កម្ពុជាបានកត់ត្រាចំនួនអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៨០ករណី នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ ជាកំណត់ត្រាថ្មីនៃការកើនខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ។ នេះបើយោងតាមក្រសួងសុខាភិបាល។
ការរកឃើញថ្មីនេះ នាំឱ្យចំនួនការឆ្លងកូវីដ១៩សរុបរបស់ប្រទេសកម្ពុជាកើនដល់ ១២.៦៤១ករណី គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍។
ក្រសួងសុខាភិបាលបន្តថា ករណីថ្មីទាំង៨៨០សុទ្ធសឹងជាការឆ្លងក្នុងសហគមន៍ទាំងអស់ ដែលក្នុងនោះមាន ៥១៨ករណីនៅភ្នំពេញ ១៨៧ករណីនៅខេត្តព្រះសីហនុ ៧៣ករណីនៅខេត្តកណ្ដាល ៣៩ករណីនៅខេត្តកំពង់ចាម និង៣៦ករណីនៅខេត្តបន្ទាយមានជ័យ។
បណ្ដាខេត្តផ្សេងទៀតដូចជា កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង ព្រៃវែង ពោធិ៍សាត់ កោះកុង សៀមរាប និងត្បូងឃ្មុំ ក៏មានករណីឆ្លងដែរ។
ការរកឃើញរាយប៉ាយនៅបណ្ដាខេត្តនានាមានឡើងក្នុងពេលតែបន្តិច ក្រោយរដ្ឋាភិបាលដកបំរាមការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ និងបើកបន្ធូរសម្រាប់តំបន់មួយចំនួននៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយបង្កើតជាតំបន់ «លឿងទុំ» ដែលមានហានិភ័យមធ្យម និងតំបន់«លឿង»ដែលមានហានិភ័យទាបពីការឆ្លងកូវីដ១៩។
សង្កាត់ចំនួន៩ ដែលមានមនុស្សរស់នៅរាប់សែននាក់ ក្នុងរាជធានីភ្នំពេញ កំពុងស្ថិតក្រោមការបិទខ្ទប់តឹងរឹងក្នុងតំបន់«ក្រហម» ដែលមានកម្រិតហានិភ័យខ្លាំងដល់ថ្ងៃទី៥ ខែឧសភា៕