ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ទិញ​ឧបករណ៍​​តេស្ត​រហ័ស​កូវីដ​១៩​ពី​រដ្ឋ​យក​ទៅ​លក់​លើ​ទីផ្សារ​


រូប​ឯកសារ៖ ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ (Rapid Test) នៅ​ប្រទេស​អ៊ីតាលី​ កាល​ពី​ឆ្នាំ​២០២០។
រូប​ឯកសារ៖ ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ (Rapid Test) នៅ​ប្រទេស​អ៊ីតាលី​ កាល​ពី​ឆ្នាំ​២០២០។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ជា​ស្ថាប័ន​ទទួល​បន្ទុក​ចែក​ចាយ​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ​១៩ បាន​ព្រមាន​ចាត់​វិធានការ​អ្នក​ដែល​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ (Rapid Test) ​ពី​ក្រសួង ហើយ​យក​ទៅ​លក់ ដើម្បី​ចំណេញ​ប្រាក់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

សេចក្តី​ប្រកាស​ឲ្យ​ដឹង​ថា​ក្រសួង​បាន​រឹប​អូស​ឧបករណ៍​ធ្វើ​តេស្ត​កូវីដ​១៩​រហ័ស​ជាង​៤​ពាន់​គ្រឿង​ពី​ទីតាំង​៥​កន្លែង​នៅ​រាជធានី​ភ្នំពេញ ដែល​ក្រសួង​អះ​អាង​ថា​ចែក​ចាយ​ខុស​ពី​គោល​ការណ៍​ក្រសួង។ ក្រសួង​បញ្ជាក់​ថា​ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​កំណត់​មុខសញ្ញា​ជន​ឆ្លៀត​ឱកាស​ហើយ​ចាត់​វិធាន​ការ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត ដោយ​មិន​បណ្តោយ​ឱ្យ​ជន​ឆ្លៀត​ឱកាស​ទាំង​នោះ​នៅ​បង្ក​បញ្ហា និង​រំលោភ​បំពាន​លើ​គោលការណ៍​កំណត់​របស់​ក្រសួង។

សេចក្តី​ប្រកាស​ឲ្យ​ដឹង​ថា៖ «ក្រសួង​ប្រៃ​សណីយ៍​និង​ទូរគមនាគមន៍​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​កំណត់​មុខ​សញ្ញា​ជន​ឆ្លៀត​ឱកាស ហើយ​ចាត់​វិធានការ​ឲ្យ​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត ដោយ​មិន​បណ្តោយ​ឲ្យ​ជន​ឆ្លៀត​ឱកាស​ទាំង​នោះ នៅ​បង្ក​បញ្ហា​និង​រំលោភ​បំពាន​លើ​គោលការណ៍​កំណត់​របស់​ក្រសួង»។

ក្រសួង​បន្ថែម​ថា៖ «ការ​ទិញ​ឧបករណ៍​តេស្ត​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​យក​ទៅ​ធ្វើ​អាជីវកម្ម​បន្ត​នេះ​ពុំ​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ឡើយ​ក៏​ប៉ុន្តែ​បែរ​ជា​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខាត​បង់​ថវិកា​ស្រប​ពេល​ដែល​កំពុង​ជួប​ការ​លំបាក​ពី​ជំងឺ​កូវីដ​១៩»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បច្ចុប្បន្ន​នេះ ក្រសួង​កំពុង​បន្ត​នាំ​ចូល​ឧបករណ៍​តេស្ត​រហ័ស​នេះ មក​ចែក​ចាយ​ក្នុង​តម្លៃ​ដើម​ត្រឹម​តែ​៣,៧​ដុល្លារ​អាមេរិក ហើយ​ចែក​ចាយ​បន្ត​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​អាទិត្យ។ ក្រសួង​បន្ថែម​ថា​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ចំនួន​៣៥០​ប្រតិបត្តិ​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយ​ផ្តល់​អាទិភាព​លើ​ទីតាំង​ដែល​កំពុង​ជួប​ហានិភ័យ​ខ្ពស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩។

រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ពីប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ពីប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

កាល​ពី​ដើម​ខែ​កក្កដា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋ​ជួយ​បង្រៀន​ការ​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ និង​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​ប្រើប្រាស់​វា ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាល​ដាល​នឹង​ជំងឺ​កូវីដ​១៩​នេះ។

ពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​រិះគន់​អំពី​ភាព​យឺត​យ៉ាវ​នៃ​ការ​លក់​របស់​ក្រសួង​ប្រៃសណីយ៍ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ភ្លាមៗ។

លោក គុយ សិលា ពលរដ្ឋ​មួយ​រូប​ដែល​ធ្លាប់​បាន​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​ពី​ក្រសួង​ប្រៃសណីយ៍ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ការ​លក់​របស់​ក្រសួង​ក្នុង​តម្លៃត្រឹម​តែ​៣,៧​ដុល្លារ​ជា​រឿង​ល្អ​មួយ ខណៈនៅ​តាម​ឱសថ​ស្ថាន ការ​លក់​មាន​តម្លៃ​ជា​មធ្យម​៨​ដុល្លារ។ ប៉ុន្តែ​លោក​ថា​ការ​បញ្ជា​ទិញ​នេះ គឺ​ចំណាយពេល​វេលា​យូរ​បន្តិច ហើយ​ក្នុង​ករណីបើ​មានការ​សង្ស័យ​ថា​ខ្លួន​មាន​ពាក់​ព័ន្ធ​នឹង​អ្នក​ជំងឺ​កូវីដ​១៩ ហើយ​ចង់​ធ្វើ​តេស្ត ពិបាក​រក​ឧបករណ៍​មក​ធ្វើ​តេស្ត​ភ្លាមៗ។

លោក​ថ្លែង​ថា៖ «កាល​ខ្ញុំ​បញ្ជា​ទិញ​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា​កា​របញ្ជា​ទិញ​យូរ​ណាស់ ពីព្រោះក្រសួង​ថា​រង់​ចាំ​៣​ទៅ​៥​ថ្ងៃ។ ឧទាហរណ៍​ គ្នា​កំពុង​មាន​កូវីដ គ្នា​កំពុង​មាន​ការ​សង្ស័យ​រង់​ចាំ​៣​ទៅ​៥​ថ្ងៃ ​វា​រាង​យឺត ប៉ុន្តែ​ដល់ពេល​យើង​មើល​លេខ​រៀង​ដែល​យើង​រង់ចាំ គឺយើង​រង់​ចាំ​ច្រើន។ អញ្ចឹង​មាន​គេ​លើ​យើង​ទៀត។ អញ្ចឹង​ថា​អូហ៍​អា​នេះ​ប្រហែល​ជា​គេ​ដំណើរ​ការ​ម្តង​មួយៗ។ ហើយ​ពេល​យើង​ទិញ​ក៏​យើង​អត់​ទិញ​ម្តង​តិច​ដែរ។ ក្រសួង​លក់​ឡើង​យើង​ម្តង​២៥​តេស្ត​[ឡើង] ហើយ​ពេលលើក​ក្រោយ​ពេល​ដែល​យើង​ដឹង​ថា​របស់​យើង​ជិត​អស់​គឺយើង​បញ្ជា​ទិញ​ទៀត»។

លោក​ជំរុញ​ឲ្យ​ក្រសួងចែក​ចាយ​ឧបករណ៍​ធ្វើ​តេស្ត​កូវីដ​រហ័ស​នេះ តាម​បណ្តា​ខេត្ត​នីមួយ​ៗ ឬ​ចែក​ចាយ​តាម​មន្ទីរ​ពេទ្យ ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទិញ ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​មក​រាជ​ធានី​ភ្នំពេញ និង​ចំណាយ​ពេល​យូរក្នុង​ការ​បញ្ជា​ទិញ​ពី​ក្រសួង។

លោក​បន្ថែម​ថា​៖ «ធម្មតា​តែ​យើង​មាន​សាខា​ច្រើន​ក្នុង​ការ​បញ្ជាទិញ គឺ​វា​លឿន​ហើយ​ មាន​សាខា​លក់​ច្រើន​អញ្ចឹង​អាច​ដល់​ដៃ​អតិ​ថិជន​ហ្នឹង​វា​លឿន​ជាង​ហ្នឹង ហើយ​ក៏​ទូលំទូលាយ​ជាង​ដែរ។ ប្រសិន​បើ​គាត់​បែង​ចែក​នៅ​តំបន់​សិន​ចុះ​ឧទាហរណ៍​ថា តំបន់​កំពត តាកែវ កំពង់​សោម​អីហ្នឹង ក៏​វា​ធូរ​ជាង​ភ្នំពេញ​ដែរ។ ប្រជាជន​ក្នុង​ខេត្ត​គាត់​អាច​ទិញ​នៅ​កំពត​បាន វា​ធូរ​ជាង​ឡើង​ទៅ​ភ្នំពេញ»។

