ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​​ប្រមាណ​១.៧០០​នាក់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ


រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា​កម្មករ​សរុប​ជិត​១.៧០០​នាក់ មក​ពី​រោងចក្រ​ជាង​២០០ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩​ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឆ្លងរាល​ដាល​ជំងឺ​នេះ​ក្នុង​សហគមន៍​២០​កុម្ភៈ។

លោក ហេង សួរ រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា​កម្មករ​សរុប​ចំនួន​១.៦៧៣​នាក់ មក​ពី​២០៦​រោងចក្រ​ដែល​ភាគ​ច្រើន​នៅ​ភ្នំពេញ ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ​១៩ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​នេះ​ក្នុង​សហគមន៍​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

លោក​បន្ថែម​ថា​ក្នុង​នោះ មាន​កម្មករ​១.៥៩៨​នាក់នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ​១៩។ កម្មករឆ្លង​ផ្សេង​ទៀត​មក​ពី​រោង​ចក្រ​នៅ​ខេត្ត​កណ្តាល តាកែវ ព្រះសីហនុ ស្វាយ​រៀង កំពង់ឆ្នាំង និង​ខេត្ត​កំពង់​ចាម។

លោក ហេង សួរ បានថ្លែង​ថា៖ «ប៉ុន្តែ​ចំនួន​នេះ​អាច​មាន​ការ​កើន​ឡើង​ ឬ​មួយ​ក៏​ប្រែ​ប្រួល ពីព្រោះ​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ស្រុក​អង្គ​ស្នួល​នៃ​ខេត្ត​កណ្តាល ​ក៏​យើង​កំពុង​តែ​ធ្វើ​តេស្ត​ហើយ​កំពុង​សម្រប​សម្រួល​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ហើយ​ត្រូវ​ធ្វើសំណាក​បន្ថែម​ទៀត»។

លោក ហេង សួរ ឲ្យ​ដឹង​ទៀត​ថា​កម្មករ​ប្រមាណ​១៧.០០០នាក់ ​ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក​នា​ពេល​កន្លង​មក​ ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​ឆ្លង​នេះ។

កាល​ពី​ដើម​ខែ​មេសា អាជ្ញាធរ​សុខាភិបាល​បាន​រក​ឃើញ​កម្មករ​រាប់​សិប​នាក់​មក​ពីរោង​ចក្រ​មួយ​មាន​ឈ្មោះ​ថា​សហគ្រាស ឌីន​ហាន់ ​(Din Han Enterprise) ដែល​ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ឆ្លង​ជំងឺ​កូវីដ​១៩។

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​ឲ្យ​រោង​ចក្របន្ត​បើ​ក​ប្រាក់​ឈ្នួល​ដល់​កម្មករ​៥០​%​សម្រាប់​ការងារ​កន្លះ​ខែ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៤​ខែ​មេសា​និង​បានស្នើរោងចក្រ​ឲ្យ​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ សម្រាប់​រយៈ​ពេល​ពាក់​កណ្តាល​ទៀត​នៃ​ខែ​មេសា​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​៣០ បើ​ទោះ​ពួកគេ​មិន​បាន​បំពេញ​ការងារ ក្នុង​ពេល​រាំង​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្តាល។

គួរ​បញ្ជាក់​ថា​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដែល​មាន​រយៈ​ពេល​ជាង​២​ខែ​មក​ហើយ រហូត​ដល់​ថ្ងៃ​ពុធ​នេះ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​សរុប​ជាង​១​ម៉ឺន​នាក់ ហើយ​មាន​ករណី​ស្លាប់​ជាង​៨០​នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG