សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចទាត់ចោលបណ្តឹងជំទាស់របស់មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ១១នាក់ ដែលប្តឹងទាស់ទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យពួកគេជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំ និងបណ្តឹងសុំមោឃភាពនីតិវិធីសវនាការសាលាដំបូង។ ប្រធានអង្គជំនុំជម្រះលើកឡើងក្នុងការសម្រេចនេះថា បណ្តឹងរបស់ពួកគេមិនត្រឹមត្រូវតាមច្បាប់កម្ពុជា។
សកម្មជន និងមន្ត្រីគណបក្សជំទាស់ទាំង១១នាក់បានប្តឹងឧទ្ធរណ៍ចំនួនពីរបណ្តឹង គឺបណ្តឹងមោឃភាពនីតិវិធីសវនាការសាលាដំបូងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ និងបណ្តឹងមោឃភាពសាលក្រមដែលសាលាដំបូងចេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងអំពើហិង្សាក្បែរទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤។
ក្នុងការឡើងថ្លែង និងសួរដេញដោលរវាងតំណាងអយ្យការសាលាឧទ្ធរណ៍ និងក្រុមមេធាវីការពារក្តីឲ្យសកម្មជនទាំង១១នាក់ ព្រមទាំងមេធាវីរបស់ក្រុមសន្តិសុខខណ្ឌ ដែលជាដើមបណ្តឹងក្នុងសំណុំរឿងនោះបានធ្វើឡើងរហូតដល់ទៅជាង៥ម៉ោង។
ក្រុមមេធាវីរបស់សកម្មជនទាំង១១នាក់នោះលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៥ បានបើកការជំនុំជម្រះជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដោយមិនបានទុកពេលគ្រប់គ្រាន់ឲ្យមេធាវីរបស់ជនជាប់ចោទត្រៀមខ្លួនដើម្បីការពារ ហើយបានបើកការជំនុំជម្រះដោយលើកយកតែភស្តុតាងដាក់បន្ទុកកូនក្តីរបស់ពួកគេ ដោយមិនលើកយកភស្តុតាងពីខាងដើមចោទ និងខាងចុងចោទឲ្យបានស្មើគ្នា។ ពួកគេបន្តថា សាលាដំបូងបានជំនុំជម្រះ និងប្រកាសសាលក្រមកាត់ទោសកូនក្តីរបស់ពួកគេឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេលពី៧ទៅ២០ឆ្នាំ ដោយគ្មានមេធាវីចូលរួម ដែលពួកគេលើកឡើងថា ខុសពីនីតិវិធីព្រហ្មទណ្ឌ។
ក្រុមមេធាវីការពារសកម្មជនទាំង១១នាក់នោះក៏បានស្នើឲ្យតុលាការសម្រេចមោឃភាពនីតិវិធីសវនាការសាលាដំបូង ដោយស្នើឲ្យបដិសេធសាលក្រមសាលាដំបូង និងស្នើឲ្យដោះលែងកូនក្តីរបស់ពួកគេភ្លាមៗ។
ចំណែកក្រុមមេធាវីការពារក្តីឲ្យក្រុមសន្តិសុខខណ្ឌនិងលោក អ៊ឹម សុផាន ដែលជាព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានលើកឡើងក្នុងសវនាការនោះថា អវត្តមានរបស់ក្រុមមេធាវីការពារជនជាប់ចោទនាពេលនោះគឺជាការទទួលខុសត្រូវរបស់មេធាវីដែលមិនបានចូលរួម និងថា ចំណុចនេះមិនអាចលើកយកមកធ្វើជាមូលហេតុស្នើសុំមោឃភាពសាលក្រមសាលាដំបូងបានទេ។
បន្ទាប់ពីសវនាការអស់រយៈពេលជាង៥ម៉ោងដែលមានការដេញដោល និងការសន្និដ្ឋានរបស់តំណាងអយ្យការ ក្រុមមេធាវីទាំងសងខាង និងជនជាប់ចោទទាំង១១នាក់មកនោះ ក្រុមប្រឹក្សាអង្គជំនុំជម្រះបានសម្រាករយៈពេល១៥នាទីដើម្បីពិភាក្សាគ្នា។ ក្រោយចេញពីការពិភាក្សានោះ លោកប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសច្រានចោលបណ្តឹងរបស់សកម្មជនទាំង១១នាក់នោះ និងបានបញ្ជាឲ្យបញ្ជូនពួកគេទៅពន្ធនាគារព្រៃសវិញ។
ក្រោយចេញពីសាលសវនាការ លោកជូង ជូងី មេធាវីម្នាក់ក្នុងចំណោមមេធាវី៦នាក់ដែលការពារក្តីឲ្យសកម្មជនគណបក្សប្រឆាំងទាំងនោះ បានប្រាប់ VOA ថា ការសម្រេចមិនលើកយកបណ្តឹងកូនក្តីរបស់លោកមកពិចារណាគឺជារឿងមិនត្រឹមត្រូវ និងជាការរំលោភសិទ្ធិកូនក្តីរបស់លោកធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា៖
