ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៥៧ម៉ឺន​នាក់​នៅ​«តំបន់ក្រហម» នឹង​ត្រូវ​ចាក់វ៉ាក់សាំង​«កាតព្វកិច្ច»​ដោយ​យោធា


រូបឯកសារ​៖ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)
រូបឯកសារ​៖ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)

ពលរដ្ឋ​ប្រមាណ​៥៧​ម៉ឺន​នាក់​ដែល​រស់​នៅ​តំបន់​ក្រហម​និង​តំបន់​ក្បែរ​ខាង​ នឹង​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩​ដែល​រៀប​ចំ​ចាក់​ជូន​ដោយ​មន្ត្រី​យោធា។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ថ្នាក់​ដឹកនាំ​កង​យោធពល​ខេមរភូមិន្ទ។

ការ​រៀប​ចំ​ចាក់​នេះ​ជា​ផ្នែក​នៃ​យុទ្ធនាការ​«ចាក់​ស្រោច»​វ៉ាក់សាំង ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​យោធា​ចេញអនុវត្ត​ចាក់​លើ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ពណ៌​«ក្រហម» ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​កូវីដ១៩​ខ្លាំង ក្នុង​ខណ្ឌ​ចំនួន​បួន​នៅ​ភ្នំពេញ។

នាយឧត្ដម​សេនីយ៍ ឥត សារ៉ាត់ នាយ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ ទ.ទ.ក. កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កម្លាំង​យោធា​១៤៩០​នាក់​ នឹង​ត្រូវ​ពង្រាយ​ដើម្បី​ចាក់​វ៉ាក់សាំង​ដែល​មាន​បច្ចុប្បន្ន​៩០​ម៉ឺន​ដូស​ជូន​ពលរដ្ឋ​នៅ​«តំបន់​ក្រហម»។

តែ​ដោយសារ​មនុស្ស​គ្រប់​លក្ខណៈ​និង​អាយុ​ចាក់​មាន​៥៧​ម៉ឺន​នាក់ មន្ត្រី​យោធា​រូប​នេះ​ថា ​ក្រុម​ខ្លួននឹ​ង​ដក​ស្រង់​ទិន្នន័យ​បន្ថែម​ទៀត ដោយ​ក្នុង​ចំណោម​នោះ​មាន​អ្នក​ខ្លះ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។ លោក ឥត សារ៉ាត់ ថា យុទ្ធនាការ​នេះ ​នឹង​ធ្វើ​ពី​ថ្ងៃ​សុក្រ​ទី​៣០ ​ខែ​មេសា​តទៅ។

«សម្ដេច​ពិជ័យ​សេនា គាត់​បាន​ដាក់​បទ​បញ្ជា​ឱ្យ​ខ្ញុំ​ថា មិន​ឱ្យ​វ៉ាក់សាំង​ដេក​នៅ​ក្នុង​ឃ្លាំង​ទេ ធ្វើ​យ៉ាង​ម៉េច​ឱ្យ​វ៉ាក់សាំង​ទាំង​នោះ​ជ្រាប​ទៅ​ក្នុង​ខ្លួន​ប្រជាពលរដ្ឋ ដើម្បី​បង្កើត​ភាព​ស៊ាំ ហើយ​និង​ការពារ ទប់ស្កាត់ លុប​បំបាត់ អា​ការ​រាលដាល​ឆ្លង​នេះ»។

លោក ឥត សារ៉ាត់ លើក​ឡើង​ថា ពលរដ្ឋ​គ្រប់​រូប​នៅ​តំបន់​ក្រហម​«ត្រូវ​មាន​ឆន្ទៈ»​ទៅ​ទទួល​វ៉ាក់​សាំង​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​យក​ភាព​ប្រក្រតី​នៃ​ស្ថានភាព​ប្រទេស​ត្រឡប់​មក​វិញ ហើយ​អាជ្ញាធ​រត្រូវ​អំពាវ​នាវ ពន្យល់​ប្រាប់​ពលរដ្ឋ​អំពី​ការ​ចូលរួម​នេះ។

«បើ​សិនជាចង់អស់[កូវីដ​១៩]អ៊ីចឹង ក្រោមការខិតខំរបស់​រាជ​រដ្ឋាភិបាល យើង​ត្រូវ​តែ​មក​ចាក់។ វា​មិនមែន​ជា​ការ​ស្ម័គ្រ​ចិត្ត​អី យើង​ត្រូវ​តែ​មក​ចាក់​ទាំង​អស់។ នេះ​ជា​កាតព្វកិច្ច​ដែល​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា។ អា​នេះ​ជា អ្វី​ដែល​ខ្ញុំ​គិត វា​ជា​កាតព្វកិច្ច​ដែល​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​លុបបំបាត់ ដើម្បី​ប្រទេស​ជាតិ​របស់​យើង»។

