ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ពេទ្យ​កងទ័ព ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ក្នុង​«តំបន់​ក្រហម»


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ បាន​បញ្ជា​ឲ្យ​ពេទ្យ​ទាហានរៀប​ចំ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ ក្នុង​«តំបន់​ក្រហម» ដែលរង​គ្រោះ​ការ​ឆ្លង​រាល​ដាលធ្ងន់​ជាង​គេ។

ក្នុង​សារ​សំឡេង​មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​នេះ វ៉ាក់​សាំង​ស៊ីណូហ្វាម ​(Sinopharm) ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាលចិន​ចំនួន​៤០​ម៉ឺន​ដូស​ទៀត ​នឹងត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា។

លោក​បញ្ជា​ឲ្យ​ចាក់​វ៉ាក់​សាំង​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​«តំបន់​ក្រហម»ដោយ​ប្រើប្រាស់​ពេទ្យ​ទាហាន។ លោក​បន្ថែម​ថា ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ នឹង​ទទួល​បាន​វ៉ាក់សាំង​ទាំង​អស់​គ្នា ឲ្យ​តែមាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ ហើយ​ស្ម័គ្រ​ចិត្ត​ទទួល​យកវ៉ាក់​សាំង។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ពេល​ទទួល​វ៉ាក់សាំង កុំ​ខ្វល់​ថា ​ប្រជាជន​មក​ពី​ទី​ណា​អី​ទី​ណា ឲ្យ​តែ​មក​យល់​ព្រម​ចាក់ គឺ​ចាក់​ឲ្យ​តែ​ម្តង ហើយ​ចេញ​កាត​ឲ្យ​គាត់ ព្រោះ​នៅ​តែ​ប្រជាជន​យើង​ដដែល»។

លោក ហ៊ុន សែន បន្ត​ថា ​រដ្ឋាភិបាល​មាន​គម្រោង​ចាក់​វ៉ាក់​សាំង​ដល់​ប្រជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្តាល ដែល​សរុប​ប្រជាជន​ទាំង​អស់​ប្រមាណ​៣​លាន​នាក់ ដែល​ត្រូវ​កា​រវ៉ាក់​សាំង៦​លាន​ដូស ដោយសារ​មនុស្ស​ម្នាក់​ត្រូវ​ចាក់​ពីរ​ដូស។

បើ​តាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ «តំបន់​ក្រហម»មាន​នៅ​ក្នុង​ខណ្ឌ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​នោះ មាន​ខណ្ឌ​ទួល​គោក ដែល​មាន​សង្កាត់​បឹង​សាឡាង ក្នុង​ភូមិ​១៤ ភូមិ​១៦ និង​ភូមិ​១៧ ខណ្ឌ​ដង្កោ ដែល​មាន​សង្កាត់​ព្រៃ​ស ក្នុង​ភូមិ​ប្រការ សង្កាត់​ដង្កោ ក្នុង​ភូមិ​ម័ល ភូមិ​ថ្មី និង​ភូមិ​សំបូរ។ ចំណែក​ខណ្ឌ​មាន​ជ័យ មាន​សង្កាត់​ស្ទឹង​មាន​ជ័យ១ សង្កាត់​ស្ទឹង​មាន​ជ័យ២ ​សង្កាត់​ស្ទឹង​មាន​ជ័យ៣ និង​សង្កាត់​បឹង​ទំពន់​ទី​១។ ខណ្ឌ​ឬស្សី​កែវ មាន​សង្កាត់​ទួល​សង្កែ​ទី​១ និង​ខណ្ឌ​ពោធិ៍សែន​ជ័យ មាន​សង្កាត់​ចោម​ចៅ​ទី​១​។

រូបឯកសារ​៖ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ​៖ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)

បើ​ប្រៀប​ធៀប​ទៅ​នឹងប្រទេស​ដែល​ជា​សមាជិក​អាស៊ាន លើកលែង​តែ​ប្រទេស​សិង្ហបុរី កម្ពុជា​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ច្រើន​ជាង​ប្រទេស​ផ្សេង ដែល​រហូត​មក​ដល់​ពេល​នេះ បាន​ប្រមាណ​១​លាន៣​សែន​នាក់ ទាំង​អ្នក​ចាក់​លើក​ទីមួយ​និង​លើក​ទីពីរ​បញ្ចូល​គ្នា។ ចំនួន​នេះ​ស្មើ​ប្រមាណ​៨%​នៃ​ប្រជា​ជន​កម្ពុជា​សរុប​ជាង​១៦​លាន​នាក់។ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​គោល​ដៅ​នៃ​ការ​ចាក់​វ៉ាក់​សាំង​ដល់​ប្រជា​ជន គឺ​មាន​ជាង​១០​លាន​នាក់។ នេះបើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​កន្លង​មក។

វ៉ាក់​សាំង​ដែល​កម្ពុជា​កំពុង​ប្រើ​ប្រាស់​ភាគ​ច្រើន គឺ​វ៉ាក់​សាំង​ស៊ីណូហ្វាម ​(Sinopharm) ដែល​ផលិត​ដោយ​រដ្ឋ​ចិន​និង​ស៊ីណូវ៉ាក់​ (Sinovac) ដែល​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន។ វ៉ាក់សាំង​ទាំង​នោះ កម្ពុជា​ទទួល​បាន​ជំនួយ​ឥត​សំណង​ពី​រដ្ឋា​ភិបាល​ចិន និង​ទិញ​ពី​ក្រុម​ហ៊ុន​ចិន ដោយ​មាន​ការ​សម្រប​សម្រួល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋា​ភិបាល​ចិន ដែល​ជា​«មិត្ត​ដែក​ថែប»​របស់​កម្ពុជា។

កាល​ពី​ថ្ងៃ​ចន្ទ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មាន​ការ​បែង​ចែក​វ៉ាក់សាំង​ដោយ​សមធម៌ និង​កុំ​យក​វ៉ាក់សាំង​ជា​ឧបករណ៍​នយោ​បាយ។

លោក ឯម សុវណ្ណារ៉ា អ្នក​អត្ថាធិប្បាយ​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា​ពី​ដំបូង​ឡើយ ប្រជា​ពលរដ្ឋកម្ពុជា​មាន​ភាព​ស្ទាក់​ស្ទើរ​លើ​ប្រសិទ្ធភាព​វ៉ាក់​សាំង​របស់​ប្រទេស​ចិន ដោយ​សារមិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក ប៉ុន្តែក្រោយ​មក​ដោយ​សារ​មាន​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ​ចរន្ត​នៃ​ការ​ចាក់​វ៉ាក់​សាំងបាន​កើន​ឡើង​ខ្លាំង។

លោក​មាន​ប្រសាសន៍​ថា៖ «ក៏​ប៉ុន្តែ​អ្នក​ទៅ​ច្រើន​គ្នា​ហ្នឹង វា​អត់​មាន​លទ្ធភាព​ទទួល​បាន​គ្រប់​គ្នា​ទៀត វា​ជា​ឧបសគ្គ​មួយ​ដែរ ហើយ​អាហ្នឹង​វា​ជា​ចរន្ត​ពលរដ្ឋ​មួយ​ដែល​គេបារម្ភ​អំពី​ហានិភ័យ​ដែល​កើត​ឡើង​ពាក់ព័ន្ធ​នឹង​សុខភាព​ផ្ទាល់​ខ្លួន»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ស្តីពី​ការ​បន្ត​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល លោក នួន ផារ័ត្ន អភិបាល​រង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា​ក្រុម​ការងារ​របស់​រដ្ឋបាល​ភ្នំពេញ​បាន​យក​សំណាក​របស់​អ្នក​ពាក់ព័ន្ធនៅ​ទីតាំង​តំបន់​ក្រហម ដែល​ក្នុង​នោះ​ជា​ធម្មតា​មាន​សំណាកចន្លោះ​ពី៥​ពាន់​ទៅ​៦​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។ លោក​បន្ថែម​ថា​រាជធានី​ភ្នំពេញ​កំពុង​ស្ថិត​ក្នុង​«ស្ថាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំង» ប៉ុន្តែ​«មិន​មែន​បាត់​ម្ចាស់​ការ​ទេ»។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​យើង​កំណត់​នូវ​គោល​ដៅ​សំខាន់ៗ​ដែល​យើង​ត្រូវ​យក​សំណាក​ជាពិសេសតំបន់​ក្រហម។ មូលហេតុ​នេះ​ហើយ​ទើប​យើង​អាច​នឹង​ប្រមូល​បាន​នូវ​អ្នក​ដែលមាន​ផ្ទុក​នូវ​មេរោគ​កូវីដ​១៩​នេះ បាន​នូវ​ចំនួន​ច្រើន ដើម្បី​យើង​ត្រូវ​តែ​យក​គាត់​ចេញពី​តំបន់​របស់​គាត់ ដើម្បី​ទប់​ស្កាត់​ការ​បន្តរីក​រាល​ដាល​ទៅអ្នក​ផ្សេង​ទៀត​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ជាមួយ​គ្នា»។

