រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីរៀបចំឯកសារនានាទាក់ទងនឹងគោរមងារឧកញ៉ា ក្នុងគោលដៅធានាតម្លៃនៃគោរមងារដែលព្រះរាជប្រទានដោយព្រះមហាក្សត្រសម្រាប់បុគ្គលដែលបានចូលរួមចំណែកជួយដល់សង្គមជាតិ។
ការបង្កើតនេះធ្វើឡើងចំពេលដែលមានភាពអវិជ្ជមាននៃសកម្មភាពរបស់ឧកញ៉ាមួយចំនួន ពាក់ព័ន្ធនឹងការជួញដូរឈើ គ្រឿងញៀន ដីធ្លី ការប្រើអំពើហិង្សា និងការបៀតបៀនផ្លូវភេទជាដើម។ ចុងក្រោយនេះ ឧកញ៉ា ២ នាក់ មានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់បៀតបៀនផ្លូវភេទលើស្ត្រី គឺឧកញ៉ា ហេង សៀ និងការវាយដំភរិយា គឺឧកញ៉ា ឌួង ឆាយ។
សេចក្តីសម្រេចចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទ ឲ្យដឹងថា ការបង្កើតក្រុមការងារអន្តរក្រសួងនេះ គឺដើម្បីសិក្សាស្រាវជ្រាវច្បាប់ រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារនេះ។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលត្រូវបានតែងតាំងជាប្រធានក្រុមការងារអន្តរក្រសួងនេះ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកកំពុងតែរៀបចំក្រុមការងារមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំឯកសារទាំងនេះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអាចនិយាយថា ខ្ញុំចាំបានតំណាងរបស់ក្រសួងមកខ្ញុំនឹងរៀបចំប្រជុំក្រុមការងារហ្នឹង ដើម្បីដំណើរការស្រាវជ្រាវ រៀបចំកិច្ចការហ្នឹង ហើយជាបន្តបន្ទាប់ គឺរាយការណ៍ទៅសម្តេចក្រឡាហោម [ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ] តាមសេចក្តីសម្រេចកំណត់ ហើយហ្នឹងសុំគោលការណ៍ពីរដ្ឋាភិបាល ក្រោយពីមានគោលការណ៍សម្រេចបាន យើងដំណើរការបន្តបន្ទាប់ទៅតាមនីតិវិធី»។
លោកបន្តថា សេចក្តីសម្រេចនេះ គឺទើបតែទទួលបាន ក្រោយពីការបិទខ្ទប់រាជធានីភ្នំពេញ ដូច្នេះមិនទាន់មានការសម្រេចណាមួយនៅឡើយទេ។ លោកបញ្ជាក់ថា ការរៀបចំបទដ្ឋានគតិយុត្តិនេះអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ បើទោះត្រូវប្រជុំតាមប្រព័ន្ធអនឡាញក៏ដោយ។
បើតាមអនុក្រឹត្យថ្មីមួយចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បុគ្គលដែលទទួលបានគោរមងារឧកញ៉ា កាលណាមានការចូលរួមក្នុងការអភិវឌ្ឍសង្គម ដោយផ្តល់ជាប្រាក់ ឬសម្ភារៈ ដែលមានតម្លៃលើពី ៥០ ម៉ឺនដុល្លារ។ កាលពីមុន បុគ្គលដែលបរិច្ចាគធនធានជូនរដ្ឋលើសពី ១ ០ម៉ឺនដុល្លារឡើងទៅ ទើបទទួលបានគោរមងារដែលប្រទានដោយព្រះមហាក្សត្រ តាមការស្នើសុំដោយនាយករដ្ឋមន្ត្រី។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងប្រាប់ VOA ថា ការរៀបចំឯកសារទាក់ទងនឹងការផ្តល់គោរមងារនេះពិតជាសំខាន់ ប៉ុន្តែមិនត្រូវផ្តោតសំខាន់លើតែលើទ្រព្យធនតែមួយមុខនោះទេ គឺផ្តោតលើសីលធម៌ផង។
លោកស្រីមានប្រសាសន៍ថា៖ «អញ្ចឹងសម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថាការផ្តល់គោរមងារណាមួយបែបនេះ គួរតែមើលឲ្យហួសពីស្ថានភាពទ្រព្យធន។ សំខាន់បំផុត មើលទៅលើគុណធម៌ ទៅលើសីលធម៌របស់បុគ្គល ហើយមានការចូលរួមចំណែករបស់បុគ្គលនៅក្នុងសង្គម ហើយគួរតែធ្វើការជម្រះនូវមន្ទិលប្រសិនបើជាមានការពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្ស ឬក៏ការប្រព្រឹត្តអំពើទាំងឡាយណាដែលប៉ះពាល់ដល់សង្គម បរិស្ថានជាដើម»។