វីអូអេ​បាន​ទាក់ទង​ទៅ​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ ប៉ុន្តែ​លោកបាន​បង្វែរឲ្យ​ទៅ​សួរ​លោក​ម៉ុក រ៉ាឌី ដែល​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយក​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍​ដែល​ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នេះ។

លោក ម៉ុក រ៉ាឌី បាន​បដិសេធ​មិនអត្ថាធិប្បាយ​ដោយ​ឲ្យ​អ្នក​សារព័ត៌​មាន​ទៅ​មើល​ឯកសារ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ក្រសួង។

លោក​ថ្លែង​ថា៖ «បាទ​សុំ​អធ្យាស្រ័យ​ដែរ​ពីព្រោះ​អី​ដូច​ដែល​បាន​quote(ដក​ស្រង់)​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ហើយ។ សុំ​ស្រង់​ខ្លឹម​សារ​ពី​ក្នុង​ហ្នឹង​ចុះ​អ្វី​ដែល​ពួក​ខ្ញុំ​អាច​ជម្រាប​ជូន​បាន​មាន​បញ្ជាក់​នៅ​ក្នុង​ហ្នឹង​ហើយ»។

លោក ​អ៊ូច វុទ្ធី​ ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​មន្ទីរ​និង​ក្រសួង​សុខា​ភិបាល និង​អ្នក​ពាក់​ព័ន្ធ​គួរ​តែ​ផ្សព្វ​ផ្សាយ​តម្លៃ​ឧបករណ៍នេះ​ឲ្យ​បាន​ច្បាស់ និង​បង្ហាញ​ទីតាំង​ដែល​ប្រជា​ពល​រដ្ឋ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​និង​ប្រើ​ប្រាស់។

លោក​ថ្លែង​ថា៖ «បើ​សិនជា​មិន​មាន​ការ​ផ្សព្វផ្សាយ​[ថា]​មួយ​ណា​របស់​រដ្ឋ មួយ​ណា​របស់​ឯកជន​ហើយ​ក្នុង​តម្លៃ​ណា​មួយ​សម្រាប់​អ្នក​ក្រីក្រ​អាហ្នឹង​វា​ប៉ះ​ពាល់​ដល់​ប្រជា​ជន​យើង​កំពុង​តែ​ខ្វះ​ខាត​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​យ៉ាង​នេះ... អ្នក​ខ្លះ​ស្រែក​ដាច់​បាយ​គួរ​ណា​តែ​មន្ទីរ​ជំនាញៗ​របស់​យើង​នៅ​ក្នុង​ក្រសួង​ មេត្តា​ជួយ​ផ្សព្វផ្សាយ​តាម​ឱសថ​ស្ថាន​តាម​ជន​បទ​ក៏​ដូច​ជា​មន្ទីរ​ពេទ្យ​រដ្ឋ​ហ្នឹង ដាក់​ទៅ​ដល់​ណា​ខ្លះ​ប៉ុន្មាន​ម៉ឺន​ដើម ប៉ុន្មាន​ពាន់​ដើម ដើម្បី​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​យើង»។

លោក អ៊ូច វុទ្ធី ឲ្យ​ដឹង​ទៀតថា​ដោយ​សារ​តែ​ភាព​មិន​ច្បាស់​លាស់ ឬ​មិន​ទាន់​មាន​ការ​កំណត់​តម្លៃ​ជាក់​លាក់​ណា​មួយ​លើ​ឧបករណ៍​នេះ ទើប​មន្ទីរ​ពេទ្យ ឬ​គ្លីនិក​ឯក​ជន​មួយ​ចំនួន​បាន​ធ្វើ​តេស្ត​រហ័ស​ឲ្យ​ប្រជាពលរដ្ឋ ដោយ​យក​តម្លៃ​ខ្ពស់។​

