កំពុង​តែ​ប្រយុទ្ធ​ដើម្បី​​ទទួល​បាន​​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត។

នៅ​ក្នុង​ខែ​ចុង​ក្រោយ​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​នេះ គណបក្ស​បៃតង​ដែល​ជា​គណបក្ស​ឆ្វេង​និយម​មួយ បាន​ហៅ​ខ្លួន​ឯង​ថា​ជា​«ភាព​ខុស​ប្លែក​ពិត​ប្រាកដ»​ និង​បាន​អញ្ជើញ​អ្នក​គាំទ្រ​របស់​លោក​ Bernie Sanders ​បេក្ខជន​ប្រធានា​ធិបតី​មួយ​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ឲ្យ​ពិចារណា​លើ​គណបក្ស​បៃតង​នេះ​ថា​ជា​ជម្រកនយោបាយ​របស់​ពួកគេ។

គណបក្ស​បៃតង​យក​គោលការណ៍​បៃតង​ជា​មូលដ្ឋាន​របស់​ពួក​គេ ដែល​ជា​សង្គម​មួយ​ប្រកប​ដោយនិរន្តរភាព​ផ្នែក​អេកូឡូស៊ី ​ដូចជា​បរិស្ថាន​និយម​ មូលដ្ឋាន​លទ្ធិ​ប្រជា​ធិបតេយ្យ​អហិង្សា។ ប៉ុន្តែ​គណបក្ស​នេះ​ក៏​កំពុង​តែ​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​សិទ្ធិ​មូលដ្ឋាន​ក្នុង​ការ​ទទួល​បានការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​ផង​ដែរ។

លោកស្រី​ Jill Stein​ សមាជិក​ម្នាក់​នៃ​គណបក្ស​បៃតងដែល​សង្ឃឹម​ថា​នឹង​បាន​ក្លាយ​ជា​ប្រធានាធិបតី​ បាន​និយាយ​នៅ​ក្នុង​ខែ​មិថុនា​ថា៖ «យើង​កំពុង​ប្រយុទ្ធ​ដើម្បី​ទាម​ទារឲ្យ​មាន​ការ​ជជែក​ដេញ​ដោលគ្នា ដើម្បី​ឲ្យ​ប្រជាជន​អាមេរិក​អាច​សម្រេច​ចិត្ត​ថា​ តើ​អ្នក​ណា​ជា​ជម្រើស​របស់​ពួក​គេ»។ ការ​ជជែក​ដេញ​ដោល​ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ទូទៅ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ចំណោម​បេក្ខជន​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ ​គឺ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ។

លោកស្រី​ Stein​ ក៏​បាន​អំពាវនាវឲ្យ​បើក​ការ​បោះ​ឆ្នោត​ប្រចាំ​រដ្ឋ​នីមួយៗ​សម្រាប់​បេក្ខជន​ទាំង​អស់​ផង​ដែរ។ ​លោក​និយាយ​ថា៖ «យើង​អំពាវនាវ​ឲ្យ​មាន​ច្បាប់​ប្រកប​ដោយ​សុភវិនិច្ឆ័យ​មួយ​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង»។

រហូត​មក​ដល់​ខែ​មិថុនា ឆ្នាំ​២០១៦​នេះ​ គណបក្ស​បៃតង​មាន​វត្តមាន​នៅ​លើ​សន្លឹក​ឆ្នោត​ក្នុង​រដ្ឋ​ចំនួន​២០ និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​ឈ្មោះ​នៅ​ក្នុង​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​ផ្សេង​ទៀត។ តម្រូវ​ការ​ចំាបាច់​ដើម្បី​ទទួល​បាន​ឈ្មោះ​នៅ​លើ​សន្លឹក​ឆ្នោត​មាន​ភាព​ខុស​គ្នា​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ ហើយ​ក៏​អាច​មាន​ភាព​តឹង​តែង​ផង​ដែរ។

តើ​គណបក្ស​បៃតង​តំណាង​ឲ្យ​អ្វី?

សមាជិក​គណបក្ស​បៃតង​និយាយ​ថា​ ពួក​គេ​ប្តេជ្ញា​ធ្វើ​ឲ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម​ កែ​ប្រែ​លទ្ធិ​ប្រជាធិបតេយ្យ​សារ​ជា​ថ្មីដោយ​មិន​ចាំ​បាច់​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ និង​ផ្តោត​លើ​កម្មវិធី​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាពក្នុង​រយៈ​ពេល​វែង។ គណបក្ស​នេះ​ក៏​គាំទ្រ​ការ​តម្លើង​ប្រាក់​កម្រៃ​អប្បបរមា​ កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ និង​ការ​ដោះ​ស្រាយ​ការ​បម្រែ​បម្រួល​អាកាសធាតុ។

លោកស្រី​ Stein​ និយាយ​ថា៖ «ប្រជាជន​អាមេរិក​ធុញ​ទ្រាន់​នឹងសេដ្ឋកិច្ច​និង​ប្រព័ន្ធ​នយោបាយ​ទុច្ចរិត​ដែល​បង្កើត​បាន​ជា​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ បេក្ខជនដែល​គេ​សន្មត​ថា​នឹង​ត្រូវ​បាន​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ គឺ​ជា​មនុស្ស​ដែល​មិន​គួរ​ឲ្យ​ចូល​ចិត្ត​និង​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​អ្នក​ណា​ទាំង​អស់»។

ទាក់​ទិន​នឹង​គោល​នយោបាយ​ការ​បរទេស​ គណបក្ស​បៃតង​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​អាវុធ​នុយក្លេអ៊ែរ​ដោយ​ប្រកាស​ពី​គោល​នយោបាយ​មិន​ធ្វើ​ជា​អ្នក​ទី​មួយ​ដែល​បាញ់​អាវុធ​នេះ​ និង​ការ​ប្តេជ្ញា​ចិត្ត​ថា «សហរដ្ឋ​អាមេរិក​នឹង​មិន​គំរាម​កំហែង​ ឬ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​ទេ មិន​ថា​ប្រទេសគ្មាន​អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​សត្រូវ​នោះ​មាន​ទំហំ​ប៉ុណ្ណាក៏​ដោយ»។ គណបក្ស​នេះ​ក៏​ប្តេជ្ញា​គាំទ្រ​ការ​ចរចា​ដោយ​សន្តិភាព​នៅ​មជ្ឈឹម​បូព៌ា។

ចំពោះ​កិច្ចការ​ជួរ​មុខ​ក្នុង​ស្រុក​វិញ​ គណបក្ស​បៃតង​ទាមទារ​ឲ្យ​មាន​ការ​ថែទាំ​សុខភាព​ជា​សកល​ដោយ​ប្រើ​ប្រាស់​ «ការ​ធានារ៉ាប់​រង​សុខភាព​ជាតិ​ដែល​រដ្ឋ​ជា​អ្នក​ចេញ​ថ្លៃ» ដែល​ធានា​ថា​នឹង​មាន​ការ​ព្យាបាល​ដល់​ជន​ជាតិ​អាមេរិក​ទាំង​អស់ និង​គាំទ្រ​សិទ្ធិ​របស់​ស្រ្តី​ក្នុង​ការ​បង្កកំណើត​កូនដោយ​ជំរុញ​ឲ្យ​គ្លីនិក​ផ្តល់​ការ​ព្យាបាល​ច្រើន​ជា​ងមុន និង​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ដោយ​ឥត​គិត​ថ្លៃ​លើ​បញ្ហា​ពន្យារ​កំណើត​និង​ការ​រំលូត​កូន។

គោល​នយោបាយ​របស់​គណបក្ស​នេះ​គឺ៖ «យើង​នឹង​ធ្វើ​ការ​ដើម្បី​ដក​ទ័ព​ចេញនិង​លុប​បំបាត់​អាវុធ​ប្រល័យ​លោក​ផ្សេងៗ ដោយ​យល់់​ដឹង​ច្បាស់​ពីគោល​បំណង​របស់​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ទៀត។ យើង​ទទួល​ស្គាល់​តម្រូវ​ការ​ក្នុង​កិច្ច​ការពារ​ខ្លួន​ និង​កិច្ចការពារ​របស់អ្នក​ដទៃ​ទៀត​ដែល​មិន​អាច​ជួយ​ខ្លួន​ឯង​បាន»។

គណកម្មាធិការ​ជាតិ​បៃតង​បាន​អនុម័ត​លើ​គោល​នយោបាយ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​មន្រ្តី​ម្នាក់បាន​និយាយ​ថា​ គោល​នយោបាយ​នោះ​ត្រូវ​បាន​កែ​សម្រួល។ គោល​នយោបាយ​ផ្លូវ​ការ​នឹង​ត្រូវ​ដាក់​បង្ហាញ​ដល់​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​នេះ​ក្នុង​សន្និបាត​ជាតិ​របស់​គណ​បក្ស​បៃតង​ ដែល​កំណត់​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៤​ដល់​ទី​៧ ខែ​សីហា នៅ​សាកល​វិទ្យាល័យ​ Houston ក្នុង​រដ្ឋ​តិច​សាស់ (Texas)។

ក្រៅ​ពី​លោកស្រី​ Stein លោក​ William Kreml ក៏​កំពុង​ព្យាយាម​ក្លាយ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតីតំណាង​គណបក្ស​នេះ​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​គោល​ជំហរ​របស់​គណបក្ស​បៃ​តង​លើ​បញ្ហា​ផ្សេងៗ៖

- គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត

- គាំទ្រ​ឲ្យ​មាន​ការ​ដាក់​ស្លាក​សម្គាល់អាហារ​ដែល​មាន​ «សារពាង្គ​កាយ​ត្រូវ​បាន​កែប្រែ​ដោយ​ហ្សែន»

- តស៊ូ​មតិ​ឲ្យ​លុប​ចោល​បំណុល​របស់​និស្សិត

- ប្រឆាំង​នឹង​ការ​ចូល​វិភាគទាន​របស់​សាជីវកម្មក្នុង​ការ​ឃោសនា​បោះ​ឆ្នោត

- ជឿជាក់​លើ​ប្រភព​ថាមពល​កើត​ឡើង​វិញ​ និង​ការ​ប្រើ​ប្រាស់​ថាមពល​បាន​ពី​កម្លាំង​ខ្យល់​និង​ព្រះ​អាទិត្យ​ដែល​មាន​តម្លៃ​ទាប

- គាំទ្រ​ការ​កាត់​បន្ថយ​ថវិកា​សម្រាប់​យោធា

- លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្មវិធី​ផ្សេងៗ​ដែល​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​ជា​ជាង​ការ​ដាក់​ពន្ធនាគារ

- គាំទ្រ​ការ​ការ​ដោះ​លែង​អ្នក​ទោស​ដែល​ «ចាស់​ជរា​ខ្លាំង»

- មិន​គាំទ្រ​ទោស​ប្រហារ​ជីវិត

- ចង់​លុប​បំបាត់​ភាព​ខ្វះ​ចន្លោះ​ក្នុង​ច្បាប់​គ្រប់គ្រង​អាវុធ​ និង​ពង្រីក​ការ​ត្រួត​ពិនិត្យ​ប្រវត្តិរូប​ចំពោះ​ការ​លក់​អាវុធ​ឯកជន​ទាំង​អស់

- គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ប្រព័ន្ធ​សន្តិសុខ​សង្គម

- ជឿ​ជាក់​លើ​ការ​អនុម័ត​ប្រាក់​ឈ្នួល​អប្បបរមា​និង​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ៕

ប្រែ​សម្រួល​ដោយ​នៀម ឆេង

XS
SM
MD
LG