ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Sanders គាំទ្រ​លោក​ស្រី​ Clinton សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក


លោក​ Bernie Sanders និង​លោក​ស្រី Hillary Clinton លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្រុង​ Portsmouth ក្នុងរដ្ឋ​ New Hampshire កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា។

លោក ​Bernie Sanders​ សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.​ដែល​បាន​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​យ៉ាង​ក្លៀវ​ក្លា​ក៏​ប៉ុន្តែ​គ្មាន​ជោគ​ជ័យ​ប្រឆាំង​នឹង​លោកស្រី​ Hillary Clinton អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​គាំទ្រ​បេក្ខភាព​របស់​លោក​ស្រី​ Clinton​ កាលពី​ថ្ងៃ​អង្គារ​ប្រឆាំង​នឹង​លោក​ Donald Trump ​ខាង​គណបក្ស​សាធារណរដ្ឋ។​

លោក ​Sanders ​បាន​ហៅ​លោកស្រី​ Clinton ថា​ជា «បេក្ខជន​ល្អ​ប្រសើរ​បំផុត»​ហើយ​បាន​និយាយថា ​លោក​ចង់​ធ្វើ​អ្វី​ទាំង​អស់​ដែល​លោក​អាច​ធ្វើបាន​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​ លោកស្រី​នឹង​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស.រ.អា.នៅ​ពេល​ខាង​មុខ​នេះ។

លោក ​Sanders ​ដែល​មាន​អាយុ​៧៤​ឆ្នាំ​ និង​ដែល​បាន​ធ្វើការ​ឃោសនា​បោះឆ្នោត​ប្រឆាំង​នឹង​ឥទ្ធិពល​ហិរញ្ញ​វត្ថុ​នៃ​ពួក​អ្នក​មាន​ធនធាន​ច្រើន​នៅ​ Wall Street និង​កំណើន​នៃ​ភាព​មិន​ស្មើគ្នា​ខាង​ប្រាក់​ចំណូល​នៅ​ក្នុង​ស.រ.អា.​ បាន​និយាយ​យោង​ដល់​បញ្ជី​យ៉ាង​វែង​មួយនៃ​គោល​នយោបាយ​ខាង​សង្គមកិច្ច​បែប​សេរីនិយម​របស់​លោក។ គោល​នយោបាយ​របស់​លលោក​ ត្រូវ​បានលោកស្រី​ Clinton គាំ​ទ្រ​បន្ទាប់​ពី​មាន​ការ​ឃោសនា​បោះឆ្នោត​ប្រឆាំង​គ្នា​ទៅ​វិញទៅ​មក​អស់​ជា​ច្រើន​ខែ។

លោក ​Sanders​ បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​បឋម​និង​ការ​បោះឆ្នោត ​caucus​ ២២​ក្នុង​បណ្តាការ​បោះឆ្នោត​បឋម​និង​ការ​បោះឆ្នោត ​caucus​ ក្នុង​រដ្ឋ​៥០របស់​ស.រ.អា.​ប្រឆាំង​នឹង​លោកស្រី​ Clinton​ ក៏​ប៉ុន្តែ​លោកស្រី​បាន​អះអាង​ទាម​ទារ​ការតែង​តាំង​ដោយ​មាន​ជ័យជម្នះ​ជា​ច្រើន​លើ​លោក​ Sanders​ នៅ​ក្នុង​រដ្ឋធំៗ​ដោយ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រតិភូ​ភាគ​ច្រើន​ដែល​នឹង​ចូលរួម​ក្នុង​មហាសន្និបាត​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​តែង​តាំង​បេក្ខជន​ប្រធានាធិបតី​ដែលនឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​២៥​ ខែកក្កដា​ ខាង​មុខ​នេះ។

លោក​ Sanders ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មនុស្ស​ដែល​ទះ​ដៃ​អបអរ​សាទរ​ថា៖ «លោកស្រី​ Clinton ​ដឹង​ថា​មាន​អ្វី​ខុស​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ពួក​អ្នក​មាន​ធនធាន​ជា​ច្រើន​រឹត​តែ​មាន​ច្រើន​ឡើងៗ ចំណែក​ឯ​មនុស្ស​ច្រើន​នាក់​ទៀត​ធ្វើការ​ច្រើន​ម៉ោង​ជាង​មុន​តែ​បាន​ប្រាក់​បៀវត្ស​តិច​ជាងមុន»៕

XS
SM
MD
LG