ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​កូវីដ​១៩​បន្ត​ឆ្លង​ក្នុង​ចំណោម​​ព្រះ​សង្ឃ ខណៈ​ករណី​ឆ្លង​ទូទាំង​ប្រទេស​មិន​ទាន់​ធូរ​ស្រាល


រូប​ឯកសារ៖ ស្រ្តី​ម្នាក់​កំពុង​ប្រគេន​ទេយ្យទាន​ដល់​ព្រះ​សង្ឃ​​ក្នុង​វត្ត​និរោធ​រង្សី រាជធានី​ភ្នំពេញ ក្នុង​អំឡុង​​ពេល​​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃទី​២ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)​​
រូប​ឯកសារ៖ ស្រ្តី​ម្នាក់​កំពុង​ប្រគេន​ទេយ្យទាន​ដល់​ព្រះ​សង្ឃ​​ក្នុង​វត្ត​និរោធ​រង្សី រាជធានី​ភ្នំពេញ ក្នុង​អំឡុង​​ពេល​​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃទី​២ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)​​

ជំងឺ​កូវីដ​១៩​បាន​បន្ត​រាល​ដាល​ទៅ​វត្ត​អារាម​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដែល​រហូត​មក​ដល់​ពេល​នេះ ព្រះ​សង្ឃ​ប្រមាណ​២៤០​អង្គ​បាន​ឆ្លង​ជំងឺ​នេះ។

របាយ​ការណ៍​មួយ​របស់​ក្រសួង​ធម្មការ និង​សាសនា​ដែល​វីអូអេ​ទទួល​បាន​ឲ្យ​ដឹង​ថា​ព្រះ​សង្ឃ​ចំនួន​២៣៩​អង្គ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ដែល​គិត​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ព្រឹត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ខណៈ​ការ​ឆ្លង​ក្នុង​ប្រទេស​មិន​ទាន់​ថម​ថយ​នៅ​ឡើយ។

របាយការណ៍​ស្តី​ពី​ការ​ឆ្លង​ក្នុង​ចំណោម​ព្រះ​សង្ឃ​និង​សាសនិក​ផ្សេងៗ​ទៀតឲ្យ​ដឹង​ថា​ព្រះ​សង្ឃដែល​ឆ្លង​ច្រើន​ជាង​គេ​គឺ​នៅ​រាជ​ធានី​ភ្នំពេញ ដែល​មាន​១៣៤​អង្គ និង​ខេត្ត​ផ្សេងៗ ដូច​ជា​ត្បូង​ឃ្មុំ​៨៨​អង្គ​កំពត​១០​អង្គ ព្រៃវែង៤​អង្គ កណ្តាល​១​អង្គ ស្វាយ​រៀង​១​អង្គ និង​កំពង់​ចាម​១​អង្គ។

កាល​ពី​ថ្ងៃ​ចន្ទ អាជ្ញាធរ​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​ក្នុង​ចំណោម​ព្រះ​សង្ឃ​២០​អង្គ​ដែល​គង់​នៅ​វត្ត​ទួលទំពូង រហូត​ដល់​មាន​ការ​បិទ​វត្ត​នេះ​ជា​បណ្តោះ​អាសន្ន។

ព្រះ​ចៅ​អធិការ​វត្ត​ទួល​ទំពូង ព្រះតេជ​គុណ ស៊ា ប៊ុន​ណាត​ មាន​សង្ឃ​ដីកា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ​១៩​ចូល​មក​ក្នុង​វត្ត​របស់​ព្រះ​អង្គ គឺ​ដោយ​សារ​ការធ្វេស​ប្រហែស​របស់​ព្រះ​សង្ឃ​មួយ​ចំនួន ដែល​អនុញ្ញាត​ឲ្យ​សិស្ស​មក​ពី​ខាង​ក្រៅ​ស្នាក់​អាស្រ័យ​ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩​នេះ។

ព្រះ​តេជ​គុណបញ្ជាក់​ថា៖ «កុដិ​មួយ​ហ្នឹង​លោក​ដូច​ជា​ការ​ធ្វេស​ប្រហែស។ បាន​ន័យ​ថា​សិស្ស​ហ្នឹង​គាត់​ធ្លាប់​រស់នៅ​កន្លែង​ហ្នឹង​ពី​មុន​មក ដល់​ពេល​មួយ​រយៈ​នេះ​ គាត់​ឈប់​នៅ​ហើយ​គាត់​ទៅ​ជួល​ផ្ទះ​គេ​តែ​ដល់​ល្ងាច​ថ្ងៃ​ចន្ទ[​ទី​១២ ខែ​កក្កដា] គាត់​មក​ហើយ​ស្នាក់​នៅ​ក្នុង​កុដិ ដោយ​ភាព​ស្និទ្ធ​ស្នាល​ពី​មុន​មក​លោក​ក៏​អនុញ្ញាត​... ទាំង​ដែល​មិន​ដឹង​ថា​គាត់​ហ្នឹង​នាំ​កូវីដ​មក​ទេ។ ដល់​គាត់​ទៅ​ធ្វើ​តេស្ត​នៅ​ពេទ្យ​រុស្សី ដល់​យប់​ឡើង​ពេទ្យ​រុស្សី គេ​ខល​មក​ខាង​សង្កាត់​ថា​មាន​វិជ្ជមាន​សិស្ស​កុដិ​លេខ​៥​ហ្នឹង។ ហើយ​អញ្ចឹង​ចៅ​សង្កាត់​បាន​ខល​មក​អាត្មា​ទាំង​យប់។ អាត្មា​ក៏​បាន​រៀប​ចំ​ភ្លាមៗ តេ​ប្រាប់​តាម​បណ្តា​កុដិ​នីមួយៗ​ឈប់​ឲ្យ​មាន​ការ​ឆ្លង​កាត់​គ្នា​ទៅ​វិញ​ទៅ​មក​និង​បិទ​ខ្ទប់»។

ព្រះ​ចៅ​អធិការ​វត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា​បច្ចុប្បន្ន​ក្នុង​វត្តមាន​ព្រះ​សង្ឃ​សរុប​៦០​អង្គ ដែល​ក្នុង​នោះ​ចំនួន​២០​អង្គ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​នឹង​បាន​ទៅសម្រាក​ព្យាបាល​នៅ​មណ្ឌលទួល​ពង្រ និង​៤០​អង្គ​ផ្សេង​ទៀត​បាន​គង្គ​នៅ​ក្នុង​វត្ត ដើម្បី​ធ្វើ​ចត្តាឡី​ស័ក និងមិន​អនុញ្ញាត​ឲ្យ​និមន្ត​ចេញ​ក្រៅ​វត្ត​នោះ​ទេ។ ព្រះ​តេជ​គុណ​មាន​សង្ឃដីកា​បន្ត​ថាការ​ឆ្លង​ក្នុង​វត្តទួល​ទំពូង​នេះ​ភាគ​ច្រើនកើត​លើ​សាមណេរ​ដែល​មានជាង​១០​អង្គ។​

រូប​ឯកសារ៖ ព្រះសង្ឃមួយអង្គកំពុងទិញបន្លែពីអ្នកលក់បន្លែតាមរទេះក្បែរផ្សារកណ្តាល ខណៈ ផ្សារមិនរៀបរយទូទាំងរាជធានីត្រូវបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ ព្រះសង្ឃមួយអង្គកំពុងទិញបន្លែពីអ្នកលក់បន្លែតាមរទេះក្បែរផ្សារកណ្តាល ខណៈ ផ្សារមិនរៀបរយទូទាំងរាជធានីត្រូវបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ព្រះ​តេជ​គុណ​បញ្ជាក់​បន្ថែម​ថា៖ «ភាគ​ច្រើន​គឺ​សាម​ណេរ​តូចៗ។ អង្គ​ធំៗ​ក៏​មាន​ដែរ។ អង្គ​ធំៗ​ប្រមាណ​បីបួន​ប្រាំអង្គ​ដែរ។ ហើយ​ក្នុង​នោះ​សុទ្ធតែ​មាន​អ្នក​ចាក់​វ៉ាក់សាំង។ ធំៗ​ហ្នឹង​សុទ្ធ​តែ​បាន​ចាក់​វ៉ាក់សាំង»។

