ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល​ឲ្យ​គិតគូរ​ឡើង​វិញ​បញ្ហា​បង្ហាញ​អត្តសញ្ញាណ​អ្នក​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ ពលរដ្ឋដែលប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងទីតាំងផ្សារដើមគរ និងផ្សារនាគមាសឈរតម្រង់ជួរដើម្បីចូលធ្វើតេស្ត និងទទួលលទ្ធផលតេស្តភ្លាមៗ នៅឯវិមានចរណៃ (សាលមហោស្រពចេនឡា) ក្នុង​ទីក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋដែលប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងទីតាំងផ្សារដើមគរ និងផ្សារនាគមាសឈរតម្រង់ជួរដើម្បីចូលធ្វើតេស្ត និងទទួលលទ្ធផលតេស្តភ្លាមៗ នៅឯវិមានចរណៃ (សាលមហោស្រពចេនឡា) ក្នុង​ទីក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ​បង្ហាញ​ការ​បារម្ភ​ចំពោះ​ការ​លាត​ត្រដាង​អត្តសញ្ញាណ​របស់​អ្នក​ជំងឺ​កូវីដ​១៩​ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ នៅ​ពេល​រដ្ឋាភិបាល​បង្កើន​វិធានការ​បិទ​ខ្ទប់​ដើម្បីកាត់​ផ្តាច់​ខ្សែចម្លងវីរុស​ឆ្លង​នេះនៅ​ក្នុង​ប្រទេស។

បើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​របស់​ស្ថាប័ន​រដ្ឋ​មួយចំនួន បាន​បន្ត​បញ្ចេញ ​ឈ្មោះ ទីលំនៅ​ និង​កន្លែង​របស់​បុគ្គល​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ១៩ ទោះ​បី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​អះអាង​ថា​រដ្ឋា​ភិបាល​មិន​បាត់​ម្ចាស់​ការ​ក្នុង​កាត់ផ្តាច់ចរន្ត​នៃ​ការ​ចម្លង​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍​យ៉ាង​ណា​ក្ដី។

លោកស្រី ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ប្រាប់​វីអូអេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​បញ្ចេញ​អត្តសញ្ញាណ​លម្អិត​របស់​បុគ្គល​អ្នក​ជំងឺ​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ អាច​បង្ក​ឲ្យ​មាន​ការ​រើស​អើង​ក្នុង​សហគមន៍​ និង​ជា​ការ​បំពាន​សិទ្ធិ​ឯកជន​មួយ​ផ្នែក​របស់​ពលរដ្ឋ​ម្នាក់​ៗ​ផងដែរ។

«ជា​ជាង​បង្ហាញ​អត្តសញ្ញាណ​ហ្នឹង​គឺ​បង្ហាញ​អំពី​ទីតាំង​ជាក់​លាក់​ដែល​មាន​ព្រឹត្តិការណ៍​ហ្នឹង​កើត​ឡើង​ពី​ពេល​វេលា​ អាច​ស្វែង​រក​នូវ​ដាន​ពាក់ព័ន្ធ​ហ្នឹង​តាម​រយៈ​បុគ្គល​ដែល​គាត់​មាន​ការប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ហើយ​និង​មាន​ការ​បង្ហាញ​ព័ត៌មាន ដូច​កន្លង​មក​អាជ្ញាធរ​ធ្លាប់​បាន​ប្រកាស​អីចឹង គឺថា​ មាន​ករណី​កើត​ឡើង​នៅ​ទី​តាំង​នេះ​ ម៉ោង​នេះ​ អ៊ីចឹង​សុំ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ទៅ​ប៉ះពាល់​ទី​តាំង​ហ្នឹង​ ឬ​ក៏​កន្លែង​ហ្នឹង​ ម៉ោង​ហ្នឹង​ អី​ចឹង​ ឲ្យ​ចូលរួម​សហការ»។

លោកស្រី​បន្ថែម​ថា​ ការណ៍​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​តាម​រក​ដាន​នៃ​អ្នក​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នក​ដែល​រក​ឃើញ​មានជំងឺកូវីដ​១៩ ជាជាង​បញ្ចេញ​អត្តសញ្ញាណ​លម្អិត​របស់​បុគ្គល​អ្នក​ជំងឺ​នោះ។

រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​បញ្ចេញ​ឈ្មោះ​បុគ្គល​ដែល​រក​ឃើញ​មាន​ផ្ទុក​មេរោគ​បង្ក​ជំងឺ​កូវីដ​១៩សា​ជាថ្មី​ នៅ​គ្រា​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មួយ​នេះ​ បាន​កើន​ឡើង​ខ្លាំង​លើស​ពី​ចំនួន​រាប់​សិប​ក្នុង​មួយ​ថ្ងៃ​មក​ដល់​ចំនួន​រាប់​រយ​ក្នុង​មួយ​ថ្ងៃ​ អំឡុង​ខែ​មេសា​នេះ។ ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ចំណុច​កណ្តាល​នៃ​ការ​ឆ្លង​ធ្ងន់ធ្ងរ​នោះ​ គឺ​រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ និង​ខេត្ត​កណ្តាល។

បើ​តាម​បញ្ជី​ឈ្មោះ​អ្នក​ជំងឺ​កូវីដ១៩​ ដែល​បាន​បង្ហោះ​នៅលើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ គេ​ឃើញ​មាន​ការ​រៀបរាប់​លម្អិត​អំពី​ឈ្មោះ អាយុ​ អាសយដ្ឋាន​បច្ចុប្បន្ន​ ទីកន្លែង​ធ្វើ​ការនិង​ភូមិ​ ឬ​សង្កាត់​នៃ​លំនៅដ្ឋាន​របស់​បុគ្គល​នីមួយៗ។ ក្នុង​បញ្ជី​ឈ្មោះ​ ក៏​មាន​រាយ​រាប់​ពី​អាសយដ្ឋាន​បច្ចុប្បន្ន​របស់​អ្នកជំងឺ​ជា​កុមារ​ផង​ដែរ។

លោក អំ​ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស នៃ​អង្គការ​លីកាដូ​ កត់​សម្គាល់​នូវ​ចំណុច​ល្អ​ និង​អាក្រក់ក្នុង​ការ​បញ្ចេញ​អត្តសញ្ញាណ​របស់​អ្នក​ជំងឺ​កូវីដ​១៩​ ដែល​មាន​ន័យ​ថា​សកម្មភាព​នេះ​ អាច​ជួយ​មួយ​ផ្នែក​ដល់​ការ​បន្ថយ​ល្បឿន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ និង​មួយ​ផ្នែក​អាច​បង្ក​ការ​រិះគន់​ចំពោះ​ការ​បំពាន​សិទ្ធិ​មួយ​ចំនួន​របស់​បុគ្គល។

«ប្រហែល​ជា​អាជ្ញាធរ​លោក​យល់​ថា​ អាហ្នឹង​ក៏ជា​ការ​ចូល​រួម​ដែរ​ក្នុង​ការ​ទប់​ស្កាត់​ហ្នឹង ក៏​ប៉ុន្តែ​យើង​ជា​សង្គម​ស៊ីវិល​ទេ​ ស្នើ​សុំ​ឲ្យ​មាន​ការ​ថ្លឹង​ថ្លែង​ហើយ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​កុំ​ឲ្យ​វា​មាន​ការ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ឯក​ជន​ធ្ងន់​ធ្ងរ​ពេក»។

សម្រាប់​លោក ​ថេង សាវឿន​ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ហៅ​កាត់​ថា​ CCFC យល់​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​គួរ​បញ្ឈប់​ការ​បញ្ចេញ​អត្តសញ្ញាណ​របស់​អ្នកជំងឺ​កូវីដ​១៩​បន្ត​ទៀត​ ប្រសិន​បើការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​ស្ថិត​ក្នុង​ស្ថានការណ៍​ដែលអាច​គ្រប់គ្រង​បាន​ ហើយ​វិធានការ​ចាំ​បាច់​នោះ​ គឺ​ត្រូវបង្កើន​ការ​ផ្សព្វផ្សាយ​ការ​ធ្វើ​អនាម័យ​ និង​លើក​កម្ពស់​ការ​យល់​ដឹង​បន្ថែម​ទៀត​នៃផលវិបាក​របស់​ជំងឺ​កូវីដ​១៩​ ក៏​ដូច​ជា​បង្កើន​ល្បឿន​នៃ​ការ​ផ្តល់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​មិន​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ WhatsApp។ ចំណែក​លោក ងី​ មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​មិន​លើក​ទូរស័ព្ទ។

វីអូអេ​ ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ម៉េត​ មាសភក្តី ​អ្នកនាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​ និង​លោក ​ឃាង​ ភារម្យ ​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

រដ្ឋបាល​ថ្នាក់ក្រោមជាតិទាំងពីរ សកម្មក្នុង​ការ​បញ្ចេញ​ឈ្មោះ​អ្នក​មាន​តេស្ដ​វិជ្ជមាន​តាំង​ពី​មុន​ការ​បិទខ្ទ​ប់។

