អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា អាជ្ញាធរកម្ពុជាកំពុងផ្ទៀងផ្ទាត់ទិន្នន័យពលករខ្មែរឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ ខណៈមានការផ្ទុះឆ្លងខ្លាំងនៅទីនោះ ដោយបណ្តាលឲ្យពលករខ្មែរមួយចំនួនជួបការលំបាក។
លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជាបានប្រាប់វីអូអេនៅថ្ងៃពុធនេះថាស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃកំពុងខិតខំសហការជាមួយអាជ្ញាធរថៃ ជួយសម្របសម្រួលដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំង នៅពេលឆ្លងជំងឺកូវីដ១៩។
លោកបន្ថែមថា មិនទាន់មានទិន្នន័យផ្លូវការច្បាស់លាស់អំពីចំនួនពលករខ្មែរដែលឆ្លងកូវីដ១៩នៅប្រទេសថៃទេ ហើយស្ថានទូតកំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីផ្ទៀងផ្ទាត់ចំនួន និងឈ្មោះពលករ ព្រោះវាអាចច្រឡំជាមួយពលករបរទេសផ្សេងៗ។
សារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយថា កាលពីថ្ងៃអង្គារ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងកូវីដប្រមាណ១៣.០០០នាក់ និងស្លាប់១០៨នាក់ក្នុងមួយថ្ងៃ។ ប្រទេសថៃកំពុងប្រឈមរលកឆ្លងលើកទី៣ ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២១នេះ។
មន្រ្តីអង្គការសិទ្ធិការងារនៅប្រទេសថៃបានឲ្យដឹងថាពលករខ្មែរជាង៨.០០០នាក់បានឆ្លងជំងឺកូវីដ១៩។ ហើយពួកគេមួយចំនួនកំពុងប្រឈមនឹងការមិនទទួលបានការព្យាបាលទាន់ពេលនិងកង្វះស្បៀងអាហារ។
លោក លឹង សុផុន មន្រ្តីទទួលបន្ទុកផ្នែកពលកររបស់អង្គការសង់ត្រាល់ បានថ្លែងប្រាប់វីអូអេថាពលករខ្មែរមួយចំនួនបានទាក់ទងមករូបលោកថាពួកគេរង់ចាំការយកទៅព្យាបាល ហើយអ្នកខ្លះទៀតថាពួកគេកំពុងប្រឈមនឹងកង្វះស្បៀងអាហារ។ លោកបន្ថែមថា អ្នកដែលពិបាកជាងគេ គឺអ្នកធ្វើការជាកម្មករសំណង់ដែលពួកគេមិនត្រូវបានអនុញ្ញាតឲ្យចេញទៅខាងក្រៅ។
លោកថ្លែងថា៖ «ពួកគាត់តែងតែទំនាក់ទំនងមកខាងខ្ញុំ ឲ្យជួយរកវិធីធ្វើយ៉ាងណាដើម្បីឲ្យពួកគាត់បានទៅព្យាបាល ជាពិសេសបងប្អូនពលករសំណង់ហ្នឹងឯងដែលគាត់ព្រួយបារម្ភរឿងការឆ្លងកូវីដ»។
ស្ថានទូតថៃប្រចាំនៅកម្ពុជាបានលើកឡើងនៅក្នុងសារអ៊ីមែលមកវីអូអេថាប្រទេសថៃកំពុងប្រឈមនឹងការឆ្លងនៃវីរុសបំប្លែងថ្មីដែលតា(Delta) «ដែលវាកាន់តែដាក់សម្ពាធខ្លាំងក្លាមកលើប្រព័ន្ធសុខាភិបាល»របស់ថៃ។ ដូច្នេះវិធានការតឹងរ៉ឹង តាមគោលដៅ ត្រូវបានដាក់នៅតាមខេត្តដែលមានការឆ្លងខ្ពស់ ដូចជានៅទីក្រុងបាងកក ខេត្តជុំវិញ ក៏ដូចជាខេត្តចំនួន៤នៅភាគខាងត្បូងប្រទេសថៃ។
