ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល៖ ​អ្នក​ជំងឺ​កូវីដ​១៩ ភាគ​ច្រើន​ស្លាប់​ដោយ​សារ​មក​ព្យាបាល​យឺតយ៉ាវ ខណៈ​ក្រសួង​នឹង​សិក្សា​មូល​ហេតុ​ឲ្យ​បាន​ច្បាស់​លាស់


រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​កូវីដ​១៩​ភាគ​ច្រើន ស្លាប់​ដោយ​ការ​មក​ព្យាបាល​យឺត​យ៉ាវ និង​ជា​អ្នក​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​នានា។

នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកស្រី ឱ វណ្ណ​ឌីន រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល និង​ជា​អ្នក​នាំ​ពាក្យ ដែល​បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារ​ព័ត៌មាន ​Fresh News​ ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុង​ពេល​អ្នកស្រី​នាំ​យក​ថវិកា​១០​លាន​រៀល ព្រម​ជាមួយ​អាហារ​និង​របស់​របរ​ប្រើ​ប្រាស់​ផ្សេងៗ ផ្តល់​ឲ្យ​អ្នក​ចាក់​វ៉ាក់​សាំង​ទី​៦​លាន​ក្នុង​ខេត្ត​កំពង់​ចាម ដែល​ទទួល​ជំនួយ​ពី​នាយក​រដ្ឋមន្ត្រី។

អ្នកស្រី ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ទៀត​ថា​តាម​ការ​សាក​សួរ​ជា​បឋម អ្នក​ជំងឺ​មួយ​ចំនួន​ធំ​ជា​មនុស្សវ័​យ​ចំណាស់ រស់​នៅ​តាម​ជន​បទ ហើយ​ឈឺ​មិន​ដឹង​ខ្លួន ដោយ​មិន​បានទៅ​រក​សេវា​ព្យាបាល​ទាន់​ពេល​វេលា។

អ្នកស្រី​ថ្លែង​ថា៖ «ដំបូង​គាត់​ចាប់​ផ្តើម​ទៅ​ដូចជា ផ្តា​សាយ ហៀរ​សំបោរ ក្អក។ គាត់​គិត​ថា​គាត់​ផ្តាសាយ​ធម្មតា ពីព្រោះ​គាត់​គិត​ថា​គាត់​អត់​ដើរ​ទៅ​ណា គាត់​នៅ​តែ​ផ្ទះ។ អញ្ចឹង​គាត់​អត់​បាន​រក​សេវា ឬ​ធ្វើ​តេស្ត​អី​បាន​ទាន់​ពេល​វេលា។ រហូត​ដល់​គាត់​មាន​បញ្ហា​ផ្លូវ​ដង្ហើម គាត់​ចាប់​ផ្តើម​ហត់ ​អញ្ចឹង​ទៅ បាន​គាត់​ចាប់​ផ្តើម​ទៅ​មន្ទីរ​ពេទ្យ»។

រូប​ឯកសារ៖ អ្នកស្រី​ ឱ វណ្ណឌីន​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ ចូលរួម​ពិធី​ទទួល​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ នៅ​ភ្នំពេញ​ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១។ (ហ៊ាន សុជាតា/​វីអូអេ)
រូប​ឯកសារ៖ អ្នកស្រី​ ឱ វណ្ណឌីន​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ ចូលរួម​ពិធី​ទទួល​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ នៅ​ភ្នំពេញ​ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១។ (ហ៊ាន សុជាតា/​វីអូអេ)

អ្នកស្រី​បន្ថែម​ថា​ក្រសួង​សុខាភិបាលនឹង​សិក្សាឲ្យ​បាន​ច្បាស់​លាស់អំពី​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ដើម្បី​អាច​យក​មក​វិភាគ​ច្បាស់​លាស់។

អ្នកស្រី​បញ្ជាក់​ថា៖ «បន្តិច​ទៀត យើង​នឹង​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ខ្ញុំ​ក៏​កំពុង​តែ​ដឹក​នាំ​នូវ​ការ​រៀបចំការ​សិក្សា​នេះ»។

នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ករណី​ស្លាប់​ចំនួន​២១​នាក់​ទៀត ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​១.១៥០​នាក់។ ការ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ដែល​ត្រូវ​បាន​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​២០​នាក់​រហូត​ដល់​ជាង​៣០​នាក់ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​នៃ​ការ​ព្យាបាល​នៅ​កម្ពុជា និង​ភាព​អាច​ទប់ទល់​បាន​នៃ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ខណៈ​អ្នក​ជំងឺ​ជិត​១​ពាន់​នាក់​បាន​បន្ត​ឆ្លង​ជា​រៀង​រាល់​ថ្ងៃ។