យ៉ាងណា​ក៏​ដោយ​ លោក​ជិន ម៉ាលីន​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បញ្ជាក់​ថា ការ​បញ្ចេញ​អត្តសញ្ញាណ​របស់​អ្នក​ជំងឺ​ដែល​ត្រូវ​រក​ឃើញ​មាន​ជំងឺ​កូវីដ​១៩ ជា​ការ​ចាំបាច់ ដោយ​សារ​ស្ថានភាព​នៃ​ការ​ឆ្លង​រាតត្បាត​នៅ​មិន​ទាន់​ស្រក​ស្រុត​ចុះ​នៅ​ឡើយ។

«ដោយសារ​ការ​បង្ហាញ​អត្តសញ្ញាណ​របស់​យើង​ហ្នឹង​ហើយ បាន​ជា​យើង​អាច​យក​សំណាក​ធ្វើ​តេស្ត​ហ្នឹង​បាន​ចំនួន​ច្រើន​ហើយ​នាំ​ឲ្យ​យើង​រក​ឃើញ​អ្នក​ដែល​មាន​ផ្ទុក​កូវីដ​ហ្នឹង​ក៏​បាន​ច្រើន ដើម្បី​យើង​អាច​ធ្វើ​ការ​គ្រប់គ្រង និង​ព្យាបាល​បាន»។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ពុធ​ លោក នួន​ ផារ័ត្ន ​អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្តាល​ពីរ​សប្តាហ៍​កន្លង​មក​នោះ​ ល្បឿន​នៃ​ការ​ចម្លង​មេ​រោគ​កូវីដ​១៩​បាន​ថយ​ចុះ​ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយទៀត។

អភិបាល​រង​ក្រុង​រូប​នោះ​ពន្យល់​ថា​ ករណី​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ៗ​ជាច្រើន​រយ​នាក់ ក្នុង​ការ​បិទ​ខ្ទប់​នេះ​ គឺ​បណ្តាល​មក​ពី​ប្រសិទ្ធិភាព​នៃ​ការ​យក​សំណាក​របស់​ពលរដ្ឋ​ក្នុង​ទី​តាំង​ដែល​មាន​កម្រិត​ឆ្លង​ធ្ងន់ធ្ងរ ទៅ​ពិនិត្យ​រក​វត្តមាន​នៃ​ជំងឺ​កូវីដ​១៩។

លោក​អះអាងថា ការណ៍​នេះ​បញ្ជាក់ ថា​អាជ្ញាធរ​បាន​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​នេះ​បាន​ទាន់​ពេល​វេលា​ ហើយ​អ្វីៗ​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ដែល​អាច​គ្រប់គ្រង​បាន។

«ដោយសារ​តែ​យើង​បាន​បង្កើន​ល្បឿន​នៅ​ក្នុង​ការ​យក​សំណាក​ អ្នក​ដែល​នៅ​ក្នុង​តំបន់​ក្រហម​ និង​អ្នក​ដែល​សង្ស័យ។ អីចឹង​ពេល​ណា​ដែល​ចំនួន​យក​សំណាក​កាន់តែ​ច្រើន​ ដូច​យើង​បង់​សំណាញ់​ចឹង​ ស្រង់​បាន​អ្នក​វិជ្ជ​មាន​នោះ​ គឺ​ក្នុង​បរិមាណ​មួយ​ច្រើន​ដែរ»។

ជា​ផ្នែក​មួយ​នៃ​ការ​កាត់​ផ្តាច់​ការ​ចម្លង​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​មួយ​សប្តាហ៍​ទៀត​ បន្ទាប់​ពី​ការ​បិទ​ខ្ទប់​ពីរ​សប្តាហ៍​បាន​ផុត​សុពលភាព​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ក្នុង​វិធានការ​បិទ​ខ្ទប់​បន្ថែម​នេះ​ អាជ្ញាធរ​រាជធានី​ និង​ខេត្ត​កណ្តាល​ បាន​បែងចែក​តំបន់​បី​សំខាន់​ៗ​ដើម្បី​សម្គាល់​ពី​កម្រិត​ឆ្លង​ជំងឺ១៩​ គឺ​ក្រហមសំដៅ​ដល់​កម្រិត​ធ្ងន់​ លឿងទុំ​សំដៅ​ដល់​កម្រិត​មធ្យម​ និង​លឿង​សំដៅ​ដល់​កម្រិត​ស្រាល៕

XS
SM
MD
LG