ព្រះ​តេជ​គុណ​គុណ ​ណន ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​នៅ​មណ្ឌល​ទួលពង្រ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ព្រះតេជគុណកំពុង​តែ​សម្រាក​ព្យាបាល​នៅ​ក្នុង​អគារ​មួយ​ជាមួយ​ប្រជា​ពលរដ្ឋ​ទូទៅ។ ព្រះ​តេជ​គុណ​ស្នើ​ឲ្យ​ដាក់​ព្រះ​សង្ឃសម្រាក​ព្យាបាល​ដាច់​ដោយឡែក​ពី​អ្នក​ជំងឺ​ទូទៅ​ផ្សេង​ទៀត។

ព្រះ​តេជ​គុណ​មាន​សង្ឃ​ដីកា​ថា៖ «ទីតាំង​មណ្ឌល​ទួល​ពង្រ មាន​ទាំង​ស្រី ទាំង​ប្រុស​ទាំង​ព្រះ​សង្ឃ​ទាំង​អស់​គ្នា​ជារួម។ ពេទ្យ​នាំ​មក​អញ្ចឹង​គឺ​កន្លែង​ណា​ទំនេរ គឺ​ដាក់​អញ្ចឹង​ទៅ»។

ព្រះ​តេជ​គុណ​ឲ្យ​ដឹង​ទៀត​ថា​ព្រះ​អង្គ​មិន​ដែល​បាន​និមន្ត​ចេញ​ក្រៅ​វត្ត​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​កូន​សិស្ស​នៅ​ក្នុង​វត្ត​ចេញ​ចូល​ធ្វើ​ការ​ជា​ប្រចាំ ទើប​បណ្តាល​ឲ្យ​មាន​ករណី​ឆ្លង​មក​ដល់​ក្នុង​វត្ត​បែប​នេះ។

ព្រះ​តេជគុណ​បញ្ជាក់​ថា៖ «អាត្មា​អត់​ដែល​និមន្ត​ទៅ​ណា​ផង​ហ្នឹង​អាត្មា​នៅ​តែ​កុដិ​អញ្ចឹង​ហើយ​ដល់​ពេល​ព្រឹក​ឡើង​ទៅ ធ្វើ​តេស្ត​ទៅ​ក៏​ចេញ​មក​អញ្ចឹង​ទៅ ពីព្រោះ​សុខភាព​អត់​កើត​អី​ផង​គ្រាន់​តែ​ថា​ពេល​យប់​យើង​គ្រាន់​តែ​រៀង​ហូរ​សម្បោរ ក្តៅ​ខ្លួន​បន្តិច​បន្តួច​អញ្ចឹង​ទៅ។ ដល់​ព្រឹក​ឡើង​ធ្វើ​តេស្ត ក៏​វិជ្ជមាន​អញ្ចឹង​ទៅ»។

បើ​យោង​តាមព័ត៌មាន​របស់​អនុ​គណៈ​កម្មការ​ស្រាវ​ជ្រាវ​ជំងឺ​កូវីដ​១៩​ដែល​បានបង្ហាញ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន វត្ត​អារាមដែល​មាន​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​នេះ​រួម​មាន​វត្ត​ទួល​ទំពូង វត្ត​សារា​វ័ន​តេជោ វត្ត​ទឹក​ថ្លា វត្ត​សំរោង​អណ្តែត និង​វត្ត​បុទុម​វត្តី​ផង​ដែរ។

ព្រះ​អង្គ​ រឹម ​ណាំ​ឈាវ​ ដែល​គង់​នៅ​វត្ត​មហា​មន្ត្រី និង​បាន​យក​សំណាក​ទៅ​ពិនិត្យ បាន​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​នេះ​អាច​ទំនង​មក​ពី​ការ​ចេញ​ចូល​របស់​ប្រជា​ពលរដ្ឋ ដោយ​មិន​បាន​អនុវត្ត​វិធាន​កា​រការពារ។