លោក អ៊ូច វុទ្ធី ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​សុខាភិបាលនៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា ខណៈ​លោក​ជំរុញ​ឲ្យ​ចុះ​អប់រំ​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋានអំពី​ជំងឺ​កូវី​ដ១៩ ដើម្បី​ឲ្យ​ពួកគេឆាប់​បាន​ទៅ​រក​សេវា​ព្យាបាល។

លោក​ថ្លែង​ថា៖ «ហើយ​បើ​សិន​ជា​និយាយ​ថា​អ្នក​ដែល​ស្លាប់​ហ្នឹង​ចាស់ៗ​គាត់​មិន​ដឹង​ហើយ​ហួស​ពេល​ជួយ​អត់​ទាន់​ អាហ្នឹង​ជា​រឿង​មួយ​កម្សោយ​របស់​យើង​ហើយ។ បាន​ន័យ​ថា​សុខាភិបាល​យើង​វា​អត់​ខ្លាំង​ជួយ​ប្រជាពលរដ្ឋអត់​បាន។ អញ្ចឹង​គាត់​ត្រូវ​មាន​ការ​ផ្តល់​យោបល់​ ពិគ្រោះ​យោបល់ ដើម្បី​ជួយ​ឲ្យ​គាត់​ការពារ​ខ្លួន​យ៉ាង​ម៉េចៗ កុំ​ឲ្យ​ហួស​ពេល​អញ្ចឹង»។

រូប​ឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោក អ៊ូច វុទ្ធី ជំរុញ​ឲ្យ​មាន​វិធាន​ការ​ពីសំណាក់​មន្ត្រី​មូលដ្ឋាន ក្នុង​ករណី​បុគ្គល​ជាប់​សង្ស័យ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​ថាការ​ធ្វើ​តេស្ត​រហ័ស​បាន​ទាន់​ពេល​វេលា ក៏​អាច​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​បាន​ដែរ។

លោក​បាន​បញ្ជាក់ថា៖ «អញ្ចឹង​គាត់​ត្រូវ​ចុះ​មើល​នូវ​ស្ថាន​ភាព​ទាំង​អស់​ហ្នឹង​បាទ។ ក្នុង​ភូមិ​មួយៗ​ហ្នឹង​មេ​ភូមិ​គាត់​ដឹង​ហើយ​ថា គ្រួសារ​នេះ​ដូច​អត់​ស្រួល​អញ្ចឹង​ពេទ្យ​ទាំងអស់​ហ្នឹង​គេ​ហៅ​ថា​ត្រូវ​ធ្វើ​តេស្ត​ហៅ​គាត់​មក​ធ្វើ​តេស្ត​កម្តៅ​ធ្វើ​ស្អីៗ​ហ្នឹង ហើយ​បើ​សិន​ជា​សង្ស័យ​ថា​មាន​អាហ្នឹង​យើង​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ឬ​មួយ​ថា​មើល​ទៅ​ឃើញ​ថា​ Positive (វិជ្ជមាន) យើង​បញ្ជូន​ទៅ​ពេទ្យ​រដ្ឋ​ទៅ។ ឥឡូវ​យើង​មាន​ Rapid Test ហ្នឹង​ល្អ​ប្រសើរ​ដែរ​តើ យើង​ដឹង​ជំហាន​ដំបូង។ អញ្ចឹង​យើង​បញ្ជូន​គាត់​ទៅ​ដើម្បី​ជួយ​សង្គ្រោះ​គាត់ កុំ​ឲ្យ​ចូល​ដល់​ដំណាក់​កាល​ទី​ពីរ ទី​បី។ ចូល​ដល់​ទី​បី​អាហ្នឹង​ស្មើ​នឹង​ស្លាប់​ហើយ​បាទ»។

អ្នកស្រី ប៉ាង ហើ អាយុ​៦២​ឆ្នាំ ជា​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូង​ឃ្មុំ បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថាកូន​ស្រី​របស់​អ្នកស្រី​ឈ្មោះ ធី ច្រឹប អាយុ​២៧​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់​ដេរ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​កាល​ពី​ដើម​ខែ​កក្កដា​នេះ។

