អង្គការការពារសិទ្ធិមនុស្សលីកាដូបានរកឃើញការរំលោភបំពាននានាទៅសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជា ហើយនិងការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្ស និងអ្នកនិយាយរិះគន់រដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាលទាត់ចោលរបាយការណ៍អង្គការលីកាដូស្តីពីការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្ស ដោយប្រើប្រព័ន្ធតុលាការ ដែលអង្គការដដែលនេះអះអាងថា នៅមិនទាន់មានភាពឯករាជ្យនៅឡើយ។ ក៏ប៉ុន្តែ របាយការណ៍របស់អង្គការសិទ្ធិមនុស្សដ៏សំខាន់នេះត្រូវបានច្រានចោលភ្លាមៗ ដោយមន្ត្រីគណបក្សកាន់អំណាច ដែលលើកឡើងថា រដ្ឋាភិបាលបានផ្តល់សិទ្ធិគ្រប់គ្រាន់ដល់ពលរដ្ឋគ្រប់រូប។
របាយការណ៍សង្ខេបស្តីពី «ហានិភ័យនៃសំឡេងរិះគន់៖ ការរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្ស» ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ បានឲ្យដឹងផងដែរថា វិធីសាស្ត្រដដែលៗ ដែលរឹតត្បិតសំឡេងអ្នកការពារសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ ក្នុងនោះមានការប្រើប្រាស់ប្រព័ន្ធតុលាការដែលមានលក្ខណៈលម្អៀង ការប្រើប្រាស់អំពើហិង្សាដែលគាំទ្រដោយអាជ្ញាធរ និងការបង្រ្កាបលើការតវ៉ាដោយហិង្សានានា ត្រូវបានបន្ថែមទម្ងន់តាមរយៈការអនុម័តច្បាប់ថ្មីមួយចំនួន ដែលមានលក្ខណៈគាបសង្កត់ ហើយនឹងការត្រួតពិនិត្យចាប់ពិរុទ្ធតាមរយៈប្រព័ន្ធអ៊ិនធើណេតជាដើម។
របាយការណ៍ដែលមាន៣៩ទំព័រនេះបានពណ៌នាអំពីការបាញ់សម្លាប់លោកកែម ឡីទាំងកណ្តាលថ្ងៃ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ ២០១៦។ លោកកែម ឡីគឺជាអ្នកវិភាគនយោបាយដ៏លេចធ្លោម្នាក់នៅកម្ពុជា។ ឃាតកម្មលោករូបលោកបានកើតមានឡើង នៅខណៈដែលមានការកើនឡើងនូវការរឹតត្បិតពីអាជ្ញាធរ។
មានអ្នករិះគន់រដ្ឋាភិបាលមួយរូបទៀតគឺលោក គឹម សុខ កំពុងជាប់ឃុំឃាំងបណ្តោះអាសន្ន រង់ចាំសវនាការ ក្រោមបទចោទបរហារិកេរ្តិ៍ និងញុះញង់ ដោយសារសកម្មភាពរបស់លោកក្នុងការធ្វើបទអធិប្បាយក្នុងកិច្ចសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោកកែម ឡីនោះ។ ហើយកាលពីថ្ងៃទី១២ ខែមីនា យុវជនបួននាក់ត្រូវបានគេចាប់ខ្លួន និងឃាត់ខ្លួនរយៈពេលខ្លី នៅពេលដែលនគរបាល និងកងសន្តិសុខខ័ណ្ឌ ប្រមាណ៤០នាក់ បានហាមឃាត់ មិនឲ្យចាក់បញ្ចាំងវីដេអូឯកសាររបស់សារព័ត៌មានបរទេស Al Jazeera ជាលក្ខណៈឯកជនអំពីឃាតកម្មលើលោកកែម ឡី ដែលវីដេអូនេះត្រូវបានគេ ផ្សព្វផ្សាយជាសាធារណៈនៅលើប្រព័ន្ធអ៊ីនធឺណេតតាំងពីប៉ុន្មានខែមុនមកម្ល៉េះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលរបាយការណ៍របស់ក្រុមការពារសិទ្ធិមនុស្សលីកាដូ ដោយលើហេតុផលថា ប្រទេសកម្ពុជាបានផ្តល់សិទ្ធិសេរីភាពយ៉ាងច្រើនដល់ពលរដ្ឋខ្លួន ដោយលោកបានលើកជាឧទាហរណ៍ទាក់ទិនសេរីភាពសារព័ត៌មាននៅក្នុងប្រទេស។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ VOA កាលពីថ្ងៃចន្ទថា៖