ព្រះតេជ​គុណ​មាន​សង្ឃ​ដីកា​ថា៖ «ការ​បើក​ចំហ​វត្ត​ក្នុង​ការ​ឲ្យ​ពុទ្ធ​បរិស័ទ​ចេញ​ចូល​ក្នុង​ការ​ប្រគេន​ទេយ្យទាន​ក៏​វា​ជា​ហានិភ័យ ពីព្រោះ​យើង​អត់​ដឹង​ថា​តើ​គ្រហស្ថ ឬ​ពុទ្ធ​បរិស័ទ​មាន​ជំងឺ​ហ្នឹង​ដែរ ឬ​អត់ ពីព្រោះ​ពុទ្ធ​បរិស័ទ​ខ្លះ​ក៏​លោក​អត់​ដឹង​ថា លោក​មាន​ជំងឺ​ហ្នឹង​ដែរ។ អញ្ចឹង​ពេល​លោក​យក​ចង្ហាន់​មក គឺ​ត្រូវ​ប៉ះ​ពាល់​ដោយ​ផ្ទាល់ ប៉ះពាល់​ដោយ​ប្រយោល​ខ្លះ​ជាមួយ​ព្រះសង្ឃ»។

ព្រះ​អង្គ​បន្ថែម​ថា៖ «​ការ​ចេញ​ចូល ដូច​ជា​វត្ត​មហា​មន្ត្រី ឬ​ក៏​វត្ត​ក្បែៗ​ហ្នឹង ក៏​មាន​ចរាចរណ៍​ឆ្លង​កាត់ ទាំង​ម៉ូតូ​ឌុប ទាំង​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​គាត់​បាន​ឆ្លង​កាត់។ អញ្ចឹង​ការ​ឆ្លង​កាត់​ការ​សួរ​នាំ​ពី​ផ្លូវ​ពី​អ្នក​ស្គាល់​គ្នា ឬ​អ្នក​មិន​ស្គាល់​គ្នា​ក្នុង​វត្ត​ អញ្ចឹង​វា​អាច​ជា​បញ្ហា​ប្រឈម​មួយ​ផង​ដែរ»។

ព្រះ​អង្គ​ក៏​មាន​ការ​ព្រួយ​បា​រម្ភ ប្រសិន​បើ​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​នេះ​មិន​បាន​ឆាប់​រហ័ស​នោះ​ទេ​វា​នឹង​ប៉ះ​ពាល់​ដល់​ចង្ហាន់​និង​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «ព្រះ​សង្ឃ​នៅ​រាជធានី​ភ្នំពេញ គឺ​លោក​ប្រមូល​បច្ច័យ​ពី​ការ​បិណ្ឌ​បាត​ពី​ញាតិ​ញោម​មក​គឺ​ដើម្បី​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​លោក ចង្ហាន់​របស់​លោក និង​អ្វី​ផ្សេងៗ​ទៀត​ដែល​ជា​តម្រូវការ​ចាំបាច់​ផ្ទាល់​ខ្លួន។ ហើយ​នៅ​ពេល​ដែល​មាន​បញ្ហា​ប្រឈម​គឺ​ទី១ លោក​ខាត​បង់​ពេល​វេលា​សូម្បី​ការ​សិក្សា​របស់​លោក ហើយ​បញ្ហា​ប្រឈម​គឺ​កង្វះ​ខាត​ចំពោះ​មុខ គឺ​ថវិកា​បង់​ថ្លៃ​សាលា ថ្លៃ​ចង្ហាន់ ថ្លៃ​អ្វី​ផ្សេងៗ​ជាដើម គឺ​វា​ជា​បញ្ហា​ប្រឈម​មែន​ទែន»។

គួរ​បញ្ជាក់​ថា​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ពុធ​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​៨១២​នាក់ និងស្លាប់​១៩​នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​មានចំនួន​១.១៦៨​នាក់ និង​ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​មាន​ជិត​៧​ម៉ឺន​នាក់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG