ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រតិកម្ម​ផ្សេង​គ្នា​​អំពី​ការ​ដោះលែង​មន្ត្រី​អាដហុក​និង​គ.ជ.ប.​


សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​​រៀបចំ​ពិធី​សូត្រមន្ត​រំដោះគ្រោះ​និងស្វាគមន៍​ដល់​មន្ត្រីសិទ្ធិ​មនុស្ស​ទាំង​៤រូប​គឺលោក នី សុខា លោក យី សុខសាន្ត លោកស្រី លឹម មុនី លោក ណៃ វ៉ង់ដា ដែល​ត្រូវបាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំកាលពីមួយថ្ងៃមុន​នេះ​​​ នៅរាជ​ធានី​ភ្នំពេញ​ នៅថ្ងៃទី​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំ​មនោ​/VOA)

ការ​ដោះលែង​អ្នក​ទាំងប្រាំ​​នេះ​បាន​ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ជំនួប​ផ្លូវការ​ដ៏​កម្រ​មួយ​រវាង​ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​សាទរ​ចំពោះ​ការ​ដោះ​លែង​មន្ត្រី​ការពារ​សិទិ្ធ​មនុស្ស​បួន​រូប​របស់​សមាគម​ការពារ​សិទិ្ធ​មនុស្ស​អាដហុក​ ​និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ ​ហើយ​ពួក​គេ​ក៏​ចង់​ឃើញ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​ប្រាំ​នេះ​ផង​ដែរ។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​ មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ ​លោក​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​ប្រាំបាន​ស្ថិត​នៅ​ក្រៅ​ឃុំ។​ ​លោក​ថា​ តុលាការ​គួរ​ពិចារណា​ម្តង​ទៀត​ទៅលើ​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​ប្រាំ​នោះ​តែ​ម្តង​ ដើម្បី​ឲ្យ​ពួកគេ​រួច​ពី​សំណាញ់​តុលាការ។​

«ទស្សនៈ​របស់​ខ្ញុំ​ វា​គួរ​ណាស់​តែ​មាន​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ទាំង​ស្រុង​តែ​ម្តង​ទៅ​ បាទ។​ កាល​ណា​ដាក់​នៅ​របៀប​ថា​ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ហ្នឹង​ យើង​មិន​ខុស​ពី​លែង​មនុស្ស​ពី​ទ្រុងតូច​មក​ដាក់​ក្នុង​ទ្រុង​ធំ​ ដែល​គ្នា​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ ​ដូច​ថា​ សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ ​ការ​រស់​នៅ​អីចឹង​ណ៎ា​បាទ។​ នេះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​គិត​ថា ពួក​គាត់​គួរ​តែ​បាន​ទទួល​នូវ​សេរីភាព​១០០​ភាគរយ​តែ​ម្តង»។​

អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​រូប​នេះ​លើក​ឡើង​ថា​ ប្រសិន​បើ​តុលាការ​នៅ​បន្ត​ឃុំ​អ្នក​ទាំង​ប្រាំ​នាក់​នេះ​យូរ​ទៅ​ទៀត​ នោះ​អ្នក​ខាត​បង់​ផល​ប្រយោជន៍​ខ្លាំង​ជាង​គេ​គឺ​គណបក្សប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍ប្រាប់​ ​VOA​ ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ដោះលែង​អ្នក​ទាំង​ប្រាំ​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ ក៏​ជា​សញ្ញា​វិជ្ជមាន​ដល់​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​ ដែល​នឹង​រៀបចំការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ ​លោក​ក៏​បានលើក​ឡើង​ផង​ដែរ​ថា តុលាការ​គួរតែ​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំង​ប្រាំ​នេះ​តែ​ម្តង​ ព្រោះ​ពួក​គេ​មិន​ធ្វើខុស​ដូច​អ្វី​ដែល​តុលាការ​បានចោទ​នោះ​ឡើយ។​

«បន្ត​ទៀត​ហ្នឹង​ ក្រៅពី​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នេះ​ ខ្ញុំ​ថា​ ការ​ទម្លាក់​នូវ​បទចោទ​ ដើម្បី​ផ្តល់​នូវ​យុត្តិធម៌​ដល់​ពួក​គាត់​ទាំង​ប្រាំរូប​នេះ​ ខ្ញុំ​គិត​ថា​ ជា​អ្វីមួយ​ដែល​មហាជន​ចង់​បាន​ ក៏ដូច​ជា​សាមី​ខ្លួន​គេ​ដែរ»។​

​តុលាការ​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ការ​សម្រេច​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ក្នុង​ការ​ដោះលែង​អ្នក​ទាំង​ប្រាំ​នេះ​ ​ឱ្យ​នៅ​ក្រៅឃុំ​ ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បន្ទាប់​ពី​ពួកគេត្រូវ​បាន​ដាក់​ក្នុងពន្ធនាគារ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួន​នាក់​មក​ពី​សមាគម​អាដហុក​ ​រួមមាន​លោកស្រី​លឹម មុន្នី ​លោក​ នី សុខា​ ​លោក​ណៃ វ៉ង់ដា​ ​និង​លោក​យី សុខសាន្ត​ ហើយនឹងលោក​ នី ចរិយា​ ​អគ្គលេខាធិការ​រង​នៃ​ ​គ.ជ.ប.​ត្រូវ​បាន​សមាជិក​ក្រុម​គ្រួសារ​ ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ដូច​គ្នា​ទទួល​ស្វាគមន៍​នៅ​ក្រៅ​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ​នា​យប់​ថ្ងៃ​ដដែល។​

ការ​ដោះលែង​អ្នក​ទាំងប្រាំនេះ​បាន​ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ជំនួប​ផ្លូវការ​ដ៏​កម្រ​មួយ​រវាង​ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

ការ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ភ្លាមៗ​នោះ​ត្រូវ​បាន​ស្វាគមន៍ដោយសហគមន៍​អន្តរជាតិ​ និង​អង្គ​ទូត​នានា​នៅ​រាជធានីភ្នំពេញ​ផង​ដែរ។​

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដោយ​សរសេរ​ថា៖

«ស្វាគមន៍​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នៃ​មន្ត្រី​បច្ចុប្បន្ន​ និង​អតីត​មន្ត្រី​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា​ អាដហុក។​ ​ការ​សម្រេច​ចិត្ត​តាម​ផ្លូវ​ច្បាប់​នេះ​នឹង​កាត់​បន្ថយ​បន្ទុក​ដែល​មាន​ទៅលើ​ចុង​ចោទ​ និង​គ្រួសារ​របស់​គេ​ ​ក្នុង​ពេល​ដែល​គេ​ប្រឈម​ដោះស្រាយ​ចំពោះ​បណ្តឹង​ចោទ​ប្រកាន់​ចំពោះ​រូប​គេ»។​

ស្រប​គ្នា​នោះ​ដែរ​ ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (APHR) ក៏​បាន​ស្វាគមន៍​ការ​ដោះ​លែង​អ្នក​ទាំងប្រាំ​នេះ​ និង​បាន​ថ្លែង​អំណរគុណ​ដល់​សហគមន៍​អន្តរជាតិ​នានា​ ដែល​បាន​គិតគូរ​អំពី​ការ​ឃុំ​ឃាំង​អ្នក​ទាំង​ប្រាំ​រហូត​ដល់​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ដោះលែង។​

ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ​ នា​ថ្ងៃ​សុក្រ​នេះ​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ និង​លោកនី ចរិយា​ មន្ត្រី​គ.ជ.ប.​ដែល​ជា​អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​នេះផង​ដែរ។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ថ្ងៃ​ទី​ ៣០​ ខែ​មិថុនា​នេះ​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹម​ថា​ ការ​ដោះលែង​នេះ​ជា​ជំហាន​មួយ​ដើម្បី​ឈាន​ទៅ​រក​ស្ថាន​ភាព​នយោបាយ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។​

រី​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​គឺ​លោក​ សុខ ឥសាន ​បាន​លើក​ឡើង​ថា​ មិន​មាន​សម្ពាធនយោបាយ​ពី​ខាង​ក្រៅ​ និង​ក្នុង​ប្រទេស​ ឬ​ក៏​ការ​ចរចា​ខាង​នយោបាយ​ណា​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំងប្រាំ​នាក់​នេះ​ទេ។​ លោក​ថ្លែង​ថា​ តុលាការ​បាន​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ដោះលែង​អ្នក​ទាំង​ប្រាំ។ ​លោក​ សុខ ឥសាន ​ក៏​បាន​សម្តែង​ក្តី​សោកស្តាយ​ផង​ដែរ​ ទាក់​ទិន​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​ប្រាំ​ក្នុង​រយៈពេល​ដ៏​យូរ​នេះ។​

«ខ្ញុំ​យល់​ថា​ ហ្នឹង​វា​ជា​សិទ្ធិ​សម្រេច​របស់​តុលាការ ​ក្រោយពី​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ចប់​សព្វ​គ្រប់​ហើយ​បាទ!​ ​ហើយ​បញ្ហា​នេះ​ ខ្ញុំ​យល់​ថា​ គួរ​ឲ្យ​សោក​ស្តាយ​ដែរ​ មិន​គួរ​ឲ្យ​យូរ»។​

អ្នក​ទាំងប្រាំ​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈ​ពេល​ប្រមាណ១​ឆ្នាំ​ ​២​ខែ ​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី ​តាម​មាត្រា​២៩​ និង​មាត្រា​៥៤៨​នៃ​ក្រម​ព្រហ្មទណ្ឌ​ ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ​គួរ​ឲ្យ​មន្ទិល​របស់​លោក​ កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក​របស់ ​VOA ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ទីស្នាក់​ការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ​ លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ប្រាប់​ VOA ថា៖​

