ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល៖ ​ថ្នាំ​បុរាណ​ចិន​ជួយ​សម្រាល​រោគ​សញ្ញា តែ​មិន​ជួយ​ព្យាបាល​ជំងឺ​កូវីដ​១៩​នោះ​ទេ


រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ កំពុងបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ កំពុងបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​អះអាង​សា​ជា​ថ្មី​ថា​ឱសថបុរាណ​ចិន​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា​កាល​ពី​ខែ​មេសា មិន​មែន​ជា​ឱសថព្យាបាលជំងឺ​កូវីដ​១៩​នោះទេ ប៉ុន្តែ​វា​អាច​ជួយ​សម្រាល​រោគ​សញ្ញា​ និង​ទប់​កុំ​ឲ្យ​វិវឌ្ឍ​ទៅ​សភាព​ធ្ងន់​ធ្ងរ។

នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកស្រី ឱ វណ្ណ​ឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​អ្នក​នាំ​ពាក្យ ដែល​បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារ​ព័ត៌មាន ​Fresh News​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុង​ពេល​អ្នកស្រី​នាំ​យក​ថវិកា​១០​លាន​រៀល អាហារ​និង​របស់​របរ​ផ្សេងៗ​ផ្តល់​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​ទី​៦​លាន ដែល​ទទួល​ជំនួយ​ពី​នាយករដ្ឋមន្ត្រី។

អ្នកស្រី ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ថា​កន្លង​ទៅ​ ឱសថ​បុរាណ​ចិន​ ឈ្មោះ​លៀងហ្វាឈួន (LIANHUA QINGWEN) ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ពេល​ដែល​មានជំងឺ​SARS​ក្នុង​ឆ្នាំ​២០០៣ និង​ជំងឺផ្តាសាយ​បក្សី ដែល​ជួយ​ព្យាបាល​ជំងឺ​រលាក​ផ្លូវ​ដង្ហើម។ អ្នក​ស្រី​បន្ថែម​ថា​ថ្នាំ​បុរាណ​ចិន​នេះជា​ប្រភេទ​ឱសថដែល​ជួយ​សម្រាល​រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ​១៩ ដូច​ជា​ក្តៅ​ខ្លួន ក្អក​ផ្តាសាយ តឹង​ច្រមុះ និង​ឈឺ​បំពង់​ក​ជា​ដើម​ ដើម្បី​ទប់​កុំ​ឲ្យ​មាន​ការ​វិវឌ្ឍធ្ងន់​ធ្ងរ។

អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​បញ្ជាក់​ម្តង​ទៀត​ថ្នាំនេះ​មិន​មែន​ទៅ​សម្លាប់​វីរុស​ជំងឺ​កូវីដ​១៩​ទេ។ មក​ដល់​ពេល​នេះ នៅ​លើ​សាកល​លោក​ មិន​ទាន់​មាន​ឱសថណាដែល​រក​ឃើញ​ថាទៅ​សម្លាប់​វីរុស​កូវីដ​១៩នៅ​ឡើយ​ទេ»។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នោះ​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ប្រើប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន មិន​ចេះ​តែ​លេប​នោះ​ទេ ដោយត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។ លោក​ស្រី​បញ្ជាក់​ថា​ឱសថ​បុរាណ​នេះ​អាច​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ទៅ​១០​ថ្ងៃ​តែប៉ុណ្ណោះ។

ទោះ​ជាយ៉ាង​ណា អ្នក​ស្រី​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ បើ​មាន​រោគ​សញ្ញា​ជំងឺកូវីដ​១៩​ធ្ងន់​ធ្ងរ។

បើ​តាម​អ្នក​ស្រី ឱ វណ្ណឌីន ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ឱសថ​បុរាណ​ចិន​នេះ អាច​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ផ្សេង​ទៀត ដើម្បី​ឲ្យ​អ្នក​ជំងឺឈាន​ទៅ​រក​ការ​ជា​សះស្បើយ​ពី​ជំងឺ៕

XS
SM
MD
LG