ទាក់ទងនឹងស្ថានភាពរបស់ពលករវិញ ស្ថានទូតថៃបានឲ្យដឹងនៅថ្ងៃពុធនេះថាទាំងអាជ្ញាធរថៃ និងកម្ពុជាបានសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពសុខភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។
ស្ថានទូតថៃបញ្ជាក់ថារាល់ពលករបរទេសទាំងអស់អាចទទួលបានការធ្វើតេស្តរកជំងឺកូវីដ១៩ និងទទួលបានការព្យាបាល ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃក្នុងការទប់ស្កាត់កុំឲ្យឆ្លងរាលដាល។
ពលករខ្មែរធ្វើការនៅប្រទេសថៃមានជាង១លាននាក់។ ពួកគេមួយចំនួនក៏បានវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ នៅពេលមានករណីផ្ទុះឆ្លងខ្លាំងនៅប្រទេសថៃ។
លោក ថន ព្រំ អាយុ៤២ឆ្នាំ ពលករខ្មែរម្នាក់ដែលធ្វើការនៅរោងចក្រផលិតស៊ីមាំងរថយន្ត ប្រាប់វីអូអេនៅថ្ងៃពុធនេះពីទីក្រុងឈុនបុរីថាលោកនិងភរិយាមានជំងឺកូវីដ១៩ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅកន្លែងដែលអាជ្ញាធរថៃរៀបចំឲ្យជាមួយពលករខ្មែរប្រមាណ៤០នាក់ទៀត។
លោកបន្តថាលោកមិនមានអាការៈធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែលោកត្រូវបានមន្រ្តីសុខាភិបាលថៃឲ្យលេបថ្នាំ ដើម្បីកុំឲ្យប៉ះពាល់សួតធ្ងន់ធ្ងរ។ លោកថ្លែងថាមិនសូវមានការលំបាកអ្វីទេសម្រាប់ការព្យាបាលនៅទីនោះ។
ទោះជាយ៉ាងណា លោកឲ្យដឹងថាលោកមានបំណងត្រឡប់មកស្រុកកំណើតវិញក្នុងខេត្តត្បូងឃ្មុំពេលជាសះស្បើយ ប៉ុន្តែលោកបារម្ភការឆ្លងនៅក្នុងប្រទេសកម្ពុជាកាន់តែខ្លាំងដូចគ្នា។
លោកបន្ថែមថា៖ «ចង់ទៅខ្មែរដែរ ប៉ុន្តែនៅខ្មែរក៏នៅតែលំបាកដូចគ្នាហ្នឹង នៅខ្មែរកើតច្រើនដូចគ្នា»។
ចំណែកពលករម្នាក់ទៀតលោក នុត ហឿង អាយុ៤៤ឆ្នាំ ជាកម្មករនៅរោងចក្រម៉ាស៊ីនដេរ និងភរិយារបស់លោកក៏បានកើតជំងឺកូវីដ១៩ដូចគ្នា ដែលត្រូវបានរកឃើញកាលពីថ្ងៃទី១៣ ខែកក្កដា។ លោកថ្លែងថាពីដើមឡើយ ស្ថានភាពជំងឺរបស់លោកធ្ងន់ធ្ងរ ប៉ុន្តែដោយសារមានការមើលដិតដល់ពីក្រុមគ្រូពេទ្យថៃ ឥឡូវលោកបានធូរស្រាលហើយ។
លោកបញ្ជាក់ថា៖ «ឥឡូវអត់អីទេបង គេមើលយើងដិតដល់ដែរ។ បានធូរបានអីហើយ។ បានហូបបាយបបរអី»។
លោកថាប្រសិនបើជាសះស្បើយហើយមិនអាចធ្វើការបាន លោកនឹងសុំគេមកស្រុកកំណើតវិញ ដោយសារកន្លងទៅលោកមានបំណងមកស្រុកកំណើតវិញដូចគ្នា ក្នុងពេលជំងឺកូវីដ១៩ផ្ទុះឆ្លងខ្លាំងក្នុងប្រទេសថៃ។
លោកបន្ថែមថា៖ «ខ្ញុំប្រុងចុះទៅខែ៧តើបង ថាចាំបើកលុយ រួចទៅឈឺប្រឹប មិនបានចុះទៅ។ ចង់ចុះទៅផ្ទះវិញឈប់មក»។
គួរបញ្ជាក់ថាកន្លងទៅ អាជ្ញាធរសុខាភិបាលកម្ពុជាបានឲ្យដឹងថាខ្លួនរកឃើញអ្នកមានវិជ្ជមានវីរុសប្រភេទបំប្លែងថ្មីដែលតាដែលឆ្លងខ្លាំងនិងរហ័សជាងមុន សរុបចំនួន៧៥នាក់ ដែលក្នុងនោះក៏មានពលករខ្មែរត្រឡប់ពីប្រទេសថៃផងដែរ៕