ឯកសារ​កងទ័ព​ដែល​ចុះ​ហត្ថលេខា​ថ្ងៃ​ទី​២៧ ​ខែ​មេសា ដោយ​ឧត្ដម​សេនីយ៍​ឯក ខឹមជា សាឃឿន​ នាយ​សេនាធិការ​កងទ័ព​ជើងគោក បាន​បង្ហាញ​ថា​អង្គភាព​ទ័ព​ចំនួន​៥​ក្រោម​ចំណុះ​កង​ទ័ព​ជើងគោក​នឹង​ចេញ​ប្រតិបត្តិការចាក់​វ៉ាក់សាំង។

អង្គភាព​ទាំង​នោះ​រួម​មាន កងពល​តូច​លេខ​៧០ បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស បញ្ជាការដ្ឋាន​យោធ​ភូមិភាគ​ពិសេស បញ្ជាការដ្ឋាន​ការពារ​អាកាស និង​ក្រុម​គ្រូ​ពេទ្យ​កងទ័ព​ជើងគោក។

ដោយឡែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​ថា​តួលេខ​ដែល​លោក ឥត សារ៉ាត់ លើកឡើង​ថា​មាន​៥៧​ម៉ឺន​នាក់​នៅ​តំបន់​ក្រហម​ត្រូវ​ចាក់​វ៉ាក់​សាំង​នោះ មិន​មាន​អ្វី​ត្រូវ​ផ្ទៀងផ្ទាត់​បញ្ជាក់​បន្ថែម​ឡើយ។

ក្នុង​ចំណោម​«តំបន់​ក្រហម»​ទាំងអស់ សង្កាត់​ទួលសង្កែ​ទី១ នៃ​ខណ្ឌ​ឫស្សីកែវ មាន​ទំហំ​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ ពោល​គឺ​មា​ន​ដល់ទៅ ៨៦.៦៤៦​នាក់។ នេះ​បើ​យោង​តាម​ជំរឿន​ឆ្នាំ​២០១៩​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ។

លោក សឹង សែនករុណា មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​ឡើងថា គោលការណ៍​ស្ម័គ្រចិត្ត​នៃ​ការ​ទទួល​វ៉ាក់សាំង​របស់​ពលរដ្ឋ​ម្នាក់ៗ​គួរ​ត្រូវ​បាន​ការពារ។

«ក្នុង​ការ​សម្រេច​ចិត្ត​ក្នុង​ការចាក់​វ៉ាក់​សាំង​ទាំង​អស់​នេះ ខ្ញុំ​គិត​ថា​គួរតែ​មាន​ការ​ទុក​សិទ្ធិ​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ទៅ​ កុំ​ឱ្យ​មាន​ការ​ប្រើ​រូបភាព​ណា​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា វា​ជា​ការ​បង្ខិត​បង្ខំ ព្រោះ​រដ្ឋាភិបាល​អាច​រង​ការ​រិះគន់​ចំពោះ​ការ​ប្រើ​រូបភាព​ជា​ការ​ដាក់​សម្ពាធ»។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ​ ក៏បា​ន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ចំពោះ​វត្តមាន​និង​តួនាទី​យោធា​ក្នុង​ការប្រយុទ្ធ​នឹង​កូវីដ​១៩​នេះ​ផង​ដែរ ដោយ​ស្នើ​ឱ្យ​ចាត់​ទុក​ជម្រើស​ការ​ពង្រាយ​យោធា​នេះ​ជា​ជម្រើស​ចុង​ក្រោយ​បំផុត នៅ​ពេល​ប្រើ​ប្រាស់​កម្លាំង​ស៊ីវិល​អស់​លទ្ធភាព។

យោធា​ក៏​ត្រូវ​បាន​គេ​ពង្រាយ​ក្នុង​ការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មានជ័យ ​និង​បិទ​ខ្ទប់​ខេត្ត​ព្រះសីហនុ​ផង​ដែរ តែ​រូបភាព​ដែល​ត្រូវ​បា​ន​ផ្សព្វផ្សាយ​នៅ​ប៉ោយប៉ែត​បង្ហាញ​ថា​ ទាហាន​ដែលត្រូវ​បាន​ពង្រាយ​នោះ​មាន​ប្រដាប់​ដោយ​អាវុធ AK-47​ ផង​ដែរ។

គិត​មក​ទល់​នឹង​ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ កម្ពុជា​ទទួល​វ៉ាក់សាំង​ប្រមាណ​៤​លាន​ដូស ដែល​ភាគ​ច្រើន​លើស​លប់​ជា​ជំនួយនិ​ង​ការ​លក់​ឱ្យ​ពី​ប្រទេស​ចិន។ ពលរដ្ឋ​ប្រមាណ​១​លាន​៣​សែន​នាក់​ហើយ​បាន​ទទួល​វ៉ាក់សាំង​ដែល​ចាក់​ដោយ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​សុខាភិបាល៕​

XS
SM
MD
LG