«សវនាការ២១ កក្កដា ២០១៥ហ្នឹងគឺអត់មានមេធាវីការពារជនត្រូវចោទក្នុងរឿងឧក្រិដ្ឋ។ ហើយមេធាវីសហភាតារបស់ខ្ញុំក៏បានដាក់ពាក្យបណ្តឹងប្តឹងមោឃភាពសាលក្រមដែលចេញថ្ងៃ២១ កក្កដា២០១៥ផងដែរ ដោយសំអាងថា សាលក្រមចេញថ្ងៃទី២១ កក្កដា ២០១៥ហ្នឹងជាសាលក្រមដែលចេញក្នុងសវនាការដែលអត់មានមេធាវីការពារក្តីក្នុងរឿងឧក្រិដ្ឋ។ ប៉ុន្តែអ្វីដែលខ្ញុំស្តាយគឺសាលាឧទ្ធរណ៍បានប្រកាសថា ពាក្យបណ្តឹងរបស់មេធាវីយើងខ្ញុំទាំងពីរក្រុមហ្នឹងមិនអាចទទួលយកបាន គឺគាត់អត់យកទៅពិចារណាតាមផ្លូវច្បាប់ទេ»។
លោក ជូង ជូងី បន្ថែមថា លោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោកដើម្បីប្តឹងទៅតុលាការកំពូលជាបន្ត។
សកម្មជនគណបក្សប្រឆាំង១១នាក់ រួមមានលោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ លោក ឃិន ជំរឿន ត្រូវបានចោទប្រកាន់ និងកាត់ទោសពីបទដឹកនាំកុប្បកម្ម និងបទចូលរួមកុប្បកម្ម ចំណែកលោកសាន គឹមហេង លោកនាង សុឃុន លោកសាន សីហៈ លោក កែ ឃីម លោក ស៊ុំ ពុទ្ធី លោក អ៊ុក ពេជ្រសំណាង លោក ទេព ណារិន និងលោក អាន បឋម ជាប់ចោទពីបទចូលរួមកុប្បកម្ម។
លោក មាជ សុវណ្ណារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្មទាក់ទងនឹងការប្រើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ ដែលបណ្ដាលឲ្យកងសន្តិសុខខណ្ឌ និងអ្នកតវ៉ាជិត៤០នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករគាំទ្របក្សសង្គ្រោះជាតិ។ ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៧នាក់ទៀតត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចាប់ពី៥ឆ្នាំដល់៧ឆ្នាំ ពីបទចូលរួមធ្វើកុប្បកម្ម ពាក់ព័ន្ធនឹងអំពើហិង្សាដូចគ្នា។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA នាល្ងាចថ្ងៃសុក្រនេះថា ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍សម្រេចមិនពិចារណាបណ្តឹងរបស់ជនជាប់ចោទដែលជាសកម្មជនគណបក្សប្រឆាំងទាំង១១នាក់គឺដោយសារបណ្តឹងរបស់ពួកគេធ្វើឡើងមិនស្របតាមនីតិវិធី។
លោកមានប្រសាសន៍ថា៖
«ជនជាប់ចោទគាត់បានធ្វើបណ្តឹងឧទ្ធរណ៍ដាច់ដោយឡែកពីគ្នា បានន័យថាបណ្តឹងឧទ្ធរណ៍ទៅលើអង្គសេចក្តី ដូច្នេះការដែលធ្វើបណ្តឹងឧទ្ធរណ៍ដាច់ដោយឡែកពីគ្នានេះ វាខុសពីទម្រង់នៃច្បាប់ ដោយផ្អែកទៅលើមាត្រា៤០៤ និងមាត្រា៤០៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដូច្នេះបើជនជាប់ចោទគាត់ធ្វើបណ្តឹងឧទ្ធរណ៍ទៅនឹងអង្គសេចក្តី និងបណ្តឹងឧទ្ធរណ៍អំពីកិច្ចមោឃភាពនៃនីតិវិធី និងសាលក្រម គឺគាត់ត្រូវធ្វើរួមគ្នា ទើបសាលាឧទ្ធរណ៍អាចយកមកជំនុំជម្រះបាន»។
លោក ទូច ថារិទ្ធ បន្ថែមថា មេធាវីការពារចុងចោទ និងជនជាប់ចោទអាចរៀបចំបណ្តឹងប្តឹងមកឧទ្ធរណ៍ម្តងទៀត ដើម្បីទទួលយកការជំនុំជម្រះឡើងវិញ។
ដោយឡែក គេសង្កេតឃើញថា សវនាការសាលាឧទ្ធរណ៍នាព្រឹកនេះមានការរឹតបន្តឹងសម្រាប់អ្នកសារព័ត៌មាន និងក្រុមគ្រួសារជនជាប់ចោទទាំង១១នាក់ ដែលចង់ចូលស្តាប់សវនាការ ដោយមានការហាមឃាត់ពីមន្រ្តីតុលាការជាច្រើនដំណាក់កាល រហូតដល់មានការអនុញ្ញាតពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលការហាមឃាត់នេះធ្វើឡើងខុសពីច្បាប់ដែលចែងអំពីការចូលរួមស្តាប់សវនាការជាសាធារណៈ៕