ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​​ថ្កោលទោស​រដ្ឋាភិបាល​ ដែល​បដិសេធ​ការ​ព្យាបាល​​សុខភាព​​អ្នកការពារ​សិទ្ធិមនុស្ស


រូបឯកសារ៖ លោក នី សុខា (ឆ្វេង) និង​លោក ណៃ វង់ដា (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក នី សុខា (ឆ្វេង) និង​លោក ណៃ វង់ដា (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

អ្នកការពារ​សិទ្ធិ​មនុស្ស​ចំនួន​ ៣នាក់​គឺ​ លោក​នី សុខា លោកណៃ វ៉ង់ដា និង​លោកយី សុខសាន្ត​មាន​បញ្ហា​សុខភាព​ធ្លាក់​ដុនដាប​ ដោយសារ​តែ​ការរឹតបន្តឹង​មិនឱ្យ​ទទួលសេវាព្យាបាលសុខភាព​ និង​សួរ​សុខទុក្ខ​ចាប់​តាំង​ពី​ខែ​មេសា​មក។

ក្រុមអង្គការ​សង្គមស៊ីវិល​បាន​ថ្កោលទោស​អាជ្ញាធរកម្ពុជា ​ដែល​បាន​បដិសេធ​ជាបន្តបន្ទាប់​ក្នុង​ពេល​កន្លងមក​ មិន​ឱ្យ​សកម្មជន​សិទ្ធិ​មនុស្ស​ បាន​ទទួលសេវាព្យាបាលជំងឺ​ បើ​ទោះបីជា​សុខភាព​របស់​ពួកគេ​ធ្លាក់​ដុនដាប​ហើយ​ក៏​ដោយ។

ក្រុមអង្គការ​ក្រៅរដ្ឋាភិបាល​ និង​សហគមន៍​ជនរងគ្រោះដោយសារការរំលោភដីធ្លី​ចំនួន​៣៣ បាន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ កាលពីថ្ងៃ​ពុធ ​ដោយ​ចាត់​ទុក​ថា ការ​បដិសេធនេះ​មាន​លក្ខណៈ​«រើសអើង‍» ​និង​«តាមទំនើង​ចិត្ត‍» ដោយសារតែ​អ្នកជាប់​ឃុំ​ទាំងនោះ​ធ្វើការ​ងារជាអ្នកការពារសិទ្ធិ​មនុស្ស។

អ្នកការពារ​សិទ្ធិ​មនុស្ស​ចំនួន​ ៣នាក់​គឺ​ លោក​នី សុខា លោកណៃ វ៉ង់ដា និង​លោកយី សុខសាន្ត​មាន​បញ្ហា​សុខភាព​ធ្លាក់​ដុនដាប​ ដោយសារ​តែ​ការរឹតបន្តឹង​មិនឱ្យ​ទទួលសេវាព្យាបាលសុខភាព​ និង​សួរ​សុខទុក្ខ​ចាប់​តាំង​ពី​ខែ​មេសា​មក។ ទើប​តែ​ពេល​ថ្មីៗនេះ ​ដែល​ពួកគេ​ទទួល​បាន​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​របស់​អង្គការ​លីកាដូ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់។

សកម្មជន​សិទ្ធិ​មនុស្ស​ទាំងបីនាក់ដែល​មកពីអង្គការ​អាដហុករួមទាំងសហការី​ម្នាក់ទៀតគឺ​អ្នកស្រី​លឹម មុន្នីនិង​លោក​នី ចរិយា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​បាន​ជាប់ឃុំឃាំង​ជាង​មួយឆ្នាំ​មកហើយ​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​សូកប៉ាន់​សាក្សី​និង​សម​គំនិត​សូកប៉ាន់​សាក្សីក្នុង​រឿង​អាស្រូវ​ស្នេហាអ្នកនយោបាយ​គណបក្ស​ប្រឆាំង។

នៅ​ថ្ងៃ​ពុធ​នោះ​ដែរ ​តុលាការ​កំពូល​បាន​គ្រោង​ប្រកាស​សាល​ដីកា​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់មន្រ្តី​ទាំង​នោះ​ ប៉ុន្តែ​បាន​លើកពេល​ដោយ​មិនកំណត់។

លោកស្រី​ ណាលី ភីឡុក​ នាយិការង​ផ្នែក​តស៊ូមតិ​របស់​អង្គការ​លីកាដូ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «យ៉ាងហោចណាស់​អាជ្ញាធរកម្ពុជា​គួរតែពិចារណា​ពីបញ្ហា​សុខភាព​របស់​ពួកគេ​ដែល​កំពុង​តែ​ធ្លាក់​ចុះ​ខ្សោយ​ជាខ្លាំង ​និង​បញ្ឈប់​ការឃុំខ្លួន​បណ្តោះអាសន្ន​ អូសបន្លាយ​ពេល​យូរ​ ដែល​គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់​តាម​រយៈ​ការ​ប្តឹងជំទាស់​នឹង​ការ​បដិសេធ​សំណើ​សុំ​នៅក្រៅឃុំ‍»៕

XS
SM
MD
LG