«ពីព្រោះសារព័ត៌មាន ការផ្សាយវិទ្យុ ការផ្សាយទូរទស្សន៍គឺរដ្ឋមិនបានត្រួតពិនិត្យខ្លឹមសារនៃការផ្សាយមុនទេ។ ដូចយើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ យើងដឹងស្រាប់ហើយ អត់មានរដ្ឋណាទៅជ្រៀតជ្រែក ចូលខ្លឹមសារនៃការផ្សាយទេ។ ហើយបើប្រទេសមួយចំនួន គេសុទ្ធតែត្រួតពិនិត្យខ្លឹមសារសិន ទាំងវិទ្យុ ទំាងទូរទស្សន៍ ទាំងកាសែត បាទ។ តែដោយឡែកកម្ពុជា អត់មានពិនិត្យខ្លឹមសារទេ ហើយតែក្នុងករណីណា ដែលមានការតវ៉ា ឬមួយខុសឆ្គង អាហ្នឹងគឺរដ្ឋតម្រូវឲ្យគ្រាន់តែកែតម្រូវតែប៉ុណ្ណោះ»។
របាយការណ៍ដដែលរបស់អង្គការលីកាដូស្តីពីការរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្ស បានបន្តឲ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ អ្នកដែលហ៊ានចេញតវ៉ាដើម្បីសិទិ្ធមនុស្សអាចប្រឈមមុខនឹងច្បាប់ដែលមានលក្ខណៈរឹតត្បិត បំភិតបំភ័យ ដោយប្រព័ន្ធច្បាប់ និងប៉ះពាល់លើការអនុវត្តសេរីភាពជាមូលដ្ឋាន ក្នុងគោលបំណងបង្កើតឲ្យមានបរិយាកាសភ័យខ្លាច និងស្ងប់ស្ងាត់ ដោយកាត់បន្ថយសំឡេងរិះគន់នានា។ ការប្រមូលផ្តុំដោយសន្តិវិធីមួយចំនួនត្រូវបានចាត់ទុកថា ជាបដិវត្តន៍ និងត្រូវបានហាមឃាត់ ហើយតែងតែត្រូវបានបង្ក្រាបដោយហិង្សា។
ការចេញរបាយការណ៍សង្ខេបរបស់អង្គការលីកាដូស្តីពីការរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្សនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការបានដោះលែងអ្នកការពារសិទ្ធិមនុស្សបួននាក់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់ម្នាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យពួកគេបាននៅក្រៅឃុំ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកបាន់សាក្សី។ អង្គការលីកាដូក៏បានរាប់បញ្ចូលករណីចាប់ឃុំខ្លួនអ្នកទាំងប្រាំនេះ និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ដូចជាអ្នកស្រីទេព វន្នីផងដែរ នៅក្នុងរបាយការណ៍របស់ខ្លួន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស បានការពារវិធានការចាប់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ដោយលើកឡើងថា អ្នកទាំងនោះបានធ្វើសកម្មភាពហួសពីការទទួលខុសត្រូវរបស់ខ្លួនទាក់ទិនបញ្ហាសិទ្ធិមនុស្ស។
«ខ្ញុំយល់ថា អាហ្នឹងកុំឲ្យគាត់មើលតែមួយជ្រុង។ មន្ត្រីសិទ្ធិមនុស្សមិនមែនល្អឥតខ្ចោះទេ។ ធ្វើការងារយើងគោរពអំពីលក្ខន្តិកៈ បទបញ្ជានីតិវិធីផ្ទៃក្នុងរបស់យើង។ ក៏ប៉ុន្តែបើយើងទៅធ្វើអ្វី វាប៉ះពាល់ទៅដល់សមត្ថកិច្ច ប៉ះពាល់ទៅដល់សណ្តាប់សាធារណៈ អាហ្នឹងម៉េចថា ត្រូវ? អាហ្នឹងវាអត់ត្រូវទេ! កុំអាងសិទ្ធិ ឬមួយកុំអាងផ្លាកសញ្ញាជាមន្ត្រីសិទ្ធិមនុស្ស ឬអង្គការស្អីផ្សេងៗនោះ»។
យ៉ាងណាក៏ដោយ លោកយឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល បានថ្លែងថា សកម្មភាពរឹតត្បិតសេរីភាពប្រជាពលរដ្ឋនានា ដែលធ្វើឡើងដោយអាជ្ញាធរនៅរាជធានីភ្នំពេញ បានធ្វើឲ្យគណបក្សកាន់អំណាចបាត់បង់ការគាំទ្រជាច្រើន នៅក្នុងរាជធានីភ្នំពេញ តាមការបោះឆ្នោតឃុំ-សង្កាត់ ដែលបានរៀបចំឡើងកាលពីថ្ងៃ៤ ខែមិថុនាកន្លងទៅ។ លោកថា អាជ្ញាធរបានខិតខំធ្វើការងារច្រើនដើម្បីបម្រើពលរដ្ឋ តែរឿងរ៉ាវដែលបានកើតឡើងនៅរាជធានីភ្នំពេញបានធ្វើឲ្យគណបក្សកាន់អំណាចខូចឈ្មោះ។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែលថ្លែងថា៖
