ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិទ្ធិមនុស្ស៖​ រដ្ឋ​នៅតែ​​មិន​មាន​ការ​អត់​ឱន​ក្នុង​ការវាយ​ប្រហារ​​ការ​និយាយ​រិះគន់


រូបឯកសារ៖ លោកស្រី លឹម មុន្នី (ឆ្វេង) លោក ណៃ វង់ដា លោក នី សុខា និង​លោក យី សុខសាន្ត ចូលរួម​សន្និសីទ​កាសែត​នៅ​ការិយាល័យ​អង្គការ​អាដហុក ក្រោយ​ពី​ត្រូវបាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថត​ដោយ​អង្គការ​អាដហុក)

សកម្មភាព​វាយប្រហារ​លើ​​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ការ​និយាយ​រិះគន់​រដ្ឋាភិបាល​ បាន​បន្ត​កើត​មាន​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ។

សកម្មភាព​វាយ​ប្រហារ​លើអ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ការ​និយាយ​រិះគន់​រដ្ឋាភិបាល​ បាន​បន្ត​កើត​មាន​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​ដែល​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅ​មុខ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សម្ព័ន្ធខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ អង្គការ​លីកាដូ ​ដែល​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​សង្ខេប​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​ស្តីពី​ «ហានិភ័យ​នៃ​សំឡេង​រិះគន់៖​ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស»។​

អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ បុគ្គល​ឯក​រាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដទៃ​ទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយ​ស្រួយ​នៅ​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ដែល​ចេញ​ស្រប​គ្នា​នឹង​របាយ​ការណ៍​សង្ខេប​ស្តីពី​ការ​រំលោភ​បំពាន​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្សនា​ថ្ងៃ​ចន្ទ​នេះ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៦​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ទទួល​រង​នូវ​បទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំង​នោះ។ ​អ្នក​វិភាគ​នយោបាយ​គឺ​ លោក​បណ្ឌិត​ កែម ឡី​ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ​ ហើយ​ក្រោយ​មក​ ទោះ​ជា​ជន​សង្ស័យ​ចម្បងត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ បន្ទាប់​ពីបើក​សវនាការ​អស់​រយៈ​ពេល​បួន​ម៉ោង​ក៏ដោយ​ ក៏​រហូត​មក​ដល់​សព្វ​ថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរឲ្យ​ជឿទុកចិត្តណា​មួយត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះ​នៅ​ឡើយ​ទេ»។​

ក្នុង​របាយ​ការណ៍​សង្ខេប​ចុង​ក្រោយ​របស់​អង្គការ​លីកាដូ​ស្តីពី​«ហានិភ័យ​នៃ​សំឡេង​រិះគន់៖​ ការ​រំលោភ​បំពាន​ទៅលើ​អ្នក​ការពារ​សិទ្ធិមនុស្ស» បាន​លើក​ឡើង​នូវ​ការ​បភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​កម្ពុជា​សព្វ​ថ្ងៃ។​

របាយ​ការណ៍​សង្ខេប​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ វិធីសាស្ត្រដដែលៗ​ក្នុងការ​រឹតត្បិត​សំឡេង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ត្រូវ​បាន​ប្រើប្រាស់​ ក្នុង​នោះ​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លម្អៀង ការប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ ហើយការ​បង្រ្កាប​លើ​ការ​តវ៉ា​ហិង្សា​នានា​ត្រូវ​បាន​បន្ថែម​ទម្ងន់​តាម​រយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយចំ​នួន​ ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​នឹង​ការត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាម​រយៈ​ប្រព័ន្ធ​អ៊ិន​ធឺណេត​ជាដើម។​

ការ​ចេញ​របាយ​ការណ៍​សង្ខេប​របស់​អង្គការ​លីកាដូ​ស្តីពី​ការ​រំលោភ​បំពាន​ទៅលើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ​ធ្វើ​ឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយពី​តុលាការ​បានដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​ឲ្យ​ស្ថិត​នៅក្រៅ​ឃុំក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូក​បាន់​សាក្សី៕

XS
SM
MD
LG