លោក​ថ្លែង​ថា៖ «ថ្ងៃ​មុន​ខ្ញុំ​បាន​និយាយ​អញ្ចឹង ធ្វើ​ Rapid test គឺ​ Test ម្តង​យក​គ្នា​១០​ម៉ឺន​រៀល​រហូត​ដល់​គ្នា​ស្រែក​រក​ពុទ្ធោ។ ហើយ​សុទ្ធ​តែគ្នា​ក្រីក្រ នៅ​[ធ្វើ​ការ​]រោង​ចក្រ នៅ​ភ្នំពេញ។ ហើយ​ឥឡូវ​នៅ​អង្គ​ស្នូល យក​គ្នា​៦​ម៉ឺន​ ១៥​ដុល្លារ រហូត​ដល់​២០​ដុល្លារ។ គ្នា​យំសុំ​តែ​៥​ដុល្លា​រអត់​ព្រម​។ តាម​ពិត​ប្រមុខ​រដ្ឋាភិបាល​គាត់​ខំ​ដើរ​សុំ​គេ​បាន​ ពិភព​លោក​ហ្នឹង​ប្រទេស​ណា​ឲ្យ​លោក​ទទួល​យក ហើយ​លោក​សប្បាយ​ចិត្ត​យក​មក​ជួយ​ប្រជា​ពលរដ្ឋ​យើង។ ប៉ុន្តែ​ឈ្មួញ​ឆ្លៀត​ឱកាស គេ​ហៅ​មន្ត្រីគ្រាប់​ល្ពៅ​ស្ងោរ ឆ្លៀត​ឱកាស យកអាហ្នឹង​ជា​មុខ​របរ​ហើ​យ​ឆ្លៀត​គ្រប់​ទាំង​អស់ [ដែ​ល]​គេ​ហៅ​ថា​ត្រី​ងៀត​ឆ្លៀត​ពង»។

រូប​ឯកសារ៖ អ្នកស្រី​ ឱ វណ្ណឌីន​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ ចូលរួម​ពិធី​ទទួល​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ នៅ​ភ្នំពេញ​ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១។ (ហ៊ាន សុជាតា/​វីអូអេ)
រូប​ឯកសារ៖ អ្នកស្រី​ ឱ វណ្ណឌីន​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ ចូលរួម​ពិធី​ទទួល​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ នៅ​ភ្នំពេញ​ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១។ (ហ៊ាន សុជាតា/​វីអូអេ)

ពាក់​ព័ន្ធ​នឹង​តម្លៃ​ឧបករណ៍​តេស្ត​រហ័ស​កូវីដ​១៩​នេះ​អ្នក​ស្រី ឱ វណ្ណ​ឌីន រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ក្នុង​កិច្ច​សម្ភា​សន៍​មួយ​ជាមួយ​សារ​ព័ត៌មាន ​Fresh News​ ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល កាល​ពី​ថ្ងៃ​អង្គារ​ថា​ការ​បង់​ថ្លៃ​លើ​សេវា​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​តាម​រយៈ​មន្ទីរ​ពេទ្យ​រដ្ឋ គឺ​ដោយ​សារ​តែ​ពេទ្យ​រដ្ឋ​នីមួយៗត្រូវ​ការ​ចំណូល​ដើម្បី​ចំណាយ​លើ​ប្រតិ​បត្តិការ​ផ្សេងៗគ្នា​របស់​មន្ទីរ​ពេទ្យ​នីមួយៗ។

អ្នក​ស្រី​ថ្លែង​ថា៖ «បើ​យើង​ប្រើប្រាស់​សេវា​រដ្ឋ។ ហើយ​និយាយ​អញ្ចឹង​ថា​ចុះ​មន្ទីរ​ពេទ្យ​ជាតិមិន​មែន​រដ្ឋ​ហ្ហេ? មន្ទីរ​ពេទ្យ​ជាតិ​ក៏​រដ្ឋ​ដែរ ប៉ុន្តែ​មន្ទីរ​ពេទ្យ​ជាតិ​មួយ​ចំនួន​គាត់​ជា​រដ្ឋបាល​សាធារណៈ។ គាត់​ដើរ​[តួនាទី]​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​ហើយ​អញ្ចឹង​គាត់​ត្រូវ​ការ​រក​ចំណូល​ខ្លួន​គាត់​ដើម្បី​យក​ប្រាក់​ហ្នឹង​ដើម្បី​យក​មក​ប្រតិបត្តិ​ការ​ក្នុង​មន្ទីរ​ពេទ្យ​គាត់​ឡើង​វិញ។ រដ្ឋ​ឧបត្ថម្ភ​មួយ​ចំណែក តែ​ប្រតិបត្តិការ​ក្នុង​មន្ទីរពេទ្យ​គាត់​ជា​អ្នក​រ៉ាប់​រង​ខ្លួន​គាត់»។

គួរ​បញ្ជាក់​ថា​ក្រសួង​ប្រៃសណីយ៍​បាន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ទិញ​ឧប​ករណ៍​ធ្វើ​តេស្ត​រហ័ស​ទាក់​ទង​តាម​លេខ​ទូរស័ព្ទ​ដែល​ក្រសួង​បាន​ដាក់ ឬ​តាម​ប្រព័ន្ធ​តេលេ​ក្រាម​របស់​ក្រសួង៕

XS
SM
MD
LG