អភិបាល​រង​រាជធានី​ភ្នំពេញ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ការដាក់​សង្កាត់​ឬ​ភូមិ​ជា​តំបន់​ក្រហម ដោយសារ​អាជ្ញាធរ​សុខាភិបាល​នៅ​តែ​រក​ឃើញ​ករណី​ឆ្លង ហើយ​មិន​ទាន់​ដឹង​ប្រភព​នៅ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ខ្ញុំ​ឆ្លើយ​នឹង​សំណួរ​នេះ​ឲ្យ​ហើយ ដើម្បី​ចៀស​វាង​បង​ប្អូន​ខ្លះ​ដែល​គាត់​រស់​នៅ​ក្នុងតំបន់​បឹង​ទំពុន​ទី​១ គាត់​ថា​ចំនួន​ឆ្លង​គាត់​តិច ហេតុ​អី​បាន​ជា​ដាក់​គាត់​នៅ​ក្នុង​តំបន់​ក្រហម​ដែរ។ អាហ្នឹង​គឺ​មូលដ្ឋាន​ទីមួយ គឺ​យើង​មើល​ទៅ​លើ​ចំនួនជាក់​ស្តែង​នៃ​អ្នក​វិជ្ជមាន​អំពីការ​គ្រប់​គ្រង​ប្រភព​នៃ​ការ​ឆ្លង»។

ចំណែក​លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​មន្រ្តីមួយ​រូប​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ មាន​ប្រសាសន៍​ថា​ការ​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ អាច​អូស​បន្លាយ​ទៀត ប្រសិន​បើ​ប្រជា​ពលរដ្ឋ​មិន​ចូលរួម​អនុវត្ត ហើយ​កំណើន​រក​ឃើញ​ជំងឺ​កូវីដ​១៩​នៅ​តែ​មាន​ចំនួន​ច្រើន។

លោក​បញ្ជាក់​ថា៖ «ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ការ​ចូល​រួម​នេះ​មិន​បាន​ពេញ​ដៃ​ពេញ​ជើង​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ទេ នោះ​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការ​រាល​ដាល​នោះ ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម ហើយ​នោះ​ហើយ​ដែល​រយៈ​ពេល​នៃអនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ នឹង​អាច​បន្ត»។

លោក នួន ផារ័ត្ន អភិបាល​រង​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​កូវីដ​១៩​ដែល​កំពុង​សម្រាក​ព្យាបាល​ទាំង​ស្រាល​ទាំង​ធ្ងន់​មាន​ប្រមាណ​៦​ពាន់​នាក់ ហើយ​មក​ដល់​ពេល​នេះ អាជ្ញាធរ​បាន​រៀបចំ​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​ស្រាល​មួយ​ចំនួន ដែល​មាន​ទៅ​ដល់​៨​ពាន់​គ្រែ។

គួរ​បញ្ជាក់​ថា​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដែល​មាន​រយៈ​ពេល​ជាង​២​ខែ​មក​ហើយ រហូត​ដល់​ថ្ងៃ​ពុធ​នេះ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​សរុប​ជាង​១​ម៉ឺន​នាក់ ហើយ​មាន​ករណី​ស្លាប់​ជាង​៨០​នាក់៕

XS
SM
MD
LG