មន្ត្រីសិទ្ធិមនុស្សរូបនោះបានសង្កត់ធ្ងន់ទៀតថា ស្ថាប័នពាក់ព័ន្ធត្រូវតែធានាគោលការណ៍នីតិរដ្ឋ ដោយស្មើភាពគ្នាចំពោះមុខច្បាប់ មិនថាងារជាឯកឧត្តម ឧកញ៉ា ឬប្រជាជនទូទៅនោះទេ។ លោកស្រី ចក់ សុភាព បានមើលឃើញទៀតថាការអនុវត្តដាក់ទោសទណ្ឌកន្លងមកលើអ្នកដែលមានងារឧកញ៉ានិងប្រជាពលរដ្ឋសាមញ្ញ មិនទាន់មានភាពស្មើគ្នានៅឡើយទេ។
លោកស្រីបន្ថែមថា៖ «អ្នកប្រព្រឹត្តដែលជាអ្នកមានទ្រព្យហ្នឹង ប៉ុន្តែការផ្តន្ទាទោសហាក់បីជាស្រាលឬក៏ពេលខ្លះហ្នឹង គឺអាចបញ្ចប់រឿងត្រឹមតែការដកនូវគោរមងារជាដើម ខណៈដែលសកម្មជននយោបាយ ឬសកម្មជនយុវជនជាដើម គឺពួកគាត់ស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន ហើយពេលខ្លះគឺការឃុំខ្លួនហ្នឹង មានរយៈពេលយូរ ហើយសវនាការទៀតសោត មិនបានធានានូវគោលការណ៍សិទ្ធិទទួលការជំនុំជម្រះ ដោយយុត្តិធម៌ទៀតសោត»។
លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកជំនួញខាងកសិកម្មម្នាក់ និងជាសមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថាវាជាការល្អមួយដែលមានការរៀបចំឯកសារនានា ដើម្បីធានាថាគោរមងារនេះត្រូវបានយកទៅប្រើប្រាស់ត្រឹមត្រូវ។
លោកបញ្ជាក់ថា៖ «ជាការល្អមួយដែរ ហើយធ្វើម៉េចឲ្យឧកញ៉ាដឹងមុខងាររបស់ខ្លួនឯងថាឧកញ៉ាត្រូវធ្វើអ្វីខ្លះ? កាលពីមុនមិនទាន់ឧកញ៉ា ធម្មតា។ ដល់ពេលឧកញ៉ាត្រូវធ្វើអ្វីខ្លះ មិនមែនឧកញ៉ាដើរតែធ្វើបាបប្រជាជន ដូចខ្ញុំនិយាយកន្លងមកនោះទេ។ ឧកញ៉ាធ្វើម៉េចឲ្យរាស្ត្រញញឹម មិនមែនឲ្យរាស្ត្រទឹកភ្នែកនោះទេ»។
កាលពីឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាយ៉ាងដាច់ណាត់មិនឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលមានទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជាឧកញ៉ា ដោយត្រូវជ្រើសរើសត្រូវយកគោរមងារជាឧកញ៉ាឬយកតួនាទីរបស់ខ្លួន។
បញ្ជារបស់នាយករដ្ឋមន្ត្រីធ្វើឡើងក្រោយមើលឃើញថាបុគ្គលមានគោរមងារឧកញ៉ាមួយចំនួនបានយកតួនាទីទាំងនេះទៅធ្វើការងារខុសច្បាប់។
កាលពីឆ្នាំ២០១៩ មន្ត្រីយោធាមានងារជាឧកញ៉ា គឺលោក គង់ ក្រឹង ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងបទល្មើសព្រៃឈើ។ ចំណែកក្នុងឆ្នាំ២០១៩ដដែល ក៏មានការចាប់ខ្លួនឧកញ៉ាម្នាក់ទៀត ឈ្មោះ ស៊ឹង សំអុល ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើផងដែរ។ ចំណែកកាលពីខែមិថុនា ឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនឧកញ៉ាម្នាក់ ឈ្មោះ សង ថន ក្នុងទំនាស់ដីធ្លីប្រមាណ៥ពាន់ហិកតានៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
គួរបញ្ជាក់ថាមិនមានតួលេខជាក់លាក់អំពីបុគ្គលដែលទទួលបានគោរមងារឧកញ៉ានេះទេ។ ប៉ុន្តែបើយោងតាមតួលេខចេញផ្សាយជាសាធារណៈកាលពីកន្លងទៅ គឺចាប់ពីឆ្នាំ១៩៩៤ រហូតមកត្រឹមខែកុម្ភៈ ឆ្នាំ២០១៤ កម្ពុជាមានឧកញ៉ាចំនួន ៧០៤ នាក់៕