«គណបក្សកាន់អំណាច គាត់ធ្លាក់សំឡេងឆ្នោតច្រើននៅទីក្រុងភ្នំពេញនេះ សរបញ្ជាក់ថាសកម្មភាពមួយចំនួន គាត់បានប្រព្រឹត្តអីចឹង ហើយធ្វើឲ្យប្រជាពលរដ្ឋគាត់មិនសប្បាយចិត្ត ហើយជាលទ្ធផលគាត់ធ្លាក់សំឡេងឆ្នោតច្រើននៅទីប្រជុំជន ជាពិសេសនៅទីក្រុងភ្នំពេញជាដើម»។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា មានអំពើហិង្សាមួយចំនួនបានគាំទ្រដោយអាជ្ញាធរ។ នគរបាល កងសន្តិសុខ និងទាហាន ជាញឹកញយ ត្រូវបានដាក់ពង្រាយដើម្បីរារាំងការប្រមូលផ្តុំដោយអហិង្សា និងបំបែកអ្នកតវ៉ា ហើយអាចភ្ជាប់ជាមួយនូវសកម្មភាពហិង្សា ដោយមិនរើសមុខ និងដាក់គោលដៅលើបុគ្គលជាក់លាក់ អាចធ្វើឲ្យរងរបួសទៅលើអ្នកការពារសិទិ្ធមនុស្ស សកម្មជន និងសហជីពមួយចំនួន។
របាយការណ៍បានសរសេរក្នុងន័យដើមថា៖
«កងសន្តិសុខបានចេញមុខម្តងហើយម្តងទៀត នៅពេលមានការប្រមូលផ្តុំបញ្ចេញមតិណាមួយជំទាស់នឹងអាជ្ញាធរ។ កងសន្តិសុខ ដែលប្រដាប់ដោយដំបង អាចត្រូវបានអាជ្ញាធរប្រើប្រាស់ដើម្បីបំបែកដោយហិង្សាលើការតវ៉ានានា ហើយច្រើនតែដាក់គោលដៅជាក់លាក់លើមេដឹកនាំសហជីព និងក្រុមពលរដ្ឋមូលដ្ឋាន។ ទោះជាកងសន្តិសុខប្រើសកម្មភាពហិង្សាមកលើអ្នកតវ៉ាអហិង្សាក៏ដោយ ក៏មិនទាន់មានកងសន្តិសុខណាម្នាក់ត្រូវបានគេចោទប្រកាន់នៅឡើយទេ។ មិនតែប៉ុណ្ណោះ កងសន្តិសុខទាំងនោះនៅតែអាចប្រព្រឹត្តអំពើហិង្សា ដោយគ្មានការផ្ដន្ទាទោសទៀតផង ទោះបីជាមាននគរបាលនៅក្បែរទីនោះក៏ដោយ»។
នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការលើកឡើងរបស់អង្គការលីកាដូ គ្រាន់តែជាការយល់ឃើញមួយជ្រុងប៉ុណ្ណោះ និងមិនបានឆ្លុះបញ្ចាំងស្ថានភាពទូទៅនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជាទេ។
«ប្រសិនបើអង្គការលីកាដូមិនសប្បាយចិត្ត ឬកើតទុក្ខមិនសុខចិត្តជាមួយនឹងអ្នកណាមួយ គួរតែដាក់ពាក្យបណ្តឹងទៅ ព្រោះនៅស្រុកយើងវាមានច្បាប់ មានទម្លាប់ មិនមែនចេះតែកត់សម្គាល់ៗ ហើយសិទ្ធិមនុស្សធ្លាក់ចុះ ប្រជាធិបតេយ្យធ្លាក់ចុះ ធ្លាក់ចុះៗហ្នឹង។ បើតាមតែការដែលធ្លាក់ចុះហ្នឹង ដែលតាមអង្គការហ្នឹងថា ប្រហែលជា បើមាននរក ប្រហែលទាំងអស់គ្នាស្ថិតក្នុងឋាននរកហើយមើលទៅ!»
អង្គការការពារសិទ្ធិមនុស្សលីកាដូបានលើកឡើងនូវអនុសាសន៍មួយចំនួនដោយបានផ្តល់ក្តី សង្ឃឹមថា រដ្ឋាភិបាល និងអាជ្ញាធរកម្ពុជានឹងដោះលែងអ្នកការពារសិទិ្ធមនុស្សទាំងអស់ដែលកំពុងជាប់ពន្ធនាគារ ដោយមិនមានលក្ខខណ្ឌ ក្នុងពេលឆាប់ៗខាងមុខនេះ។ ធ្វើការស៊ើបអង្កេតដោយឯករាជ្យ ហ្មត់ចត់ និងឆាប់រហ័សទៅលើការគំរាមកំហែង និងការរំលោភបំពានផ្សេងៗ លើអ្នកការពារសិទិ្ធមនុស្ស និងធ្វើការចោទប្រកាន់លើជនល្មើសទាំងអស់ ដោយត្រឹមត្រូវទៅតាមច្បាប់។ បពា្ឈប់ការបង្ក្រាបដោយមិនត្រឹមត្រូវមកលើប្រជាពលរដ្ឋដែលអនុវត្តសិទិ្ធសេរីភាពប្រមូលផ្តុំ និងបញ្ចេញមតិដោយអហិង្សា។ បពា្ឈប់ការប្រើប្រាស់កងកម្លាំងសន្តិសុខ ដើម្បីបង្ក្រាបលើការតវ៉ា និងបាតុកម្មអហិង្សានានា៕