«ខ្ញុំ​សុំ​សម្តែង​អារម្មណ៍​ត្រេកអរ​ហើយ​នឹង​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​អ្នក​ទាំង​ប្រាំ​នាក់ឲ្យ​មាន​សេរីភាព​ឡើង​វិញ។​ នេះ​ជា​អ្វី​ដែល​យើង​រំពឹង​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ក្នុង​ការ​ដោះលែង​អ្នក​ទាំង​អស់​នេះ​ ​ ហើយ​យើង​ឃើញ​ហើយ​ ដូច​រឿង​គាត់​ហ្នឹង​ យើង​ឃើញ​ថា​ គេ​មាន​ការ​ធ្វើ​យុទ្ធនាការ​ច្រើន​ណាស់​សំណូមពរ​ឲ្យ​មាន​ការ​ដោះ​លែងអ្នកទាំង​ប្រាំ​នាក់​ហ្នឹង។ ​ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​យើង​នៅតែ​សោក​ស្តាយ​ នៅ​ឡើយ​ដោយ​សារ​ថា​ ទោះ​បី​ជា​លោក​មាន​សេរីភាពក៏​ដោយ​ ក៏​នេះ​ជា​ការ​ដោះលែង​បណ្តោះ​អាសន្ន​នៅ​ក្រៅ​ឃុំ»។​

លោក​ ណៃ វ៉ង់ដា​ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ការពារ​សិទិ្ធ​មនុស្ស​របស់​សមាគម​អាដហុក​ដែល​ទើប​តែ​ត្រូវ​បាន​ដោះលែង បាន​ប្រាប់​ VOA ​តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ VOA ​នៅ​ទី​ស្នាក់​ការ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកថា​ លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ដោះ​លែង​លោក​ និង​សហការី​របស់​លោក​ដែល​មិន​នឹក​ស្មាន​ដល់។​

«ជា​រួម​ ខ្ញុំ​អត់​មាន​បាន​ដឹង​ ឬ​ក៏​មាន​សញ្ញា​អី​នៃ​ការ​ដោះលែង​ហ្នឹង​ទាល់​តែ​សោះ។ ​នៅ​ពេល​ដែល​គេ​ហៅ​ឲ្យ​ស្លៀក​ពាក់​ ហើយ​មាន​ការ​ដោះលែង​អិចឹង​ គឺ​ខ្ញុំ​ ដំបូង​គឺ​ខ្ញុំ​អត់​ជឿ​ទាល់​តែ​សោះ។​ ខ្ញុំ​មិន​ជឿ។​ ​ វា​មាន​ហេតុផល​ច្រើន​ដែល​ខ្ញុំ​មិន​ចង់​រៀបរាប់​ពេល​ហ្នឹង​ តែ​ខ្ញុំ​មិន​ជឿ​ថា​ មាន​ការ​ដោះ​លែង។​ ប៉ុន្តែ​ការ​ដោះលែង​នេះ​កើត​ឡើង​ដោយ​ពិតប្រាកដ​ ហើយ​ហាក់​ដូច​ជា​យល់​សប្តិ​សម្រាប់​រូប​ខ្ញុំ​ ហើយ​និង​ក្រុម​គ្រួសារ​ ហើយ​ដូច​ខ្ញុំ​បាន​ជម្រាប​អីចឹងថា​ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ទាំង​អស់​គ្នា ​អ្នក​សារ​ព័ត៌មាន ​សហគមន៍​អង្គការ​សង្គម​ស៊ីវិល​ ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ សហគមន៍​ ហើយ​ក៏​សុំ​អរគុណ​ដល់​អ្នក​ដែល​ជាប់​ពន្ធនាគារ​ហ្នឹង​ ដូច​គ្នា​ជាពិសេស​ក្នុង​បន្ទប់​ដែល​ខ្ញុំ​រស់​នៅ​ បន្ទប់​ A 33 ​ហ្នឹង ​គឺ​គាត់​បាន​មើល​ថែ​ខ្ញុំ​ ជួយ​លើក​ទឹកចិត្ត​ ​ជួយ​ខ្ញុំ​ក្នុង​ការ​រក្សា​សុខ​ភាព​អី​សព្វ​បែប​យ៉ាង»។​

ដោយ​ឡែក​នៅ​ឯ​ទីស្នាក់​ការ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ ​មាន​ការ​ប្រារព្ធ​ពិធី​សូត្រ​មន្ត​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ជា​បន្តបន្ទាប់​ ​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បួន​រូប​របស់​សមាគម​នេះ​ ដើម្បី​សាទរ​ចំពោះ​ការ​ដោះលែងបណ្តោះ​អាសន្នពី​ការ​ឃុំ​ឃាំងឱ្យ​មាន​សេរីភាព​នេះ៕

XS
SM
MD
LG