អ្នកស្រីឲ្យ​ដឹង​ថា​កូន​ស្រី​របស់​អ្នកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ​ពេល​កំពុង​ធ្វើ​ការ​នៅរោង​ចក្រ ដូច្នេះ​នាង​បាន​ឈប់​សម្រាក។ ហើយ​អំឡុង​ពេល​នោះ កូនស្រី​មាន​ចេញ​រោគ​សញ្ញា​ជំងឺ​កូវីដ​១៩ ដូច​ជា​ឈឺ​ក ក្អួត​ចង្អោរ និង​ក្តៅ​ខ្លួន​ជា​ដើម។ អាស្រ័យ​ដូច្នេះ​ហើយ អ្នកស្រី​បាន​ណែនាំ​ឲ្យ​កូន​ស្រី​ទៅ​ធ្វើ​តេស្ត​ជំងឺ​កូវីដ​១៩ នៅ​មន្ទីរ​ពេទ្យ​ស្រុក ហើយ​លទ្ធ​ផល​បង្ហាញ​ថា​កូនស្រី​ដែល​មាន​ផ្ទៃ​ពោះ​៦​ខែ​ផង​នោះ មាន​ជំងឺ​កូវីដ​១៩។

រូប​ឯកសារ៖ សមាជិកយោធាកម្ពុជារៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ នៅអគារក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។
រូប​ឯកសារ៖ សមាជិកយោធាកម្ពុជារៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ នៅអគារក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។

អ្នកស្រី ​ប៉ាង ហើ បន្ត​ថា​កូន​ស្រី​អ្នក​ស្រី​បាន សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ស្រុក​រយៈ​ពេល​៣​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ស្លាប់ ដោយ​សារ​តែ​ស្ថាន​ភាព​ជំងឺ​ធ្ងន់​ធ្ងរ។ ការ​ស្លាប់​របស់​កម្មការិនី​រូប​នេះ បាន​បន្សល់​ទុក​កូន​ស្រី​អាយុ​៣​ឆ្នាំ​ផង​ដែរ។

អ្នកស្រី​ជា​ម្តាយ​ឲ្យ​ដឹង​ទៀត​ថា​អំឡុង​ពេលសម្រាក​ព្យាបាល កូនស្រី​មិនមាន​សាច់ញាតិ​នៅ​ជួយមើល​ថែ​នោះ​ទេ ដោយ​សារ​តែ​អ្នកស្រី និង​ស្វាមី​របស់​កូន​ស្រី ត្រូវ​ធ្វើ​ចត្តាឡី​ស័ក។

អ្នកស្រីថ្លែង​ថា៖ «ខ្ញុំ​បាន​សួរ​ហើយ​សន្តិសុខ​នៅ​ហ្នឹង​ថា​ពេទ្យ​គេ​ថា​អត់​អី​ទេ​អ៊ំ​អើយ គ្មាន​កើត​ថី​មួយ​ទេ គេ​ដឹង​តា​ជា មើល​អញ្ចឹង​បាន​អ៊ំ​ទុក​ចិត្ត ថា​គេ​ថែ​រក្សា​ត្រឹម​ត្រូវ​ណាស់។ សន្តិសុខ​ថា​អញ្ចឹង។ ហើយ​អ៊ំ​ក៏​មិន​ដឹង​ដែរ បើ​កូន​ទៅ​ណោះ អ៊ំ​នៅ​ណេះ​នោះ គ្រាន់​តែ​សួរ​តាម​គេ​អញ្ចឹង​ទេ ក្មួយ​អើយ​។ ទាល់​តែ​ខ្ញុំ​ឲ្យ​កូន​ខ្ញុំ​សុំ​លេខ​គ្រូ​ពេទ្យ​។ គ្រូ​ពេទ្យថា អ៊ំ អើយ​កាត់​ចិត្ត​ខ្លះ​ទៅ។ គាត់​ថា​អញ្ចឹង មើល​ទៅ​គាត់​ខ្លាំង​ហើយ ១០​សល់​តែ​១​ទេ»។

គួរ​បញ្ជាក់​ថា​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បន្ត​រាយការណ៍​ករណី​ស្លាប់​និង​ឆ្លង​ជា​រៀងរាល់​ថ្ងៃ។ នៅ​ថ្ងៃ​នេះ ក្រសួង​ប្រកាស​ករណី​ឆ្លង​ថ្មី​ចំនួន​៨២៥​នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន​ទៅ​ដល់​ប្រមាណ​៦​ម៉ឺន​៩​ពាន់​នាក់។

បើ​ទោះ​កម្ពុជា​សម្រុក​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ​បាន​ជាង​៦​លាន​នាក់ ករណី​ឆ្លង​និង​ស្លាប់​នៅ​តែ​មាន​កម្រិត​ច្រើន។ មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំង​មិន​អាច​ធានា​ថា​មិន​ឆ្លង​នោះ​ទេ ប៉ុន្តែ​វាក់សាំងជួយ​មិន​ឲ្យ​ស្ថានភាព​ជំងឺ​វិវឌ្ឍ​ធ្ងន់​ធ្ងរ រហូត​ដល់ស្លាប់៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG