កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកស៊ើបអង្កេតក្នុងក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក បានស្វែងរកដើមហេតុដែលធ្វើឲ្យអតីតយុទ្ធជនអាមេរិកម្នាក់បើករថយន្តដោតទង់របស់ក្រុម ISIS បុកចូលក្នុងហ្វូងមនុស្សដែលកំពុងចូលរួមអបអរឆ្នាំថ្មីដោយបានធ្វើឲ្យមនុស្ស ១៥ នាក់ស្លាប់និងរាប់សិបនាក់រងរបួស មុនពេលជននេះបានស្លាប់នៅក្នុងការបាញ់ប្រហារជាមួយប៉ូលិស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការស៊ើបអង្កេតបានផ្តោតលើថាតើជនសង្ស័យឈ្មោះ Shamsud-Din Jabbar អាយុ ៤២ ឆ្នាំដែលជាពលរដ្ឋអាមេរិកមកពីរដ្ឋ Texas ធ្លាប់ធ្វើជាទាហានអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននេះ បានជួយនៅក្នុងការរៀបចំផែនការវាយប្រហារដ៏ប្រល័យនេះឬក៏យ៉ាងណានោះ។
មន្ត្រីទីភ្នាក់ងារ FBI បាននិយាយថាពួកគេក៏បានស្វែងរកផងដែរក្រែងលករណីនេះមានជាប់ទាក់ទងជាមួយនឹងឧប្បត្តិហេតុដាច់ដោយឡែកមួយទៀតកាលពីថ្ងៃពុធដែលក្នុងនោះរថយន្ត Tesla Cybertruck មួយគ្រឿងបានផ្ទុះឆេះនៅខាងក្រៅសណ្ឋាគារ Trump International នៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada ដែលហេតុការណ៍នេះបានកើតឡើងក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ចូលកាន់តំណែងម្ដងទៀតនៅសេតវិមាននៅថ្ងៃទី ២០ ខែមករានេះ។
ប្រវត្តិសាធារណៈបានបង្ហាញថាជនឈ្មោះ Jabbar នេះបានធ្វើការក្នុងវិស័យអចលនទ្រព្យនៅក្រុង Houston រដ្ឋ Texas។ ក្នុងវីដេអូផ្សព្វផ្សាយមួយដែលបានចេញផ្សាយកាលពី ៤ ឆ្នាំមុន ជននេះបាននិយាយថាខ្លួនមានកំណើតនិងធំធាត់នៅក្រុង Beaumont ដែលមានចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រភាគខាងកើតក្រុង Houston។
ជននេះបានបម្រើក្នុងជួរកងទ័ពធម្មតារបស់អាមេរិកពីខែមីនា ឆ្នាំ ២០០៧ ដល់ខែមករា ឆ្នាំ ២០១៥ ហើយបន្ទាប់មកនៅក្នុងជួរកងទ័ពបម្រុងរបស់អាមេរិកពីខែមករា ឆ្នាំ ២០១៥ ដល់ខែកក្កដា ឆ្នាំ ២០២០។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យកងទ័ពអាមេរិក។ ជននេះត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្វហ្គានីស្ថានពីខែកុម្ភៈ ឆ្នាំ ២០០៩ ដល់ខែមករា ឆ្នាំ ២០១០ និងមានឋានន្តរសក្ដិជាពលបាលទោនៅពេលបញ្ចប់តួនាទីជាទាហាននេះ។
បណ្ដាញព័ត៌មាន CNN ដែលបានដកស្រង់សម្តីពីមន្ត្រីដែលថ្លែងពីការស៊ើបអង្កេតនេះ បានរាយការណ៍ថាជននេះបានថតវីដេអូមួយចំនួនដែលក្នុងនោះជននេះបាននិយាយអំពីក្ដីសុបិនក្នុងការចូលរួមជាមួយក្រុម ISIS និងធ្លាប់បានគិតថានឹងសម្លាប់ក្រុមគ្រួសាររបស់ខ្លួននៅក្រោយការលែងលះ៕