ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump និង​បេក្ខជន​អនុប្រធានាធិបតី​ Pence ​របស់​លោក​បង្ហាញ​ខ្លួន​រួម​គ្នា​លើក​ដំបូង


បេក្ខជន​ប្រធានាធិបតី​អាមេរិកខាង​គណបក្ស​សាធារណ​រដ្ឋ លោក Donald Trump (ស្តាំ) ណែនាំ​បង្ហាញ​លោក​ Mike Pence អភិបាល​រដ្ឋ​ Indiana កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​បាន​ប្រកាស​ថា​លោក​ Pence​ គឺ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក។

លោក ​Donald Trump​ ដែល​បាន​ត្រូវ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណ​រដ្ឋ​បាន​ចេញ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​ដៃគូ​របស់​លោកគឺ​លោក Mike Pence ​អភិបាល​រដ្ឋ​ Indiana​ នៅ​ក្នុង​ការ​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​មួយ​នៅ​ក្នុង​បូរី​ញូវយ៉ក​ កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​ហៅ​លោក​ Pence ថា​ជា​«ដៃគូ​របស់​ខ្ញុំ​ក្នុង​ការ​ឃោសនា​បោះឆ្នោត»។

លោក​ Trump ​បាន​ហៅ​លោក ​Pence ​ថា​ជា​បុរស​ម្នាក់​មាន​គុណសម្បត្តិ​ កិត្តិយស​និង​ភាព​ស្មោះ​ត្រង់។ លោក​ Pence ​ដែល​បាន​បម្រើការ​៦​អាណត្តិ​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​នៅ​មុន​ពេល​លោក​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​អភិបាល​រដ្ឋ​កាល​ពី​ឆ្នាំ​២០១២​នោះ​ បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នកនយោបាយ​អភិរក្សនិយម​ខាង​សង្គម​តាម​បែប​ប្រពៃណី។

លោក ​Trump ​បាននិយាយ​ថា៖ «ពលរដ្ឋ​អាមេរិកាំង​ លោក ​Mike Pence អភិបាល​រដ្ឋ​ Indiana ​ជា​ជម្រើស​ទី​មួយ​របស់​ខ្ញុំ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ងារ​ដែល​លោក​បាន​ធ្វើ​ជាពិសេស​នៅ​ក្នុង​រដ្ឋ Indiana ...ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​ពេញ​ចិត្ត​ដែរ​ជាមួយ​ការ​ពិត​ជាក់​ស្តែង​ដែល​លោក​ប្រយុទ្ធ​ដើម្បី​ប្រជារាស្ត្រ​ ហើយ​លោក​នឹង​ប្រយុទ្ធ​ដើម្បី​លោក​អ្នក។​ លោក​ជា​មនុស្ស​មាំ​ទាំ​ម្នាក់»។

នៅ​មុន​ពេល​លោក​បង្ហាញ​ខ្លួន​លោក​ Pence ​លោក​ Trump ​បាន​និយាយ​ថា​ភូមិ​ភាគ​មជ្ឈឹមបូព៌ា​មាន​អស្ថិរភាព​ជាង​មុន ​ហើយ​លោក​បាន​បន្ទោស​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ​និង​គោល​នយោបាយ​របស់​លោក។

លោក​ Trump ​បាន​និយាយ​ថា៖ «នៅ​ពេល​នេះ​ យើង​កំពុង​ឃើញ​មាន​អស្ថិភាព​នៅ​ក្នុង​ប្រទេស​តួកគី​ ដែល​ជា​ការបង្ហាញ​មួយ​ទៀត​នូវ​ភាព​គ្មាន​ជោគជ័យ​របស់​លោក​អូបាម៉ា»។

លោក ​Pence​ បាន​អំពាវ​នាវ​ឱ្យ​មាន​ភាព​ដឹកនាំ​ខ្លាំង​ហើយ​បាន​និយាយ​ថា​ លោក​បាន​ទទួល​បាន​ជ័យ​ជម្នះ​ដោយ​បាន​ទទួល​សេចក្តី​អញ្ជើញ​នេះ​កាល​ពី​ថ្ងៃ​ពុធ​មុន។

លោក ​Pence ​បាន​និយាយ​ថា៖ «លោក​ Trump​ យល់​ច្បាស់​ពី​រឿង​នេះ​ ហើយ​លោក​យល់​អំពី​ប្រជារាស្ត្រ​អាមេរិកាំង។ ខ្ញុំ​បានជ័យ​ជម្នះ​ពិត​ប្រាកដ​ដោយ​បាន​នៅ​ជិត​លោក​នៅ​ថ្ងៃ​នេះ»។

លោក ​Trump ​និង​លោក​ Pence ​បាន​ប្តេជ្ញា​ថា​នឹង​កាត់​បន្ថយ​ពន្ធដារ​ គាំទ្រ​វិស័យ​ជំនួញ​តូច​តាច​ និង​យក​ជ័យជម្នះ​លើ​ពួក​ភេរវជន​រដ្ឋ​ឥស្លាម៕

XS
SM
MD
LG